ថ្ងៃអាទិត្យ-អាទិត្យទី៤-រដូវអប់រំពិសេស«ឆ្នាំខ»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ​ អាទិត្យទី០៤
រដូវអប់រំពិសេស «ឆ្នាំខ»
ពណ៌ផ្កាឈូក

ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤

ថ្ងៃអាទិត្យទី ៤ ក្នុងរដូវអប់រំពិសេស

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នារិះគិតអំពីប្រវត្តិនៃប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ យើងនាំគ្នានឹករំពឹងអំពីធម៌មេត្តាករុណារបស់ព្រះអង្គ ដែលណែនាំទាំងប្រវត្តិរបស់គេ ទាំងប្រវត្តិរបស់យើង។ ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះអង្គយាងមកបំភ្លឺមនុស្សលោក។ ជំនឿពិត ជាពន្លឺដែលធ្វើឱ្យអ្នកជឿទទួលស្គាល់ធម៌មេត្តាករុណារបស់ព្រះបិតាគ្រប់ពេលវេលា។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកផ្សះផ្សាមនុស្សលោកនឹងព្រះអង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតគ្រីស្តបរិស័ទទាំងឡាយ ជាពិសេសអស់អ្នកដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។ សូមពង្រឹងជំនឿយើងខ្ញុំឱ្យទទួលស្គាល់ព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គគ្រប់ពេលវេលាផង។

ក្នុងព្រះសហគមន៍ដែលមានបងប្អូនទទួលការអប់រំត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងខាងមុខនេះ ត្រូវអានគម្ពីរដំណឹងល្អតាមលោកយ៉ូហាន ៩,១-៤១ សម្រាប់ឆ្នាំ «ក» នៅទំព័រ៣០៩ ទោះជាឆ្នាំ «ខ» និងឆ្នំា «គ» ក៏ដោយ។

អត្ថបទទី ១៖ សូមថ្លែងព្រះគម្ពីររបាក្សត្រទី២ ២របា ៣៦,១៤-១៦.១៩-២៣

នៅក្នុងរជ្ជកាលព្រះបាទសេដេខ្យាស មេដឹកនាំទាំងអស់របស់ក្រុមបូជាចារ្យ ព្រមទាំងប្រជាជននាំគ្នាប្រព្រឹត្តអំពើអាក្រក់ និងក្បត់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមតាមប្រជាជាតិនានា ហើយបន្ថោកព្រះដំណាក់របស់ព្រះអម្ចាស់ ដែលព្រះអង្គបានញែកជាសក្ការៈនៅក្រុងយេរូសាឡឹម។ ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចាត់អ្នកបម្រើរបស់ព្រះអង្គឱ្យទៅដាស់តឿនពួកគេជាច្រើនដង ព្រោះព្រះអង្គមានព្រះហប្ញទ័យមេត្តាប្រជារាស្ត្រ និងព្រះដំណាក់របស់ព្រះអង្គផ្ទាល់។ ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលព្រះអង្គចាត់ឱ្យទៅ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ព្រមទាំងប្រមាថពួកព្យាការី រហូតធ្វើឱ្យព្រះអង្គទ្រង់ព្រះពិរោធ ទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។ កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្តួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកម្ទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។ ព្រះចៅនេប៊ូកានេសារកៀរប្រជាជនដែលនៅសេសសល់ពីស្លាប់ យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ព្រះចៅនេប៊ូនេសារនិងបុត្ររបស់ស្តេច រហូតដល់អាណាចក្រពែរ្ស៍គ្រប់គ្រងស្រុក។ ហេតុការណ៍នេះកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីយេរេមីថា ”ស្រុកទេសនឹងក្លាយទៅជាទីស្មសាន្ត អស់រយៈពេលចិតសិបឆ្នាំ ដូច្នេះ ក្នុងអំឡុងពេលនោះ ទឹកដីនឹងបានសម្រាកជំនួយឆ្នាំសប្ប័ទដែលប្រជាជនពុំបានគោរព”។ ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្តេចស្រុកពែរ្ស៍ ព្រះអម្ចាស់បានជំរុញព្រះហប្ញទ័យព្រះចៅស៊ីរូសឱ្យចេញប្រកាស និងរាជ្យក្រឹត្យ ក្នុងអាណាចក្ររបស់ស្តេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេរេមី មានសេចក្តីដូចតទៅ៖ «ព្រះចៅស៊ីរូស ជាស្តេចស្រុកពែរ្ស៍ មានរាជឱង្ការដូចតទៅ ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកឱ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឱ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដាថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ ឱ្យអ្នកនោះវិលទៅកាន់ក្រុង យេរូសាឡឹមវិញ ហើយសូមឱ្យព្រះរបស់គេគង់នៅជាមួយគេផង»។

ទំនុកតម្កើងលេខ ១៣៧(១៣៦),១-៦ បទពាក្យ ៧

យើងអង្គុយនឹកគិតរិះរេនៅមាត់ទន្លេបាប៊ីឡូន
យំនឹកស្រណោះក្រុងស៊ីយ៉ូនធ្មេចភ្នែកក៏ឃើញក្នុងនេត្រា
ព្រះចន្ទចោលរស្មីឆ្អៅឆ្អិនយើងបានព្យួរពិណយើងនោះណា
ជិតមាត់ទន្លេដើមរុក្ខារួចចោលភក្រ្តាមើលទៅឆ្ងាយ
ពេលនោះពួកអ្នកដែលចាប់យើងគេសុំឱ្យច្រៀងបទសប្បាយ
គេពោលថាចូរច្រៀងបរិយាយក្រុងស៊ីយ៉ូនឱ្យយើងស្តាប់ផង
តើឱ្យយើងច្រៀងបទតម្កើងថ្វាយព្រះនៃយើងពេលនេះម្តង
នៅលើទឹកដីដ៏សៅហ្មងនៃបរទេសផងដូចម្តេចកើត?
ឱ! ក្រុងយេរូសាឡឹមអើយខ្ញុំមិនភ្លេចឡើយក្រុងល្អឆើត
បើខ្ញុំភ្លេចអ្នកភ្លេចកំណើតសូមដៃខ្ញុំពើតស្ពឹកចុកចាប់
ប្រសិនបើខ្ញុំមិនជឿជាក់មិនចាត់ទុកអ្នកដូចខ្ញុំប្រាប់
ជាអំណរដ៏ខ្លាំងក្លាគាប់សូមអណ្តាតជាប់រឹងជិតជុំ

អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ២,៤-១០

បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់តែងតែមានព្រះហប្ញទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណ ព្រះអង្គមានព្រះហប្ញទ័យស្រឡាញ់យើងយ៉ាងខ្លាំងបំផុត គឺទោះបីយើងស្លាប់ ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានឱ្យយើងមានជីវិតរួមជាមួយព្រះគ្រីស្តដែរ។ ព្រះជាម្ចាស់សង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហប្ញទ័យប្រណីសន្តោស។ ព្រះអង្គបានប្រោសយើងឱ្យមានជីវិតថ្មីរួមជាមួយព្រះគ្រីស្តយេស៊ូ និងឱ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។ ព្រះអង្គបង្ហាញព្រះហប្ញទ័យសប្បុរសចំពោះយើងក្នុងអង្គព្រះគ្រីស្តយេស៊ូ ដូច្នេះ ដើម្បីបង្ហាញឱ្យមនុស្សគ្រប់ជំនាន់ខាងមុខស្គាល់ព្រះហប្ញទ័យប្រណីសន្តោសដ៏ប្រសើរ​លើសលប់បំផុតរបស់ព្រះអង្គ ព្រះអង្គសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហប្ញទ័យប្រណីសន្តោស ដោយបងប្អូនមានជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឱ្យនរណាម្នាក់អួតខ្លួនបាន។ យើងជាស្នាព្រះហស្តដែលព្រះជាម្ចាស់បានបង្កើតមកក្នុងអង្គព្រះគ្រីស្តយេស៊ូ ដើម្បីឱ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះអង្គបានបម្រុងទុកជាមុនសម្រាប់ឱ្យយើងប្រព្រឹត្តតាម។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៧,៥

បពិត្រព្រះយេស៊ូជាអម្ចាស់! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ព្រះជាម្ចាស់ស្រឡាញ់មនុស្សខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។
បពិត្រព្រះយេស៊ូជាអម្ចាស់! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៣,១៤-២១

កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ធ្វើពីទង់ដែងឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច គឺមិនឱ្យគេវិនាសឡើយ។ ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកដោយសារព្រះបុត្រាវិញ។ អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ រីឯអ្នកមិនព្រមជឿបានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។ ហេតុដែលបណ្តាលឱ្យមានទោសនោះគឺ ពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្តែ មនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។ អស់អ្នកដែលប្រព្រឹត្តអំពើក្បត់ តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនបានប្រព្រឹត្ត។ ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្តតាមសេចក្តីពិត តែងតែចូលមករកពន្លឺ ដើម្បីឱ្យគេឃើញថា អំពើដែលខ្លួនប្រព្រឹត្តនោះស្របតាមព្រះជាម្ចាស់មែន។

ព្រះយេស៊ូយាងមកក្នុងលោកនេះ ដើម្បីសម្ដែងអំពីព្រះហឫទ័យស្រឡាញ់ហួសកំរិតរបស់ព្រះបិតា ។

ពាក្យពន្យល់៖ សូមអានសេចក្តីអត្ថាធិប្បាយសន្តយ៉ូហាន ទំព័រ ៥៦-៥៥

អត្ថបទនេះ តពីអត្ថបទដែលរៀបរាប់អំពីព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម។ ក្នុងអត្ថបទនេះ លោកយ៉ូហានពន្យល់ជំនឿរបស់ព្រះសហគមន៍លើព្រះយេស៊ូ និងអំពីមុខងាររបស់ព្រះអង្គ ។

“ពស់ធ្វើពីទង់ដែង៖ (សូមអានគម្ពីរជំរឿនប្រជាជន ២១,៤-៩) ជារឿងមួយរៀបរាប់ថា ប្រសិនបើមាននរណាម្នាក់ត្រូវពស់ចឹក អ្នកនោះត្រូវសម្លឹងមើលទៅរូបពស់ធ្វើពីទង់ដែង នោះមិនត្រូវស្លាប់ទេ ។ លោកយ៉ូហានប្រៀបប្រដូចព្រះយេស៊ូដែលជាប់លើឈើឆ្កាង ទៅ នឹងពោះដែលធ្វើពីទង់ដែងនោះ គឺអស់អ្នកណាបែរចិត្តមកជឿសង្ឃឹមលើព្រះយេស៊ូដែលត្រូវគេឆ្កាង អ្នកនោះនឹងទទួលការសង្គ្រោះពីព្រះអង្គ ។

“បុត្រមនុស្ស៖ ពាក្យនេះមានអត្ថន័យពីរយ៉ាងគឺ៖ ម្យ៉ាងថា ព្រះយេស៊ូពិតជាមនុស្សដូចមនុស្សឯទៀតទាំងអស់ដែរ ម្យ៉ាងទៀតមានន័យថា ព្រះយេស៊ូជាព្រះមួយអង្គដែលនឹងយាងមកនៅពេលចុងក្រោយបំផុត ប្រកបដោយអំណាច និងវិនិច្ឆ័យប្រជាជនទាំងឡាយតាមពាក្យទំនាយរបស់ព្យាការីដនីអែល ៧,១៤។

“ពន្លឺបានយាងមកក្នុងពិភពលោក៖ ព្រះយេស៊ូជាព្រះបន្ទូល និងជាបុត្រានៃព្រះបិតា ។ ព្រះអង្គយាងមកបង្ហាញទីដៅនៃជីវិត​​​ មនុស្ស។ ព្រះអង្គបំភ្លឺចិត្តគំនិតមនុស្សគ្រប់ៗរូប និងផ្តល់ជីវិតអោយពួកគេផង (យហ ១,៩, ៩,៥)។

“ភាពងងឹត៖ គឺ កិលេសតណ្ហា អំពើអាក្រក់ និងសេចក្តីស្លាប់។

“ប្រព្រឹត្តតាមសេចក្តីពិត”៖ គឺប្រព្រឹត្តតាមព្រះយេស៊ូគ្រីស្តដែលជាពន្លឺបង្ហាញសេចក្តីពិត។ ព្រះអង្គបង្ហាញអោយអ្នកជឿស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ។

ឃ្លាសំខាន់ពីរឱ្យគេចាំរត់មាត់៖

“ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក “…” ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកវិញ”។

– ព្រះយេស៊ូពិតជាព្រះបុត្រានៃព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះហឫទ័យស្រឡាញ់យើង ដូចព្រះបិតាស្រឡាញ់យើងដែរ។ ព្រះយេស៊ូសព្វព្រះហឫទ័យជាប់លើឈើឆ្កាង ដើម្បីប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើង។

– ប្រសិនបើយើងជឿសង្ឃឹមលើព្រះយេស៊ូ ព្រះអង្គមុខជានឹងប្រោសយើងឱ្យរួចពីទីងងឹត គឺរួចពីសេចក្ដីអាក្រក់ ទ្រង់ក៏នឹងប្រោសឱ្យយើងរស់ទីភ្លឺ និងឱ្យប្រព្រឹត្ដតាមព្រះហឫទ័យព្រះបិតាពុំខាន។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាចំពោះមនុស្សលោក សូម្បីតែមនុស្សបាប ក៏ព្រះអង្គអាណិតដែរ។ យើងខ្ញុំគ្មានអ្វីតបស្នងព្រះគុណព្រះអង្គ ក្រៅពីផ្ញើជីវិតទាំងស្រុងទៅលើព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ និងសូមអរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ គឺព្រះគ្រីស្តនេះហើយដែលជាពន្លឺដ៏ពិតប្រាកដ ទ្រង់បំភ្លឺចិត្តគំនិតយើងខ្ញុំ ដោយប្រោសយើងខ្ញុំឱ្យមានជំនឿ ទ្រង់ណែនាំមនុស្សលោកឱ្យចេញផុតពីភាពងងឹត ដើរឆ្ពោះទៅរកព្រះអង្គ។ ទ្រង់បង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះអ្នកបាប ហើយប្រោសអស់អ្នកជឿឱ្យទៅជាបុត្រធីតាព្រះអង្គផង។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់អ្នកដែលលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គពិតជាពន្លឺដែលបំភ្លឺមនុស្សគ្រប់ជាតិ គ្រប់សាសន៍។ សូមទ្រង់ព្រះមេត្តាប្រោសពង្រឹងជំនឿរបស់យើងខ្ញុំ ដែលទើបទទួលព្រះកាយ និងព្រះលោហិតព្រះបុត្រាព្រះអង្គ។ សូមបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយល់អំពីធម៌មេត្តាករុណារបស់ព្រះអង្គ និងស្រឡាញ់អ្នកដទៃតាមរបៀបព្រះអង្គផង។

516 Views