ថ្ងៃព្រហស្បតិ៍-អាទិត្យទី០៥-រដូវបុណ្យចម្លង


ថ្ងៃព្រហស្បតិ៍ អាទិត្យទី០៥
រដូវបុណ្យចម្លង
ពណ៌ស

ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាការុណាយ៉ាងលើសលប់! ព្រះអង្គ​សង្គ្រោះ​អស់អ្នក​ដែល​ផ្ញើ​ជី​វិតទៅលើព្រះហឫទ័យប្រណីសណ្តោសរបស់ព្រះអង្គ ព្រះអង្គក៏បើកសិរីភាពដ៏ពិតប្រាកដឱ្យអ្នកជឿដែរ។ សូម​ទ្រង់​ព្រះមេត្តាប្រោសប្រទានឱ្យព្រះសហគមន៍គោរព និងការពារសេរីភាពនេះ ព្រមទាំងណែ​នាំមនុស្ស​គ្រប់​ជាតិ​សាសន៍ឱ្យចូលរួមគ្នាជាមហាគ្រួសារតែមួយផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៥,៧-២១

ពេលនោះ ដោយមានសាសន៍ដទៃជាច្រើននាំគ្នាប្រែចិត្តគំនិតជឿព្រះយេស៊ូ មានការជជែក​វែក​ញែក​គ្នា​យ៉ា​ង​ខ្លាំងកើតឡើងក្នុងព្រះ​សហ​គមន៍ ទើបលោកសិលាក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ! បង​ប្អូន​​ជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់ជ្រើសរើសខ្ញុំក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បី​ឱ្យ​ខ្ញុំ​នាំ​ដំ​ណឹ​ងល្អ​ដល់សាសន៍ដទៃ ឱ្យគេបានឮ និងបានជឿដែរ។ ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស ទ្រង់បាន​បញ្ជាក់​ថា ​ព្រះអង្គយល់ព្រមទទួលពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។ ព្រះ​អង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសម្អាតចិត្តគេឱ្យបានបរិសុទ្ធដោយជំនឿ។ ឥឡូវនេះ ហេតុ​ដូច​ម្តេចបានជាបងប្អូនជំទាស់នឹងព្រះជាម្ចាស់ដូច្នេះ? នឹមដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់មិន​អាច​ទ្រាំ​ទ្រ​បាន​ផងនោះ ម្តេចក៏បងប្អូនចង់យកទៅដាក់លើក្រុមសាវ័កដូច្នេះ?។ ទេ! មិនបានទេ! ដ្បិតយើងជឿថា ទាំងសាសន៍យើង ទាំងសាសន៍គេបាន​ទទួល​ការ​សង្គ្រោះ ដោយព្រះអម្ចាស់យេស៊ូមានព្រះហឫទ័យប្រណីសន្តោសប៉ុណ្ណោះ»។ ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្តាប់លោកប៉ូល និងលោកបារណាបាសមានប្រសាសន៍​រៀប​រាប់​​​​អំពីទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ដែលព្រះជាម្ចាស់បានសម្តែងនៅ​កណ្តាល​ចំណោម​សាសន៍​ដទៃ​ដោ​យ​សារលោក។ លុះលោកទាំងពីរមានប្រសាសន៍ចប់ ហើយ លោកយ៉ាកុបក៏មានប្រសាសន៍ឡើងថា៖ «បងប្អូនអើយ! សូម​ស្តាប់ខ្ញុំសិន! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើស​ប្រជាជន​មួយ​ពីចំណោម​ជាតិសាសន៍នានាឱ្យធ្វើជាប្រជារាស្រ្តរបស់ព្រះអង្គផ្ទាល់។ រីឯព្រះបន្ទូលដែល​អស់លោក​ព្យាការី​បាន​ថ្លែង ក៏ស្របនឹងសេចក្តីនេះដែរ ដូចមានចែងទុកមកថា “ក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹង​លើក​ពន្លា​របស់ដាវីឌដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទីឱ្យមានជំហរឡើងវិញ ពេល​នោះ មនុស្សម្នាដែលនៅសេសសល់នឹងស្វែងរកព្រះអម្ចាស់ ហើយជាតិសាសន៍នានាដែលជាប្រជារាស្រ្តរបស់យើង ក៏នឹង​ស្វែង​រកយើងដែរ”។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលសម្តែងការទាំងនេះឱ្យមនុស្សលោកស្គាល់ តាំង​ពីយូរ​អង្វែងរៀងមក។ ហេតុនេះហើយ បានជាខ្ញុំយល់ឃើញថា មិនគួរធ្វើឱ្យមានឧបសគ្គដល់សាសន៍ដទៃដែលបាន​បែរ​ចិត្ត​វិល​មករកព្រះជាម្ចាស់វិញនោះឡើយ។ ប៉ុន្តែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឱ្យបរិភោគ​ម្ហូបអាហារ​ដែល​បាន​សែន​ព្រះក្លែងក្លាយជាដាច់ខាត កុំឱ្យរួមរស់ជាមួយគ្នាដោយមិនបានរៀបការ កុំឱ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយ​ច្របាច់ក និងកុំឱ្យបរិភោគឈាម ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗ គេតែង​ប្រកាស​ធម្ម​វិន័យ​របស់លោកម៉ូសេ ដោយអានគម្ពីររបស់លោកជារៀងរាល់ថ្ងៃសប្ប័ទនៅក្នុងធម្មសាលា»។

ទំនុកតម្កើងលេខ ៩៦ (៩៥), ១-៣.១០ បទព្រហ្មគីតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភពច្រៀងកុំឈប់ថ្វាយព្រះអង្គ
ចូរច្រៀងថ្វាយព្រះម្ចាស់តម្កើងព្រះនាមត្រចង់
តម្កើងរាល់ថ្ងៃផងការសង្គ្រោះដ៏ថ្លាថ្លៃ
សូមប្រកាសនៅក្នុងអង្គប្រជុំពីសិរី
រុងរឿងដ៏ប្រពៃព្រះហស្តថ្លៃនៃព្រះម្ចាស់
១០ចូរទៅប្រកាសប្រាប់គេឱ្យស្តាប់ឮចាំជាក់
ថាព្រះជាម្ចាស់អ្នកថែគ្រប់គ្រងនិងសោយរាជ្យ
ផែនដីនៅរឹងមាំឥតប្រេះស្រាំឬជ្រាយពៀច
ព្រះអម្ចាស់សោយរាជ្យដោយអំណាចយុត្តិធម៌

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,២៧

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គ​ជាគង្វាលដ៏ពិតប្រាកដ យើងខ្ញុំ​តែង​ស្តាប់​សំឡេង​ព្រះ​អង្គ ហើយក៏ដើរ​តាមព្រះអង្គដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥ ,៩-១១

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅ​កាន់​ក្រុម​សា​វ័កថា៖ «ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្តីស្រឡាញ់របស់ខ្ញុំឱ្យស្ថិត​នៅ​ជាប់​​នឹងអ្នករាល់គ្នាចុះ។ បើអ្នករាល់គ្នាប្រតិបត្តិតាមវិន័យរបស់ខ្ញុំ អ្នករាល់គ្នា​ពិតជាទុក​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ឱ្យ​ស្ថិត​នៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្តិតាមវិន័យរបស់ព្រះបិតា ហើយទុកឱ្យសេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិត​នៅជាប់នឹងខ្ញុំដែរ។ ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឱ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយ​ដើម្បី​ឱ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំចូលរួមជា​មួយ​ព្រះយេស៊ូ​ដែល​សម្តែងសេចក្តីស្រឡាញ់យ៉ាងលើសលប់ចំពោះព្រះអង្គ និងចំពោះយើងខ្ញុំ រហូតដល់បូជាព្រះជន្ម។ សូម​ទ្រង់​ព្រះមេត្តាទទួលកាយ វាចា ចិត្ត
ដែលយើងខ្ញុំសូមថ្វាយរួមជាមួយព្រះយេស៊ូ ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គស្រឡាញ់យើងខ្ញុំ រហូតដល់ប្រទានព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំ។ សូម​ទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យសេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់និងយើងខ្ញុំ សូមឱ្យយើងខ្ញុំ​អាច​ប្រព្រឹត្ត​តាម​​វិន័យរបស់ព្រះអង្គ និងមានអំណរសប្បាយយ៉ាងពេញលេញផង។

166 Views