អាទិត្យទី៣១ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញ្ញាណ ប្រាញ ១១,២៣-១២,២

បពិត្រព្រះអម្ចាស់ ព្រះអង្គតែងតែអាណិតអាសូរមនុស្សទាំងអស់ ព្រោះព្រះ​អង្គមានឫទ្ធានុភាពអាចសម្រេចកិច្ចការទាំងអស់បាន។ ព្រះអង្គមិនប្រកាន់មនុស្ស​​​​ដែលប្រព្រឹត្ដអំពើបាបទេ ដើម្បីឱ្យគេកែប្រែចិត្ដគំនិត។ ព្រះអង្គស្រឡាញ់សត្វ​លោកទាំងអស់ មិនស្អប់ខ្ពើមសត្វលោកណាមួយដែលព្រះអង្គបានបង្កើតសោះឡើយ។ ប្រសិនបើព្រះអង្គស្អប់សត្វលោកណាមួយ ព្រះអង្គមិនបានបង្កើតសត្វលោកនោះទេ! ប្រសិនបើព្រះអង្គមិនសព្វព្រះហឫទ័យបង្កើតទេនោះ តើមាន​សត្វលោកណាអាចរស់នៅបាន? ប្រសិនបើព្រះអង្គមិនហៅឱ្យកើតមកទេ តើសត្វលោកនោះអាចនៅស្ថិតស្ថេរដូចម្ដេចបាន? បពិត្រព្រះអម្ចាស់ដែលស្រឡាញ់​ជីវិត ព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះសត្វលោកទាំងអស់ ដ្បិតសត្វ​លោកសុទ្ធតែជាកម្មសិទ្ធរបស់ព្រះអង្គ។ រីឯព្រះវិញ្ញាណដែលមិនចេះរលួយក៏ស្ថិតនៅក្នុងសត្វលោកទាំងនោះដែរ! បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែស្ដីបន្ទោសយ៉ាងទន់ភ្លន់ចំពោះអ្នកដែលប្រព្រឹត្ដអំពើអាក្រក់ ព្រះអង្គទូន្មានពួកគេដោយរំឭកគេពីអំពើបាបរបស់ខ្លួន ដើម្បីឱ្យគេលះបង់អំពើអាក្រក់ ហើយងាកមកជឿ​លើព្រះអង្គវិញ។

ទំនុកតម្កើងលេខ ១៤៥ (១៤៤), ១-២.៨-១១.១៤.១៧ បទកាកគតិ

បពិត្រព្រះម្ចាស់ជាក្សត្ររបស់រូបទូលបង្គំ
ពេលនេះខ្ញុំកោតនាមព្រះឧត្តមអស់កល្បយូរលង់
ជារៀងដរាប
ខ្ញុំសូមតម្កើងព្រះអង្គខ្ពស់ឡើងតទៅរៀងរៀប
ខ្ញុំសូមសរសើរព្រះនាមល្អគាប់អស់កល្បដរាប
រហូតតទៅ​
ព្រះជាអម្ចាស់ប្រកបដោយព្រះហឫទ័យត្រចង់
ប្រណីសន្ដោសករុណាហ្មត់ហ្មងអត់ធ្មត់កន្លង
អាណិតមេត្ដា
ព្រះជាអម្ចាស់ព្រះទ័យសប្បុរសលើមនុស្សលោកា
ទ្រង់មានព្រះទ័យសន្ដោសករុណាមនុស្សគ្រប់អាត្មា
រស់ពេញផែនដី
១០បពិត្រព្រះម្ចាស់សត្វលោកទាំងអស់មានច្រើនពេកក្រៃ
នាំគ្នាតម្កើងរុងរឿងសិរីរាស្រ្ដទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១១គេនឹងរៀបរាប់ព្រះរាជ្យគួរគាប់រុងរឿងស្ថិតស្ថេរ
របស់ព្រះអង្គឥតមានប្រួលប្រែអនុភាពឥតកែ
ព្រះអង្គនៅគង់
១៤ព្រះអង្គលើកអ្នកហេវខ្សោះអួលអាក់ដួលយំស្រែកថ្ងូរ
ទ្រង់លើកអ្នកអស់សង្ឃឹមឱ្យឈរពង្រឹងជំហរ
ឱ្យល្អវិញបាន
១៧ព្រះជាអម្ចាស់ធ្វើសព្វទាំងអស់នូវរាល់កិច្ចការ
ដោយព្រះហឫទ័យសុចរិតថ្លៃថ្លាសន្ដោសករុណា
ទ្រង់បានប្រព្រឹត្ដ

អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ២ថស ១,១១-២,២

បងប្អូនជាទីស្រឡាញ់!
យើងចេះតែអធិដ្ឋានឱ្យបងប្អូនជានិច្ច សូមព្រះជាម្ចាស់នៃយើងប្រទានឱ្យបងប្អូនរស់នៅបានសមតាមការត្រាស់ហៅរបស់ព្រះអ​ង្គ​​។ សូមព្រះអង្គប្រទានឱ្យបងប្អូនអាចបំពេញបំណងដ៏ល្អគ្រប់យ៉ាង និងឱ្យជំនឿរបស់បងប្អូនបង្កើតផលបានបរិបូណ៌ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ ព្រះនាមរបស់ព្រះយេស៊ូជាអម្ចាស់នៃយើងមានសិរីរុងរឿងនៅក្នុងបងប្អូន ហើយបងប្អូនក៏មានសិរីរុងរឿងក្នុងព្រះអង្គ តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់នៃយើង និងព្រះអម្ចាស់យេស៊ូគ្រីស្ដដែរ។ បងប្អូនអើយ! ចំពោះពេលដែលព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ ប្រហែលជា​មានអ្នកខ្លះនិយាយថា ព្រះវិញ្ញាណបានបំភ្លឺឱ្យគេដឹង ឬថា មានពាក្យសម្ដី និង​មានសំបុត្រណាមួយពីយើងបញ្ជាក់ថា«ថ្ងៃព្រះអម្ចាស់មកហើយ!»។ យើង​សូម​​អង្វរបងប្អូនថា កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ដ ឬភ័យស្លន់ស្លោឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់​ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក។
អស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,១-១០

ព្រះយេស៊ូយាងកាត់ក្រុងយេរីខូ។ មានបុរសម្នាក់ឈ្មោះសាខេជាមេលើអ្នកទារពន្ធ ហើយមានទ្រព្យសម្បត្ដិយ៉ាងច្រើន។ គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្ដែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មាន​មាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។ កាលព្រះយេស៊ូ​យាងមកដល់ ព្រះអង្គងើបព្រះភក្រ្ដឡើង ហើយមាន​ព្រះបន្ទូលទៅគាត់ថា៖«លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះខ្ញុំត្រូវស្នាក់នៅផ្ទះរបស់លោក»។ លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។ កាលមនុស្សទាំងអស់ឃើញដូច្នោះ គេ រអ៊ូរទាំថា៖«មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ លោកសាខេក្រោកឈរឡើងទូលព្រះអម្ចាស់ថា៖«បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្ដិរបស់ទូលបង្គំចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ។ ប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។ ព្រះយេស៊ូមានព្រះបន្ទូលអំពីគាត់ថា៖«ថ្ងៃនេះការ​សង្គ្រោះមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។ បុត្រមនុស្សបានមកដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។

164 Views

Theme: Overlay by Kaira