ថ្ងៃចន្ទ អាទិត្យទី០៦
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃចន្ទ ទី១៦ ខែកុម្ពៈ ឆ្នាំ២០២៦
សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ១,១-១១
ខ្ញុំយ៉ាកុបជាអ្នកបម្រើព្រះជាម្ចាស់ និងជាអ្នកបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត សូមជម្រាបមកកុលសម្ព័ន្ធទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។ បងប្អូនអើយ! ទុក្ខលំបាក់គ្រប់យ៉ាងដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថាជាការដែលធ្វើឱ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ ដោយដឹងថា ការល្បងមើលជំនឿរបស់បងប្អូននឹងនាំឱ្យបងប្អូនចេះស៊ូទ្រាំ។ ក៏ប៉ុន្តែ ត្រូវឱ្យការស៊ូទ្រាំនេះបង្កើតចេញជាផលដ៏ល្អគ្រប់លក្ខណៈ ដើម្បីឱ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ឥតខ្វះត្រង់ណាឡើយ។ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានឱ្យជាមិនខាន ដ្បិតទ្រង់ប្រទានឱ្យមនុស្សទាំងអស់ ដោយព្រះហប្ញទ័យទូលាយឥតបន្ទោសឡើយ។ ក៏ប៉ុន្តែ អ្នកនោះត្រូវទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្តសង្ស័យ ប្រៀបបាននឹងរលកសមុទ្រ ត្រូវបក់បោកចុះឡើងទៅតាមខ្យល់។ មនុស្សប្រភេទនេះមិនត្រូវនឹកស្មានថា នឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ ព្រោះគេជាមនុស្សមានចិត្តពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្តទេ។ សូមឱ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។ រីឯបងប្អូនដែលជាអ្នកមានវិញ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយព្រះជាម្ចាស់បន្ទាបគេចុះ ដ្បិតអ្នកមាននឹងត្រូវរុះរោយទៅដូចផ្កា។ លុះដល់ថ្ងៃរះពេញកំដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយហើយលំអររបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ទៅជាមួយកិច្ចការដែលខ្លួនប្រព្រឹត្តដែរ។
ទំនុកតម្កើងលេខ ១១៩ (១១៨),៦៧-៦៨.៧១-៧២.៧៥-៧៦ បទពាក្យ ៧
| ៦៧ | កាលគ្រាមុននោះខ្ញុំវង្វេង | កណ្តោចកណ្តែងវេទនាណាស់ | |
| តែឥឡូវនេះខ្ញុំយល់ច្បាស់ | ខ្ញុំខំស្ទាស្ទុះតាមបញ្ជា | ។ |
| ៦៨ | ទ្រង់មានព្រះហប្ញទ័យសប្បុរស | ករុណាសន្តោសមនុស្សលោកា | |
| សូមបង្រៀនក្រឹត្យក្រមធម្មា | វិន័យបញ្ជាតរៀងទៅ | ។ |
| ៧១ | ទូលបង្គំរងទុក្ខវេទនា | ក៏គឺជាការប្រពៃណាស់ | |
| ដើម្បីខ្ញុំបានរៀនឱ្យច្បាស់ | ពីវិន័យព្រះដ៏ថ្លាថ្លៃ | ។ |
| ៧២ | ធម្មវិន័យដែលព្រះអង្គបាន | ប្រកាសឱ្យកាន់មានតម្លៃ | |
| ប្រសើរជាងមាសពេជ្រចរណៃ | ជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់ | ។ |
| ៧៥ | បពិត្រព្រះម្ចាស់អើយខ្ញុំស្គាល់ | ខ្ញុំដឹងខ្ញុំយល់ថាព្រះម្ចាស់ | |
| សម្រេចពីអ្វីសុចរិតណាស់ | ទោះទ្រង់ដាក់ទោសក៏ត្រឹមត្រូវ | ។ |
| ៧៦ | សូមទ្រង់មេត្តាជួយសំរាល | ទុក្ខខ្ញុំឱ្យស្រាលកុំឱ្យនៅ | |
| តាមទ្រង់សន្យាកុំហ្មងសៅ | ដល់ខ្ញុំដែលត្រូវជាបម្រើ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦.៩
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រះអង្គពិតជាផ្លូវ ជាសេចក្តីពិត និងជាជីវិត! អ្នកណាជឿលើព្រះអង្គ អ្នកនោះទទួលស្គាល់ព្រះបិតា។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,១១-១៣
ពួកខាងគណៈផារីស៊ីមកដល់ ហើយនាំគ្នាជជែកជាមួយព្រះយេស៊ូ ដើម្បីល្បងលមើលព្រះអង្គ គេសូមឱ្យព្រះអង្គសម្តែងទីសម្គាល់ដ៏អស្ចារ្យមួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់។ ព្រះយេស៊ូដកដង្ហើមធំ រួចមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះ ចង់ឃើញទីសម្គាល់ដូច្នេះ? ខ្ញុំសុំប្រាប់ឱ្យអ្នករាលគ្នាដឹងច្បាស់ថា ព្រះជាម្ចាស់មិនឱ្យគេឃើញទីសម្គាល់ណាឡើយ»។ បន្ទាប់មក ព្រះអង្គយាងចាកចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។
245 Views