អាទិត្យទី៣០ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៣៥,១៥-១៧.២០-២២

ព្រះ‌អម្ចាស់​ជា​ចៅ​ក្រម ព្រះ‌អង្គ​វិនិច្ឆ័យដោយ​មិន​រើស​មុខ។ ព្រះ‌អង្គ​មិន​ធ្វើឱ្យខូចប្រយោជន៍​របស់​អ្នក​ក្រ‌ខ្សត់ ព្រះ‌អង្គ​តែង​តែ​ព្រះ‌សណ្តាប់​ពាក្យ​អង្វរ​របស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន។ ព្រះ‌អង្គ​មិន​ដែល​ព្រងើយ​កន្តើយនឹង​ក្មេង​កំព្រា ព្រម​ទាំង​ពាក្យ​ត្អូញ​ត្អែរ​របស់​ស្រ្តី​មេ​ម៉ាយ​ទេ។ អ្នក​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ដោយ​ស្មោះ​អស់​ពី​ចិត្តពិត​ជា​គាប់​ព្រះ‌ហប្ញទ័យ​ព្រះ‌អង្គ ហើយ​ពាក្យ​សុំ​របស់​គេ​នឹង​ទ្បើង​ទៅ​ដល់​ព្រះ‌អង្គ។ ពាក្យ​អង្វរ​របស់​មនុស្ស​ទន់​ទាប ពិត​ជា​រសាត់​ទៅ​ដល់​ស្ថាន​បរម​សុខ។ បើ​ព្រះ‌អម្ចាស់​មិន​ឆ្លើយ​តប​ទេ គេ​មិន​ព្រម​ឈប់​ព្រួយ​ទ្បើយ គេ​នៅ​តែ​ទទូច​អង្វរ​ឥត​ឈប់​ឈរ ទាល់​តែ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​អាណិត​គេ។ ព្រះ‌អង្គ​វិនិច្ឆ័យ និង​រក​យុត្តិ‌ធម៌ឱ្យ​គេ។ ព្រះ‌អម្ចាស់​មិន​បង្អែ​បង្អង់​ទេ ព្រះ‌អង្គ​គ្មាន​ព្រះ‌ហប្ញទ័យ​អត់​ធ្មត់ចំពោះ​ជន​ដែល​ធ្វើ​បាប​មនុស្ស​សុច‌រិត​ទ្បើយ ព្រះ‌អង្គ​បំបាក់​ខ្នង​របស់​ជន​ទាំង​នោះ​ឥត​ត្រា​ប្រណី។

ទំនុកតម្កើងលេខ ៣៤ (៣៣), ២-៣.៧.១៦.១៨-១៩.២៣ បទកាកគតិ

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ
ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្ដើយ
ចូរអ្នកទន់ទាបស្ដាប់កុំព្រងើយនឹងបានធូរស្បើយ
អំណរខ្លាំងក្លា
អស់អ្នកកម្សត់និងមនុស្សទុរគតគេស្រែកដង្ហោយ
ហៅរកព្រះម្ចាស់ទ្រង់សណ្ដាប់ហើយសង្គ្រោះគេឱ្យ
ផុតពីគ្រោះកាច
១៦ព្រះម្ចាស់តែងតែរំពៃមើលថែអស់មនុស្សសុចរិត
ទ្រង់យកព្រះទ័យទុកដាក់ពិតៗថែទាំនៅជិត
រាល់ទិនទិវា
១៨ពេលអ្នកទៀងត្រង់ស្រែករកព្រះអង្គទ្រង់មិនកន្ដើយ
ព្រះអង្គសណ្ដាប់ពាក្យគេរួចហើយរំដោះគេឱ្យ
ផុតគ្រោះទាំងឡាយ
១៩ព្រះម្ចាស់គង់ស្ថិតក្បែរអ្នកគ្រាំចិត្ដមានទុក្ខខ្វល់ខ្វាយ
ព្រះអង្គសង្គ្រោះអស់អ្នកទាំងឡាយបានសុខសប្បាយ
ផុតទុក្ខរីងរៃ
២៣ព្រះម្ចាស់សង្គ្រោះជីវិតទាំងអស់ដល់អ្នកដែលបាន
បម្រើព្រះអង្គពឹងផ្អែកផ្ញើប្រាណតែងទទួលបាន
សុខផុតទុក្ខទោស

អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ៤,៦-៨.១៦-១៨

រីឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​បូជា​ជីវិត​រួច​ស្រេច​ហើយ ហើយ​ក៏​ដល់​ពេល​កំណត់ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​លោក​នេះ​ដែរ។ ខ្ញុំ​បាន​ពុះ‌ពារ​តយុទ្ធ​ល្អ​ប្រសើរ ខ្ញុំ​បាន​រត់​ដល់​ទី‌ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។ ឥឡូវ​នេះ ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិតបាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ឱ្យ​ខ្ញុំនៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​មិន​ត្រឹម​តែ​ប្រទាន​ឱ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​ឱ្យអស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​យាង​មក​យ៉ាង​ឱឡា‌រិក​នោះ​ដែរ។ ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ​ដោះ‌សា​ខ្លួននៅ​លើក​ទី​មួយ គ្មាន​បង‌ប្អូន​ណា​ម្នាក់​មក​ជួយ​គាំទ្រ​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ‌ជាម្ចាស់​កុំ​ប្រកាន់​ទោស​គេ​ឡើយ!។ មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឱ្យខ្ញុំ​មាន​កម្លាំង ដើម្បី​ឱ្យ​ខ្ញុំ​អាច​ប្រកាស​ព្រះ‌បន្ទូល​យ៉ាង​ក្បោះ‌ក្បាយ​ឱ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ ព្រះ‌អង្គ​ក៏​បាន​ដោះ​លែង​ខ្ញុំឱ្យ​រួច​ពី​មាត់​សឹង្ហ​ដែរ។ ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឱ្យរួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​ព្រះ‌អង្គ​នឹង​សង្គ្រោះ​ខ្ញុំ ដើម្បី​ឱ្យ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យរបស់​ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខ។ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១សម ១៦,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មិនទតមើលសំបកក្រៅដូចមនុស្សលោកទេ គឺព្រះអង្គឈ្វេងយល់ចិត្ដគំនិតវិញ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៨,៩-១៤

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​មួយ​ទៀតទៅ​កាន់​អ្នក​ខ្លះដែល​នឹក​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សុចរិត ហើយ​បែរ​ជា​មើល‌ងាយ​អ្នក​ដទៃ។ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិ‌ស្ឋាន​ក្នុង​ព្រះ‌វិហារ។ ម្នាក់​ខាង​គណៈ‌ផារីស៊ី ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ។ បុរស​ខាង​គណៈ‌ផារីស៊ី​ឈរ​អធិ‌ស្ឋាន​ក្នុង​ចិត្ត​ថា “បពិត្រ​ព្រះ‌ជាម្ចាស់ ទូល‌បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ព្រោះ​ទូល‌បង្គំ​មិន​ដូច​ជន​ឯ​ទៀតៗ​ទេ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ចោរ ជា​មនុស្ស​ទុច្ចរិត ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ទូល‌បង្គំ​ក៏​មិន​ដូច​អ្នក​ទារ​ពន្ធ​នេះ​ដែរ ទូល‌បង្គំ​តម​អាហារ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ ហើយ​ទូល‌បង្គំ​ថ្វាយ​របស់​អ្វីៗ​ទាំង​អស់ដែល​ទូល‌បង្គំ​រក​បានមួយ​ភាគ​ដប់​ដល់​ព្រះ‌អង្គ”។ រីឯ​អ្នក​ទារ​ពន្ធ គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ផង។ គាត់​គក់​ទ្រូងទូល​ថា “ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទូល‌បង្គំ​ជា​មនុស្ស​បាប​ផង”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ប្រោស​អ្នក​ទារ​ពន្ធ​នេះ​ឱ្យ​បាន​សុចរិត ហើយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ រីឯ​បុរស​ខាង​គណៈ‌ផារីស៊ី​មិន​បាន​សុចរិត​ទេ។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន​នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។

137 Views

Theme: Overlay by Kaira