ថ្ងៃអាទិត្យ-អាទិត្យទី៣៣-ធម្មតាប្រចាំឆ្នាំ«គ»

អាទិត្យទី៣៣ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីមាឡាគី

ថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ! ថ្ងៃនោះ ប្រៀបបាននឹងភ្លើងឆេះដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្ដអំពើអាក្រក់នឹងប្រៀបដូចជាចំបើង។ ថ្ងៃដែលព្រះអម្ចាស់យាងមកដល់ ព្រះអង្គនឹងឆេះកម្ទេចពួកគេឥតទុកឱ្យនៅ​សេស​​សល់អ្វីឡើយ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមកដូច​ព្រះអាទិត្យរះលើអ្នករាល់គ្នា ទាំងប្រោសឱ្យអ្នករាល់គ្នាបានជាសះស្បើយផង។

ទំនុកតម្កើងលេខ ៩៨ (៩៧), ៥-៩ បទកាកគតិ

សូមផ្ញើចិត្ដកាយដេញទាំងពិណថ្វាយព្រះធ្លាប់ប្រណី
ព្រោះព្រះអង្គនោះធ្លាប់ថ្នមបមបីថែទាំយប់ថ្ងៃ
រៀងរាល់វេលា
ចូរនាំគ្នាផ្លុំត្រែស្នែងប្រគុំថ្វាយព្រះរាជា
អបអរសាទរអង្គមហាក្សត្រាខ្ពស់លើលោកា
គ្មានអ្វីស្មើព្រះ
ចូរសមុទ្រលាន់រលកកុំទ្រាន់រំពងអាកាស
ចូរឱ្យផែនដីនិងអ្វីទាំងអស់មានជីវិតរស់
ស្រែកឮអឺងកង
ទន្លេទាំងឡាយចូរអរក្អាកក្អាយសាទររំពង
ចូរភ្នំទាំងអស់កុំនៅសំកាំងស្រែកព្រមគ្នាឡើង
ដោយស័ព្ទខ្ញៀវខ្ញារ
ចំពោះព្រះភក្រ្ដព្រះអម្ចាស់ជាក់គ្រប់គ្រងលោកា
លើភពផែនដីយុត្ដិធម៌ថ្លៃថ្លាត្រួតអស់ប្រជា
ទាំងឡាយទៀងត្រង់

អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ២ថស ៣,៧-១២

បងប្អូនជាទីស្រឡាញ់!
បងប្អូនជ្រាបស្រាប់ហើយថា ត្រូវយកតម្រាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូនដោយឥតសណ្ដាប់​ធ្នាប់នោះឡើយ យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ទាំងថ្ងៃ កុំឱ្យនរណាម្នាក់ពិបាក​នឹងផ្គត់ផ្គង់យើង។ ត្រង់នេះ មិនមែនមានន័យថា យើងគ្មានសិទ្ធនឹងឱ្យគេផ្គត់ផ្គង់នោះឡើយ ប៉ុន្ដែ យើងធ្វើដូច្នេះ ទុកជា គំរូឱ្យបងប្អូនយកតម្រាប់តាម ព្រោះកាល​យើង​នៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធ្វើការ អ្នក​នោះក៏មិនត្រូវបរិភោគដែរ។ យើងបានឮដំណឹងថា មានអ្នកខ្លះក្នុងចំណោម​បង​​​ប្អូនរស់នៅដោយឥតសណ្ដាប់ធ្នាប់ គេហាក់ដូចជារវល់ ញាប់ដៃញាប់ជើង តែឥតធ្វើ​ការអ្វីទាល់តែសោះ។ យើងសូមទូន្មាន និងសូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រីស្ដថា សូមអញ្ជើញធ្វើការឱ្យបានស្រួលបួលឡើង និងបរិភោគអាហារដែលបានមកពីកម្លាំងញើសរបស់ខ្លួនឯងទៅ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,២៨

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,៥-១៩

សាវ័កខ្លះកំពុងនិយាយសរសើរលំអររបស់ព្រះវិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និងមានតាំងវត្ថុផ្សេងៗដែលគេយក​មកថ្វាយព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះនឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ គេទូលសួរព្រះអង្គថា៖«ព្រះគ្រូអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាន​នៅ​ពេលណា? តើមានទីសម្គាល់អ្វីឱ្យយើងដឹងថា ព្រឹត្ដិការណ៍ទាំងនោះជិតមក​ដល់?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖«ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាបញ្ឆោតអ្នករាល់គ្នាឱ្យវង្វេងបានឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយក​ឈ្មោះខ្ញុំមកប្រើដោយពោលថា “ខ្ញុំនេះហើយជាព្រះគ្រីស្ដ” ឬថា “ពេលកំណត់​មក​​ដល់ហើយ” កុំតាមអ្នកទាំងនោះឱ្យសោះ។ កាលណាអ្នករាល់គ្នាឮគេនិយាយ​អំពីសង្គ្រាម ឬអំពីការបះបោរ មិនត្រូវភ័យតក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្ដែ មិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖«ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត នឹងមានរញ្ជួយផែនដីជាខ្លាំងនៅតាមតំបន់ផ្សេងៗ ហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាតត្បាត ព្រមទាំងមានអព្ភូតហេតុផ្សេងៗបណ្ដាលឱ្យភ័យតក់ស្លុត និងមានទីសម្គាល់​យ៉ាង​ធំនៅលើមេឃផង។ ប៉ុន្ដែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់ចង​អ្នករាល់គ្នា គេបៀតបៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងធម្មសាលា យកអ្នករាល់គ្នាទៅឃុំឃាំង។ គេនាំអ្នករាល់គ្នាទៅឱ្យស្ដេច និងលោកទេសាភិបាលកាត់ទោសព្រោះតែនាមខ្ញុំ។ ប៉ុន្ដែ ការនេះប្រែជាហុចឱកាសឱ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពទៅវិញ។ ត្រូវចង​ចាំក្នុងចិត្ដថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី ដ្បិតខ្ញុំនឹងផ្ដល់ឱ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឱ្យពួកប្រឆាំងអាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។ សូម្បីតែឪពុកម្ដាយ បងប្អូន ញាតិ​សន្ដាន និងមិត្ដភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅឱ្យគេ​សម្លាប់ផងដែរ។ មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំ។ ប៉ុន្ដែ សូម្បី​តែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។ អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្ដស៊ូទ្រាំ»។

229 Views