ថ្ងៃអាទិត្យ-អាទិត្យទី៣២-ធម្មតាប្រចាំឆ្នាំ«គ»

អាទិត្យទី៣២ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែលទី២ ២ មបា ៧,១-២.៩-១៤

មាន​គ្រា​មួយ​នោះ គេ​ចាប់​ស្ត្រី​ម្នាក់ និង​កូន​ទាំង​ប្រាំពីរ​នាក់​របស់​គាត់។ ព្រះ‌បាទ​អន់ចូគូស​បញ្ជា​ឱ្យគេ​យក​អ្នក​ទាំង​នោះ​ទៅ​វាយ​នឹង​រំពាត់​ខ្សែ​តី បង្ខំ​ឱ្យបរិភោគ​សាច់​ជ្រូកដែល​វិន័យ​ហាម​បរិភោគ។ កូន​ម្នាក់​បាន​ទូល​ស្តេច ក្នុង​នាម​បង‌ប្អូន​ទាំង​ប្រាំពីរ​នាក់​ថា៖«តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចង់​ដឹង​អ្វី​ពី​ទូល​បង្គំ​យើង​ខ្ញុំ? ទូល​បង្គំ​យើង​ខ្ញុំ​ស៊ូ​ស្លាប់ ប្រសើរ​ជាង​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ​របស់​ដូន‌តា»។ កាល​ជិត​ផុត​ដង្ហើម គាត់​ទូល​ស្តេច​ថា៖«ព្រះ‌ករុណា​ជា​ស្តេច​ពាល! ព្រះ‌ករុណា​ប្រហារ​ជីវិត​ទូល​បង្គំ​យើង​ខ្ញុំ​នៅ​ពេល​នេះ តែ​ព្រះ‌មហា​ក្សត្រ​នៃ​ពិភព‌លោកនឹង​ប្រោស​យើង​ឱ្យ​រស់​ឡើង​វិញ មាន​ជីវិត​អស់​កល្ប‌ជានិច្ច ព្រោះ​ទូល​បង្គំ​យើង​ខ្ញុំ​ស៊ូ​ស្លាប់ ដើម្បី​គោរព​វិន័យ​របស់​ព្រះ‌អង្គ»។បន្ទាប់​មក គេ​យក​កូន​ទីបី​ទៅ​ធ្វើ​ទារុណ​កម្ម​ទៀត។ ពេល​ពេជ្ឈ​ឃាដ​បញ្ជា​ឱ្យលៀន​អណ្តាត គាត់​ក៏​ធ្វើ​តាម​ភ្លាម និង​ហុច​ដៃ​ឱ្យគេ​កាត់​ដោយ​មិន​ញញើត។ គាត់​ប្រកាស​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖«ខ្ញុំ​ទទួល​អវៈ​យវៈ​ទាំង​នេះ​ពី​ព្រះ‌អម្ចាស់​មក ខ្ញុំ​សុខ​ចិត្ត​លះ​បង់​អវៈ​យវៈ​នេះ ដោយ​គោរព​វិន័យ​ព្រះ‌អង្គ! ខ្ញុំ​សង្ឃឹម​ថា ព្រះ‌អង្គ​មុខ​ជា​ប្រទាន​អាវៈ​យវៈ​ទាំង​នេះឱ្យ​ខ្ញុំ​វិញ​មិន​ខាន»។ ព្រះ‌រាជា និង​រាជ‌បរិពារ​ទាំង​អស់​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ដោយ​ឃើញ​យុវ‌បុរស​នេះមាន​ចិត្ត​ក្លាហាន មិន​ខ្លាច​ឈឺ​ចុក​ចាប់​ដូច្នេះ។ កាល​យុវ‌បុរស​នោះ​បាត់​បង់​ជីវិត​ទៅ គេ​ក៏​នាំ​កូន​ទីបួន​មក​ធ្វើ​ទារុណ​កម្ម​យ៉ាង​ឃោរ​ឃៅ ដូច​បងៗ​ដែរ។ ពេល​ជិត​ផុត​ដង្ហើម យុវ‌បុរស​នោះ​ប្រកាស​ថា៖«ស៊ូ​ស្លាប់​ដោយ​ដៃ​មនុស្ស ប្រសើរ​ជាង​រស់​នៅ​តទៅ​ទៀត ទូល​បង្គំ​យើង​ខ្ញុំ​រង់​ចាំ​ព្រះ‌ជាម្ចាស់​ប្រោស​យើងឱ្យ​រស់​ឡើង​វិញ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ រីឯ​ព្រះ‌ករុណា​វិញ មិន​រស់​ឡើង​វិញ​ទេ!»។

ទំនុកតម្កើងលេខ ១៧ (១៦),១.៣.៥-៦.៨.១៥ បទពាក្យ ៧

ឱ! ព្រះអម្ចាស់សូមសណ្ដាប់ទូលបង្គំប្រាប់សំណូមពរ
ដ៏ល្អត្រឹមត្រូវស្រស់បវរសូមរកយុត្ដិធម៌ឱ្យរូបខ្ញុំ
សូមយកព្រះហឫទ័យវែកញែកនិងសូរសម្រែកទូលបង្គំ
សូមផ្ទៀងព្រះការណ៌ស្ដាប់ពាក្យខ្ញុំដែលអង្វរសុំដោយត្រង់ស្មោះ
ព្រះអង្គឈ្វេងយល់ចិត្ដខ្ញុំច្បាស់ហើយព្រះអង្គត្រាស់ពិនិត្យនូវ
ល្បងលចិត្ដខ្ញុំទាំងយប់ជ្រៅមិនឃើញអាស្រូវឬឆ្គាំឆ្គង
ទូលបង្គំខំដើរតាមមាគ៌ានៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ
ក៏បោះជំហានដើរតាមក្រោយដោយមិនថ្លោះធ្លោយលម្អៀងបែរ
ឱ!ព្រះអម្ចាស់នៃខ្ញុំអើយខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ
ហៅរកព្រះម្ចាស់មិនបែកបែរសូមកុំងាករេផ្ទៀងព្រះកាណ៌
សូមថែរក្សាទូលបង្គំដូចកែវភ្នែកកុំឱ្យបង់បាត់
ការពារខ្ញុំដូចបក្សីសត្វក្រុងកូនកម្សត់របស់វា
១៥ចំពោះខ្ញុំវិញគឺប្រព្រឹត្ដតាមក្ដីសុចរិតមិនអាស្រូវ
ខ្ញុំឃើញព្រះភក្រ្ដទ្រង់គង់នៅទើបផុតហ្មងសៅពេលភ្ញាក់ឡើង

អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ២ថស ២,១៦-៣,៥

បងប្អូនជាទីស្រឡាញ់!
ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា​នៃ​យើងមាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង ប្រណី‌សន្ដោស​យើង ដោយ​សម្រាល​ទុក្ខ​យើង​អស់​កល្ប‌ជានិច្ច និង​ដោយ​ប្រទាន​ឱ្យយើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ។ សូម​ព្រះ‌យេស៊ូ‌គ្រីស្ត​ផ្ទាល់​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌បិតាសម្រាល​ទុក្ខ​បង‌ប្អូន ព្រម​ទាំង​ប្រទាន​ឱ្យបង‌ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ក្នុង​គ្រប់​កិច្ច‌ការ​ដែល​បង‌ប្អូន​ធ្វើ និង​ពាក្យ​សម្ដី​ល្អ​ដែល​បង‌ប្អូន​និយាយ។ នៅ​ទី​បំផុត បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឱ្យយើង​ផង ដើម្បី​ឱ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់បាន​ផ្សព្វ‌ផ្សាយ​យ៉ាង​ឆាប់​រហ័ស​ត​ទៅ​ទៀត និង​បាន​រុង‌រឿង​ដូច​នៅ​ក្នុង​ចំណោម​បង‌ប្អូន​ដែរ។ សូម​អធិស្ឋាន​ឱ្យយើង​គេច​ផុត​ពី​មនុស្ស​ពាល ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​គ្រប់​គ្នា​ទេ​ដែល​មាន​ជំនឿ។ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​នឹង​ប្រោស​ប្រទាន​ឱ្យបង‌ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង និង​ការ‌ពារ​បង‌ប្អូន​កុំ​ឱ្យធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​កំណាច។ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ យើង​ទុក​ចិត្ត​បង‌ប្អូន​ថា បង‌ប្អូន​តែង‌តែ​ប្រព្រឹត្ត​តាម​ពាក្យ​រំឭក​ដាស់‌តឿន​របស់​យើង ហើយ​បង‌ប្អូន​ក៏​នឹង​ប្រព្រឹត្ត​តាម​ត​ទៅ​មុខ​ទៀត​ដែរ។ សូម​ព្រះ‌អម្ចាស់​ដឹក​នាំ​ចិត្ត​គំនិត​បង‌ប្អូនឱ្យស្រឡាញ់​ព្រះ‌ជាម្ចាស់ និង​មាន​ចិត្ត​ស៊ូ‌ទ្រាំ​រង់ចាំព្រះគ្រីស្ដយាងមក។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១,៥-៦

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ដ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។ សូមលើកតម្កើងសិរីរុងរឿង
និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២០,២៧-៣៨

មាន​អ្នក​ខាង​គណៈ‌សាឌូ‌ស៊ី​ខ្លះចូល​មក​គាល់​ព្រះ‌អង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ! លោក​ម៉ូសេបាន​ចែង​ច្បាប់​ទុកឱ្យ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឱ្យប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជឱ្យបង​ប្រុស​របស់​ខ្លួន។ ឧបមា​ថា មាន​បង‌ប្អូន​ប្រុសៗ​ប្រាំ​ពីរ​នាក់ បុរស​បង​បង្អស់​បាន​រៀប‌ការ​ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។ ប្អូន​បន្ទាប់ រួច​ប្អូន​ទី​បីក៏​រៀប‌ការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ​នោះ ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន។បន្ទាប់​មក បង‌ប្អូន​ទាំង​ប្រាំ​ពីរ​នាក់​បាន​រៀប‌ការ​នឹង​ស្ត្រី​នោះ ហើយ​គ្រប់​គ្នា​បាន​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។ នៅ​ទី​បំផុត ស្ត្រី​ក៏​ស្លាប់​ទៅ​ដែរ។លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​នោះ​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បង‌ប្អូន​ទាំង​ប្រាំ​ពីរ​នាក់ សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖«មនុស្ស​ក្នុង​លោក​នេះ​តែង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ប៉ុន្តែ អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ប្រោសឱ្យរស់​ឡើង​វិញ នៅ​លោក​ខាង​មុខ គេ​មិន​រៀប‌ការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ។ អ្នក​ទាំង​នោះ​លែង​ស្លាប់​ទៀត​ហើយ គឺ​គេ​បាន​ដូច​ទេវទូត។ គេ​ជា​បុត្រ​ធីតា​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​គេ​មាន​ជីវិត​រស់​ឡើង​វិញ។ លោក​ម៉ូសេ​បាន​ចែង​ទុក​យ៉ាង​ច្បាស់​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ត្រង់​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា គឺ​លោក​ហៅ​ព្រះ‌អម្ចាស់​ថា ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ព្រះ​របស់​លោក​អ៊ីសាក និង​ជា​ព្រះ​របស់​លោក​យ៉ាកុប។ ព្រះ‌ជាម្ចាស់​មិន‌មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ ចំពោះ​ព្រះ‌អង្គ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​នៅ​រស់»។

195 Views