រដូវរង់ចាំ សប្តាហ៍ទី៣ ថ្ងៃពុធ

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់គង់នៅជិតបង្កើយហើយ ចូរយើងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។

ទំនុកតម្កើងសម្រាប់ការអញ្ជើញ

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

សូមលើកតម្កើងព្រះជាម្ចាស់ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា។
ព្រះអង្គសម្រាលទុក្ខយើង នៅពេលយើងមានទុក្ខគ្រប់បែបយ៉ាង (២ករ ១,៣-៤)។

បន្ទរទី១ ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញ​ពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។

១-ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំផង!
សូមឆ្លើយតបមកទូលបង្គំវិញ ដ្បិតទូលបង្គំជាមនុស្សកំសត់ទុគ៌ត!
២-សូមរក្សាការពារជីវិតទូលបង្គំផង
ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ! សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ
ដែលផ្ញើជីវិតលើព្រះអង្គនេះផង!
៣-ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ
ដ្បិតទូលបង្គំស្រែកហៅរកព្រះអង្គពេញមួយថ្ងៃ។
៤-ឱព្រះអម្ចាស់អើយ! សូមប្រោសអ្នកបម្រើរបស់ព្រះអង្គឱ្យមានអំណរសប្បាយ
ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ
៥-បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស
និងតែងតែអត់អោនឱ្យយើងខ្ញុំ
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់
ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។
៦-ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអង្វររបស់ទូលបង្គំ
សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង។
៧-នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ។
៨-បពិត្រព្រះអម្ចាស់! ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ
គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។
៩-បពិត្រព្រះអម្ចាស់! ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក
នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ហើយលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
១០-ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអង្គធ្វើការអស្ចារ្យ
មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។
១១-ឱព្រះអម្ចាស់អើយ! សូមបង្ហាញមាគ៌ារបស់ព្រះអង្គឱ្យទូលបង្គំស្គាល់
ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្តីពិតរបស់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំមានចិត្តស្មោះត្រង់
គោរពកោតខ្លាចព្រះនាមព្រះអង្គ។
១២-បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ!
ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងស្មោះអស់ពីចិត្ត
ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គរហូតតរៀងទៅ
១៣-ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំខ្លាំងណាស់
ព្រះអង្គបានរំដោះជីវិតទូលបង្គំឱ្យរួចផុតពីមច្ចុរាជ។
១៤-បពិត្រព្រះអម្ចាស់! មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ
មនុស្សឃោរឃៅមួយពួក ចង់ដកជីវិតទូលបង្គំ
អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។
១៥-បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ
ព្រះអង្គតែងតែប្រណីសន្តោស ព្រះអង្គអត់ធ្មត់
ហើយពោរពេញទៅដោយមេត្តាករុណាដ៏ស្មោះស្ម័គ្រ។
១៦-សូមបែរព្រះភក្រ្តមកទតមើលទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ
សូមប្រទានកម្លាំងមកទូលបង្គំ ហើយសង្គ្រោះទូលបង្គំ
ដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។
១៧-សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យចំពោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរស
ដើម្បីឱ្យអស់អ្នកដែលស្អប់ទូលបង្គំឃើញ ត្រូវអាម៉ាស់។
បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែសង្គ្រោះ និងសម្រាលទុក្ខទូលបង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញ​ពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។

ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន
និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ (កក ២,៣៩)។

បន្ទរទី២ ៖ ទូលបង្គំនឹងមិនឈប់ទូលអង្វរព្រះជាម្ចាស់ សម្រាប់ក្រុងស៊ីយ៉ូនឡើយ ដរាបណាទាល់តែព្រះអង្គចាត់ព្រះដ៏វិសុទ្ធ ចាំង​ចេញពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ។

(បទកាកគតិ)

១៣-ឱអ្នកដែលនៅស្រុកឆ្ងាយៗត្រូវនាំគ្នាប្រុងស្តាប់
អំពីកិច្ចការដែលយើងធ្វើស្រាប់ត្រូវខំត្រងត្រាប់
ស្តាប់ទាំងអស់គ្នា
ឯអ្នកដែលនៅជិតៗនេះត្រូវកុំនៅរួញរា
ត្រូវទទួលស្គាល់បារមីឫទ្ធាអានុភាពចេស្តា
យើងខ្លាំងក្លាក្រៃ
១៤-នៅក្រុងស៊ីយ៉ូនមនុស្សបាបញ័រខ្លួនរន្ធត់ភិតភ័យ
ពួកទមិឡតក់ស្លុតញ័រអស់ជើងដៃគេពោលស្រដី
ពាក្យដូច្នេះថា
ពួកយើងទាំងអស់នរណាអាចរស់ជិតភ្លើងខ្លាំងក្លា
ឬក្បែរគុកភ្លើងឆេះខ្លាំងអស្ចារ្យអស់កល្បយូរយារ
តទៅជានិច្ច
១៥-មានតែអ្នកបានប្រព្រឹត្តតាមដានមាគ៌ាសុចរិត
និងអ្នកនិយាយតែពាក្យដែលពិតទើបអាចស្ថេរស្ថិត
កៀកកិតនៅជាប់
គឺអ្នកមិនធ្វើទៅតាមអំពើហិង្សាមិនគាប់
ចង់រកកម្រៃប្រវ័ញ្ចគៃកិបមិនទទួលយក
សំណូកទៀតផង
១៦-មនុស្សបែបនេះនឹងបាននៅរស់កន្លែងខ្ពស់ខ្ពង់
មានថ្មរឹងមាំជ្រកកោនទៀតផងអាហារគ្រប់គ្រាន់
ទាំងទឹកមិនខ្វះ
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កើនឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ៖ ទូលបង្គំនឹងមិនឈប់ទូលអង្វរព្រះជាម្ចាស់ សម្រាប់ក្រុងស៊ីយ៉ូនឡើយ ដរាបណាទាល់តែព្រះអង្គចាត់ព្រះដ៏វិសុទ្ធ ចាំង​ចេញពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ។

នៅក្នុងទំនុកតម្កើងមួយនេះ មានរៀបរាប់អំពីការយាងមកលើកដំបូងរបស់ព្រះអម្ចាស់
ហើយមានមនុស្សគ្រប់ជាតិសាសន៍ នឹងទទួលជឿលើព្រះអង្គ (សន្តអាថាណាស)។

បន្ទរទី៣ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ធិតលើខ្ញុំ។ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។

១-ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានប្រព្រឹត្តការអស្ចារ្យ
ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី និងព្រះចេស្តាដ៏វិសុទ្ធរបស់ព្រះអង្គ។
២-ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គ
ព្រះអង្គបានសម្តែងឱ្យប្រជាជាតិនានា
ឃើញសេចក្តីសុចរិតរបស់ព្រះអង្គ។
៣-ព្រះអង្គនៅតែសម្តែងព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រាអែលជានិច្ច។
មនុស្សម្នាដែលរស់នៅគ្រប់ទីដាច់ស្រយាលនៃផែនដី
បានឃើញការសង្គ្រោះនៃព្រះរបស់យើង។
៤-មនុស្សនៅលើផែនដីទាំងមូលអើយ!
ចូរអបអរសាទរព្រះអម្ចាស់ដោយអំណរ!
ចូរស្រែកហ៊ោរយ៉ាងសប្បាយ ព្រមទាំងដេញតូរ្យតន្ត្រីផង!
៥-ចូរដេញពិណថ្វាយព្រះអម្ចាស់ ចូរដេញយ៉ាងពីរោះថ្វាយព្រះអង្គ
៦-ចូរផ្លុំត្រែ និងផ្លុំស្នែង ចូរអបអរសាទរព្រះអម្ចាស់ ជាព្រះមហាក្សត្រ!។
៧-សមុទ្រ និងអ្វីដែលមានជីវិតនៅក្នុងសមុទ្រ
ផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង!
៨-ទន្លេទាំងឡាយ ចូរអបអរសាទរ ភ្នំទាំងឡាយ ចូរស្រែកហ៊ោរព្រមៗគ្នាឡើង
៩-នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី
ព្រះអង្គនឹងគ្រប់គ្រងផែនដីដោយយុត្តិធម៌
ព្រះអង្គនឹងគ្រប់គ្រងប្រជាជនទាំងឡាយដោយទៀងត្រង់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ធិតលើខ្ញុំ។ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។

បង‌ប្អូន​ជ្រាប​ហើយ​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ណា គឺដល់ពេល​យើង​ត្រូវ​ក្រោក​ពី​ដេក ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​ខិត​មក​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ។ យប់​ជិត​ផុត​ហើយ ហើយ​ថ្ងៃ​ក៏​ជិត​ដល់​ដែរ ដូច្នេះ យើង​ត្រូវ​លះ‌បង់​អំពើ​នៃ​សេចក្ដី​ងងឹត​ចោល​ទៅ ហើយ​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សាស្ត្រា‌វុធ​នៃ​ពន្លឺ​វិញ។

បន្ទរ៖ យេរូ‌សាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ចូរប្រុងស្មារតីឲ្យមែនទែន ដ្បិតព្រះ‌អម្ចាស់របស់អ្នករាល់គ្នាជិតយាងមកដល់ហើយ។

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ ចូរប្រុងស្មារតីឲ្យមែនទែន ដ្បិតព្រះ‌អម្ចាស់របស់អ្នករាល់គ្នាជិតយាងមកដល់ហើយ។

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ដែលវិនិច្ឆ័យទោសទាំងមនុស្សរស់ និងមនុស្សស្លាប់ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ! សូមយាងមក !

បពិត្រព្រះអម្ចាស់យេស៊ូ ព្រះអង្គបានយាងមក ដើម្បីសង្រ្គោះអ្នកបាប
—សូមការពារយើងខ្ញុំនៅពេលជួបនឹងការល្បួងទាំងឡាយផង។ (បន្ទរ)

ព្រះអង្គនឹងយាងមកក្នុងសិរីរុងរឿង ដើម្បីធ្វើជាចៅក្រមរបស់យើងខ្ញុំ
—សូមសម្តែងឫទ្ធានុភាពរបស់ព្រះអង្គ ជួយសង្រ្គោះយើងខ្ញុំផង។ (បន្ទរ)

សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រកាន់ខ្ជាប់តាមការប្រៀនប្រដៅនៃច្បាប់របស់ព្រះអង្គ ដោយកម្លាំងដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ
—ទាំងទន្ទឹងរង់ចាំព្រះអង្គ ដោយសេចក្តីស្រឡាញ់ផង។ (បន្ទរ)

សូមឱ្យមនុស្ស​នៅ​គ្រប់​ជំនាន់លើក​តម្កើង​ពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យរបស់ព្រះ‌អង្គ
សូមឱ្យព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ជួយយើងខ្ញុំឱ្យរស់នៅមានភាពស្មោះត្រង់ និងចេះប្រមាណខ្លួនក្នុងជីវិតនេះ
—នៅពេលយើងខ្ញុំទន្ទឹងរង់ចាំ ដោយមានចិត្តសង្ឃឹមថា នឹងបានចូលទៅក្នុងសិរីរុងរឿងរួមជាមួយព្រះអង្គ។ (បន្ទរ)

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យសង្រ្គោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គមេត្តារំដោះយើងខ្ញុំឲ្យមានសេរីភាពដ៏ពិតប្រាកដខាងផ្លូវចិត្ត និងតម្រង់ចិត្តគំនិតរបស់យើងខ្ញុំ ដើម្បីរៀបចំខ្លួនធ្វើពិធីលើកតម្កើងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គដែលប្រសូតមកជាមនុស្ស។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

42 Views