ថ្ងៃអាទិត្យ អាទិត្យទី០៥
រដូវបុណ្យចម្លង «ឆ្នាំគ»
ពណ៌ស
ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាឱ្យយាងមកណែនាំ និងប្រមូលមនុស្សគ្រប់ជាតិសាសន៍ធ្វើជាមហាគ្រួសារតែមួយ។ សូមទ្រង់ព្រះមេត្តាប្រែចិត្តគំនិតយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គ និងស្រឡាញ់បងប្អូនយ៉ាងស្មោះ តាមព្រះយេស៊ូដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណ អស់កល្បជាអង្វែងតរៀងទៅ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៤,២១-២៧
លោកប៉ូល និងលោកបារណាបាសវិលទៅក្រុងអ៊ីកូញុម និងក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌីវិញ។ លោកដាស់តឿនក្រុមសាវ័កឱ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឱ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឱ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់»។ លោកបានតែងតាំងពួកព្រឹទ្ធាចារ្យនៅតាមព្រះសហគមន៍នីមួយៗ។ លុះបានអធិដ្ឋាន និងតមអាហាររួចហើយ លោកទាំងពីរក៏ផ្ញើក្រុមសាវ័កទុកនៅនឹងព្រះអម្ចាស់ដែលគេបានជឿ។ បន្ទាប់មកទៀត លោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌីមកដល់ស្រុកប៉មភីលី។ លោកបានប្រកាសព្រះបន្ទូលនៅក្រុងពែរកេ រួចលោកនាំគ្នាចុះទៅក្រុងអត្តាលី។ នៅទីនោះ លោកនាំគ្នាចុះសំពៅ វិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយដែលព្រះសហគមន៍បានផ្ញើលោកទាំងពីរទៅលើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសម្រេចនេះ។
កាលលោកទាំងពីរមកដល់ លោកប្រមូលព្រះសហគមន៍ឱ្យមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មានដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និងរៀបរាប់អំពីរបៀបដែលព្រះអង្គបើកផ្លូវឱ្យសាសន៍ដទៃជឿ។
ទំនុកតម្កើងលេខ ១៤៥ (១៤៤), ៨-១៣ បទកាកគតិ
| ៨ | ព្រះជាអម្ចាស់ | ប្រកបដោយព្រះ | ហឫទ័យត្រចង់ |
| ប្រណីសន្តោស | ករុណាហ្មត់ហ្មង | អត់ធ្មត់កន្លង |
| | អាណិតមេត្តា | ។ |
| ៩ | ព្រះជាអម្ចាស់ | ព្រះទ័យសប្បុរស | លើមនុស្សលោកា |
| ទ្រង់មានព្រះទ័យ | សន្តោសករុណា | មនុស្សគ្រប់អាត្មា |
| | រស់ពេញផែនដី | ។ |
| ១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
| នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្តទាំងប្រុសស្រី |
| | ក៏ថ្កើងទ្រង់ដែរ | ។ |
| ១១ | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
| របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ |
| | ព្រះអង្គនៅគង់ | ។ |
| ១២ | ដើម្បីឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | គ្រប់គ្នាបានដឹង |
| ពីការអស្ចារ្យ | របស់ព្រះអង្គ | រស្មីរឿងរុង |
| | ចិញ្ចែងចិញ្ចាច | ។ |
| ១៣ | ព្រះរាជ្យព្រះអង្គ | ស្ថិតនៅយូរលង់ | ពេញដោយអំណាច |
| គ្រងរាជ្យអស់កល្ប | ព្រោះទ្រង់ជាស្តេច | បារមីអង់អាច |
| | ស្ថិតនៅយូរយា | ។ |
| ព្រះអម្ចាស់តែង | គោរពឥតក្លែង | បន្ទូលសន្យា |
| អ្វីដែលទ្រង់ធ្វើ | សុទ្ធតែអស្ចារ្យ | សប្បុរសមេត្តា |
| | ករុណាអាសូរ | ។ |
អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរវិវរណៈ វវ ២១,១-៥
ខ្ញុំយ៉ូហាន ឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃពីមុន និងផែនដីពីមុននោះបាត់អស់ទៅហើយ ហើយក៏គ្មានសមុទ្រទៀតដែរ។ បន្ទាប់មក ខ្ញុំឃើញក្រុងដ៏វិសុទ្ធជាក្រុងយេរូសាឡឹមថ្មីចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។ ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎! ព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្រ្តរបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ។ ព្រះអង្គនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្តីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះបាត់អស់ទៅហើយ»។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍! យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,៨.១១
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គស្រឡាញ់យើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៣,៣១-៣៥
ព្រះយេស៊ូកំពុងជប់លៀងសាវ័កជាលើកចុងក្រោយបង្អស់។ កាលយូដាសចេញផុតទៅ ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះបុត្រមនុស្សបានសម្តែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ។ បើព្រះជាម្ចាស់បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងព្រះអង្គផ្ទាល់ដែរ ហើយព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងពេលឆាប់ៗខាងមុខនេះ។ ម្នាលកូនចៅអើយ! ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ ខ្ញុំឱ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសឱ្យព្រះយេស៊ូធ្វើជាមហាបូជាចារ្យ និងលើកមនុស្សលោកទាំងមូលថ្វាយព្រះអង្គ ដើម្បីឱ្យយើងខ្ញុំទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួល កាយ វាចា ចិត្តយើងខ្ញុំ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាចនៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំដែលទទួលជីវិតថ្មីពីព្រះអង្គ រស់នៅយ៉ាងសមរម្យនឹងជីវិតថ្មីនេះផង។ សូមឱ្យព្រះវិញ្ញាណពង្រឹងជំនឿយើងខ្ញុំ និងណែនាំយើងខ្ញុំជានិច្ចដែរ។
47 Views