ថ្ងៃចន្ទ-អាទិត្យទី២៤-រដូវធម្មតា «ឆ្នាំសេស»


ថ្ងៃចន្ទ អាទិត្យទី២៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥

បុណ្យរម្លឹក
ព្រះនាងព្រហ្មចារិនីម៉ារីរងទុក្ខលំបាក

ពេលព្រះយេស៊ូបង្ហាញព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតា ព្រះអង្គដូចជាសូមឱ្យមនុស្សជ្រើសរើសផ្លូវមួយ ឬម្យ៉ាងទៀតទទួលស្គាល់ធម៌មេត្តាករុណានេះ ហើយប្រព្រឹត្តតាម ឬម្យ៉ាងបដិសេធមិនអើពើនឹងធម៌មេត្តាករុណានេះ។ ព្រះយេស៊ូសង្គ្រោះអស់អ្នកដែល​ជឿ​សង្ឈឹមលើព្រះអង្គ។ ព្រះនាងម៉ារីហាក់ “ឈឺចុកចាប់យ៉ាងខ្លាំង ដូចជាមានដាវមួយមកចាក់ទម្លុះដូងចិត្តរបស់នាង” ដោយឃើញព្រះយេស៊ូរងទុក្ខលំបាក និងឃើញមនុស្សបែកបាក់យ៉ាងនេះ មិនព្រមទទួលស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះបុត្រារបស់ព្រះនាងដែរ។

អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ២,១-៨

ជាបឋម​ ខ្ញុំសូមផ្ដែផ្ដាំឱ្យទូលសុំព្រះជាម្ចាស់ អធិដ្ឋាន និងអង្វរព្រះអង្គ ទាំងអរព្រះ​គុណសម្រាប់មនុស្សទាំងអស់ផង សម្រាប់ស្ដេច និងសម្រាប់អ្នកកាន់អំណាចគ្រប់ៗរូប​​​ដើម្បីឱ្យយើងរស់នៅបានសុខក្សេមក្សាន្ដ គ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះ​​ជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃថ្លូរ។ នេះហើយជាការល្អ និងគាប់ព្រះហប្ញទ័យ​ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង ដែលទ្រង់សព្វព្រះហប្ញទ័យ​ឱ្យមនុស្សទាំងអស់​បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ដ្បិតមានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់និងមនុស្សលោក គឺព្រះគ្រីស្ដយេស៊ូជាមនុស្ស​ម្នាក់ ព្រះអង្គបានបូជាព្រះជន្មដើម្បីលោះមនុស្សទាំអស់។ នេះជាសក្ខីភាពមួយដែលព្រះជាម្ចាស់បានបង្ហាញនៅពេលកំណត់ ព្រះអង្គក៏បាន​តែងតាំងខ្ញុំឱ្យប្រកាសសក្ខីភាពនេះ និងឱ្យខ្ញុំធើ្វជាសាសនទូត ព្រមទាំងធើ្វជាគ្រូអប់រំ​សាសន៍ដ៏ទៃ អំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយពិតឥតកុហកទេ។ ហេតុនេះហើយ បានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឱ្យបុរសៗអធិដ្ឋាន ទាំងលើកដៃ​ឡើងលើ ដោយចិត្តបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។

ទំនុកតម្កើងលេខ ២៨ (២៧) ,១ក-២.៧-៩ បទព្រហ្មគីតិ

ឱព្រះអម្ចាស់អើយខ្ញុំស្រែកហើយរកព្រះអង្គ
ទ្រង់ជាថ្មដាបាំងការពារឃាំងទូលបង្គំ
សូមទ្រង់ស្ដាប់សម្រែកដែលខ្ញុំស្រែកស្ទើរទួញយំ​
បើទ្រង់នៅសំងំនោះរូបខ្ញុំធ្លាក់មរណា
ពេលខ្ញុំដង្ហោយហៅលើកដៃទៅទីសក្ការ
គ្រប់ពេលតែងវាចាសូមមេត្តាសណ្ដាប់ផង
ព្រះម្ចាស់ជាបន្ទាយកំពែងរាយខែលព័ទ្ធជុំ
ការពារសង្គ្រោះខ្ញុំទូលបង្គំគួរទុកចិត្ត
ខ្ញុំរីករាយសប្បាយលែងខ្វល់ខ្វាយឈប់ភ័យភិត
សរសើរព្រះម្ចាស់ពិតដោយមានបទច្រៀងតម្កើង
ព្រះម្ចាស់ជាកម្លាំងការពារពាំងរាស្រ្ដព្រះអង្គ
ទ្រង់ជាកំពែងផងសម្រាប់សង្រ្គោះព្រះគ្រីស្ដ
ឧិព្រះជាអម្ចាស់សូមសង្គ្រោះប្រជារាស្រ្ដ
ទ្រង់ជាគង្វាលឈ្លាសវៃរវាសថែទាំគេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក​ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,១-១០

ព្រះយេស៊ូយាងចូលទៅក្រុងកាផានុម។ នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្តរបស់នាយទាហានរ៉ូម៉ាំងម្នាក់មានជំងឺជាទម្ងន់ ជិតស្លាប់ទៅហើយ។ ពេលនាយទាហាន​នោះឮគេនិយាយអំពីព្រះយេស៊ូ លោកក៏បានចាត់ចាស់ទុំនៃជនជាតិយូដាខ្លះ ឱ្យទៅយាង​ព្រះអង្គមកប្រោសអ្នកបម្រើរបស់លោក។ ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូ ទទូច​អង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណី​ដល់គាត់ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់ធម្មសាលា​ឱ្យយើងផង»។
ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះព្រះអង្គយាងជិតដល់ហើយ នាយទាហានចាត់មិត្តភក្ដិរបស់លោកឱ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញ​ចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ ហេតុនេះហើយ បានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទ នឹងជាសះស្បើយ​មិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហាននៅក្រោមបញ្ជា​ខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឱ្យទៅ គេប្រាកដជាទៅ បើប្រាប់ឱ្យម្នាក់​ទៀតមក គេនឹងមក។ ពេលខ្ញុំព្រះបាទប្រាប់ឱ្យអ្នកបម្រើធើ្វការអ្វីមួយ គេនឹងធើ្វតាម»។ កាលព្រះយេស៊ូព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូល​ថា៖ «ខ្ញុំមិនដែលឃើញមនុស្សណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រា​អែលក៏គ្មានផង»។ មិត្តភក្ដិដែលនាយទាហានចាត់ឱ្យមក ក៏វិលត្រឡប់ទៅវិញ ឃើញ​អ្នកបម្រើបានជាសះស្បើយ។

234 Views