អត្ថបទថ្ងៃអាទិត្យទី១១ រដូវធម្មតា ឆ្នាំ «ខ»
ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១
សន្តអន់តូនីនៅប៉ាឌូជាបូជាចារ្យនិងជាគ្រូបាធ្យាយនៃព្រះសហគមន៍
អត្ថបទទី១ (អគ ១៧,២២-២៤)
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងកាច់ពន្លកមួយពីចុងគគីរ យកមកដាំ នៅលើភ្នំដ៏ខ្ពស់សន្លឹម។ យើងនឹងដាំពន្លកនោះនៅលើភ្នំដ៏ខ្ពស់ក្នុងស្រុកអ៊ីស្រាអែល។ ពន្លកនោះនឹងបែកមែកសាខា បង្កើតផ្លែផ្កា ក្លាយទៅជាដើមគគីរដ៏ល្អប្រណីត។ បក្សា បក្សីគ្រប់ប្រភេទនឹងនាំគ្នាធ្វើសំបុកអាស្រ័យនៅតាមមែកគគីរនោះ។ ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថាគឺយើងនេះហើយជាព្រះអម្ចាស់។ យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗ ឲ្យលូតខ្ពស់ឡើង។ យើងធ្វើឲ្យដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើឲ្យដើមឈើក្រៀមស្ងួតត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ!»
ទំនុកតម្កើងលេខ ៩២ (៩១), ២-៣.១៣-១៦ បទពាក្យ ៧
២ | បពិត្រព្រះអម្ចាស់ខ្ញុំអើយ | ទូលបង្គំនេះហើយស្មូត្រតម្កើង | ||||||||||||||||||||||||
ពិតជាការគួរប្រពៃផង | ប្រសើរកន្លងថ្កើងព្រះនាម។ | |||||||||||||||||||||||||
៣ | ទូលបង្គំប្រកាសពីព្រះទ័យ | ករុណាប្រណីពីព្រះនាម | ||||||||||||||||||||||||
ពេលយប់ក៏ថ្លែងមិននៅស្ងៀម | ឥតរេទីមទាមមិនឈប់ឈរ។ | |||||||||||||||||||||||||
១៣ | មនុស្សសុចរិតនឹងដុះដាល | លូតលាស់ត្រកាលដូចត្នោតធំ | ||||||||||||||||||||||||
បែកមែកសាខាម្លប់ត្រសុំ | ដូចគគីរផ្តុំនៅជិតគ្នា។ | |||||||||||||||||||||||||
១៤ | ពួកគេប្រៀបបាននឹងដើមឈើ | លូតលាស់ដុះលើព្រះពន្លា | ||||||||||||||||||||||||
គេរីកដុះដាលក្នុងវិហារ | របស់ព្រះជាម្ចាស់ថ្លាថ្លៃ។ | |||||||||||||||||||||||||
១៥ | ទោះបីគេមានវ័យចំណាស់ | ទោះខ្លួនគេចាស់ដូចម្តេចក្តី | ||||||||||||||||||||||||
គេបង្កើតផ្លែពន្លកថ្មី | ស្លឹកលាស់ខៀវខ្ចីជាប់ជានិច្ច។ | |||||||||||||||||||||||||
១៦ | ការនេះសម្តែងឲ្យឃើញថា | ព្រះអម្ចាស់ជាថ្មមាំពិត | ||||||||||||||||||||||||
ទ្រង់មានព្រះទ័យត្រង់សុចរិត | ឥតប្រែប្រួលចិត្តសោះឡើយណា ។ |
អត្ថបទទី២ (២ករ ៥,៦-១០)
សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស
បងប្អូនជាទីស្រឡាញ់! យើងមានចិត្តក្លាហានជានិច្ច។ យើងដឹងថា ដរាបណា យើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីព្រះអម្ចាស់ ដ្បិតយើងដើរដោយ មានជំនឿ មិនមែនដោយមើលឃើញនោះទេ។ យើងមានចិត្តក្លាហាន យើងចូលចិត្ត ឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់ប្រសើរជាង។ ទោះបីយើងស្ថិត នៅក្នុងរូបកាយនេះ ឬក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្តី យើងមានបំណងធ្វើយ៉ាងណា ឲ្យតែបានគាប់ព្រះហឫទ័យព្រះអង្គ ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទី កាត់ក្តីរបស់ព្រះគ្រីស្ត ដើម្បីឲ្យម្នាក់ៗទទួលផលតាមអំពើដែលខ្លួនបានប្រព្រឹត្ត ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្តី កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៣,៤.២៣
អាលេលូយ៉ា! អាលេលូយ៉ា! អ្នកសាបព្រោះចេញទៅព្រោះព្រះបន្ទូល។ អស់អ្នកទទួលព្រះបន្ទូលនេះ ពិតជាបានសុភមង្គល! អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ៤,២៦-៣៤
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជនជាពាក្យប្រស្នាថា៖«ព្រះរាជ្យរបស់ព្រះ ជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ដែលព្រោះស្រូវពូជនៅក្នុងស្រែរបស់ខ្លួន។ ទោះបី គាត់ដេកក្តី ក្រោកក្តី យប់ក្តី ថ្ងៃក្តី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំ ដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ ដ្បិតដីធ្វើឲ្យពូជបង្កើតផលដោយខ្លួនឯង មុនដំបូងមានពន្លកលេចឡើង បន្ទាប់មកក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ លុះស្រូវទុំ គេយកកណ្តៀវមកច្រូត ដ្បិតដល់រដូវចម្រូតហើយ»។ ព្រះអង្គមានព្រះ បន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វីខ្លះ? តើយើង យកប្រស្នាណាមកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ? ព្រះរាជ្យរបស់ព្រះជាម្ចាស់ ប្រៀបបីដូចជាគ្រាប់ពូជម៉្យាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំង អស់ក្នុងលោក។ លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ ឲ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។ ព្រះយេស៊ូតែងប្រកាសព្រះបន្ទូលដោយប្រើពាក្យប្រស្នារបៀបនេះ តាមតែគេអាច យល់បាន។ ព្រះអង្គតែងមានព្រះបន្ទូលទៅគេ សុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែពេល នៅដាច់ឡែកពីបណ្តាជន ព្រះអង្គបកស្រាយទាំងអស់ ប្រាប់ក្រុមសាវ័ក។