អាទិត្យទី២៩ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៧,៨-១៣
ប្រជាជនអ៊ីស្រាអែលកំពុងធ្វើដំណើរក្នុងវាលរហោស្ថាន។ ជនជាតិអាម៉ាឡេកនាំគ្នាមកវាយជនជាតិអ៊ីស្រាអែលនៅរេភីឌីម។ លោកម៉ូសេពោលទៅកាន់លោកយ៉ូស៊ូអាថា៖«ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំងជាមួយជនជាតិអាម៉ាឡេកចុះ។ ស្អែកខ្ញុំនឹងឡើងទៅឈរលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះជាម្ចាស់»។ លោកយ៉ូស៊ូអាក៏ចេញទៅប្រយុទ្ធជាមួយជនជាតិអាម៉ាឡេកតាមបង្គាប់របស់លោកម៉ូសេ។ ចំណែកលោកម៉ូសេ លោកអរ៉ុន និងលោកហួរក៏នាំគ្នាឡើងទៅលើកំពូលភ្នំ។ កាលណាលោកម៉ូសេលើកដៃឡើងលើ ជនជាតិអ៊ីស្រាអែលមានប្រៀបជាង។ កាលណាលោកទម្លាក់ដៃចុះ ជនជាតិអាម៉ាឡេកមានប្រៀបជាង។ ដោយដៃរបស់លោកម៉ូសេចុកស្រពន់ ពួកគេក៏យកថ្មមកជូនលោកអង្គុយ។ លោកអរ៉ុន និងលោកហួរ ទ្រដៃលោកម្ខាងម្នាក់ ជាហេតុធ្វើឱ្យលោកម៉ូសេអាចលើកដៃបានរហូតដល់ថ្ងៃលិច។ ដូច្នេះ លោកយ៉ូស៊ូអាមានជ័យជម្នះលើកងទ័ពអាម៉ាឡេក ហើយប្រហារពួកគេដោយមុខដាវ។
ទំនុកតម្កើងលេខ ១២១ (១២០), ១-៨ បទពាក្យ ៧
១ | ខ្ញុំងើបមុខឡើងភ្នែកសម្លឹង | ឯនាយល្វើយល្វឹងទៅដល់ភ្នំ | |
ថាតើនរណានឹងជួយខ្ញុំ | ឱ្យផុតទុក្ខធំគ្រប់ៗគ្រា | ។ | |
២ | គឺមានតែអង្គព្រះអម្ចាស់ | ដែលប្រណីប្រោសរាល់វេលា | |
ទ្រង់បង្កើតដីផ្ទៃមេឃា | ព្រះអង្គគឺជាព្រះសង្គ្រោះ | ។ | |
៣ | សូមទ្រង់មេត្ដាកុំបណ្ដោយ | ឱ្យជើងអ្នកធ្លោយរងរបួស | |
ករុណាអាសូរជួយសង្គ្រោះ | កុំឱ្យមានគ្រោះឬត្រូវដួល | ។ | |
៤ | ព្រះអង្គដែលថែទាំការពារ | អ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល | |
ព្រះអង្គមិនងុយងោកប្រែប្រួល | ទ្រង់ក៏មិនដែលផ្ទំលក់ឡើយ | ។ | |
៥ | ព្រះអម្ចាស់តែងរក្សាថែ | ការពារឥតល្ហែមិនកន្ដើយ | |
ទ្រង់គង់នៅខាងស្ដាំអ្នកហើយ | កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ | ។ | |
៦ | ក្នុងពេលថ្ងៃមានព្រះអាទិត្យ | នឹងមិនរោមរឹតធ្វើទោសទុក្ខ | |
ឯព្រះចន្ទចរនៅពេលយប់ | ក៏មិនមានទុក្ខដល់អ្នកដែរ | ។ | |
៧ | ព្រះអម្ចាស់នឹងថែរក្សា | រារាំងបាំងការពារថ្នមថែ | |
ហេតុការណ៍អាក្រក់ទ្រង់បង្វែរ | មិនឱ្យកើតក្បែររូបអ្នកឡើយ | ។ | |
៨ | ព្រះអម្ចាស់ថែទាំអ្នកគ្រប់ | អ្វីៗទាំងសព្វមិនកន្ដើយ | |
កិច្ចការអ្នកធ្វើនឹងធូរស្បើយ | ពីពេលនេះហើយតរៀងទៅ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ៣,១៤-៤,២
កូនជាទីស្រឡាញ់! កូនត្រូវកាន់តាមសេចក្ដីដែលកូនបានរៀន និងយកធ្វើជាគោលជំនឿឱ្យខ្ជាប់ខ្ជួនឡើង! ប្អូនដឹងច្បាស់ហើយថា ប្អូនបានរៀនសេចក្ដីទាំងនេះពីនរណាមក!។ ប្អូនស្គាល់ព្រះគម្ពីរតាំងតែពីនៅកុមារម្ល៉េះ ហើយព្រះគម្ពីរអាចផ្ដល់ឱ្យប្អូនមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើព្រះគ្រីស្ដយេស៊ូ។ គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺឱ្យតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំឱ្យរស់តាមសេចក្ដីសុចរិត ក្នុងគោលបំណងឱ្យអ្នកបម្រើរបស់ព្រះជាម្ចាស់មានសមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្ដអំពើល្អគ្រប់ជំពូក។ ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះភក្រ្ដព្រះជាម្ចាស់ និងនៅចំពោះព្រះភក្រ្ដព្រះគ្រីស្ដយេស៊ូ ដែលនឹងវិនិច្ឆ័យទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងព្រះនាមព្រះអង្គដែលយាងមកយ៉ាងឱឡារឹក ដើម្បីគ្រងរាជ្យនោះថា ចូរប្រកាសព្រះបន្ទូល ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវ ពន្យល់គេឱ្យដឹងខុសត្រូវ ស្ដីបន្ទោសដាស់តឿន និងបង្រៀនគេដោយចិត្ដអត់ធ្មត់គ្រប់យ៉ាង។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៥,១៧.១៩
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ធ្វើគ្រប់កិច្ចការដោយព្រះហឫទ័យសុចរិត។ ព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសម្រែករបស់អ្នកអង្វរព្រះអង្គ ហើយសង្គ្រោះគេ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៨,១-៨
ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាពន្យល់សាវ័កឱ្យដឹងថា ត្រូវតែអធិដ្ឋានជានិច្ច មិនត្រូវរសាយចិត្ដឡើយ។ នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ជាមនុស្សមិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ មានស្រ្ដីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា៖«សូមលោករកយុត្ដិធម៌ឱ្យនាងខ្ញុំផង»។ ប៉ុន្ដែ ចៅក្រមមិនព្រមកាត់ក្ដីឱ្យភ្លាមៗទេ លោកចេះតែពន្យាពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្ដថា «ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ ក៏អញត្រូវតែកាត់ក្ដីឱ្យស្ត្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដីឱ្យគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖«ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹងតែរកយុត្ដិធម៌ឱ្យអស់អ្នកដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គទាំងយប់ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្ដិធម៌ឱ្យគេក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្ដែ ពេលបុត្រមនុស្សមកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។