អាទិត្យទី២៧ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីហាបាគូក ហគ ១,២-៣; ២,២-៤

ឱព្រះអម្ចាស់អើយ! តើទូលបង្គំត្រូវស្រែកអង្វរព្រះអង្គដល់កាលណាទៀត បើព្រះអង្គមិនស្ដាប់ទូលបង្គំដូច្នេះ? ទូលបង្គំស្រែកទូលព្រះអង្គ ស្ដីអំពីអំពើឃោរ​ឃៅដែលមនុស្សប្រព្រឹត្ដ ម្ដេចក៏ព្រះអង្គមិនសង្គ្រោះយើងខ្ញុំ? ហេតុអ្វីបានជាព្រះអង្គឱ្យទូលបង្គំឃើញតែអំពើអាក្រក់ ហេតុអ្វីបានជាព្រះអង្គឃើញការសង្កត់សង្កិន ហើយនៅស្ងៀមដូច្នេះ? នៅជុំវិញទូលបង្គំមានតែការលួចប្លន់ អំពើឃោរឃៅ និងការប្ដឹងផ្ដល់ទាស់ទែងគ្នា។ ខ្ញុំនឹងទន្ទឹងរង់ចាំចង់ដឹងថា តើព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំយ៉ាងណា តើព្រះអង្គឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំយ៉ាងដូចម្ដេចខ្លះ។ ព្រះអម្ចាស់មានព្រះបន្ទូលតបមកខ្ញុំដូចតទៅ៖«ចូរកត់ត្រានិមិត្ដ​ហេតុនេះ ចូរចារទុកនៅលើបន្ទះថ្មដើម្បីឱ្យគេស្រួលអាន។ និមិត្ដហេតុនឹង​សម្រេច​ជារូបរាង នៅគ្រាដែលបានកំណត់ទុក គឺនឹងមានព្រឹត្ដការណ៍កើតឡើង ស្រប​តាមនិមិត្ដហេតុនេះឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹង​រង់ចាំ ដ្បិតព្រឹត្ដការណ៍ពិតជាកើតមានជាក់ជាមិន​ខាន។ មនុស្សព្រហើនកោង​កាច មុខជាត្រូវវិនាស រីឯមនុស្សសុចរិតនឹងរស់ដោយសារជំនឿ»។

ទំនុកតម្កើងលេខ ៩៥ (៩៤), ១-២.៦-៩ បទកាកគតិ

យើងនាំគ្នាច្រៀងសរសើរតម្កើងថ្វាយព្រះអម្ចាស់
ដោយចិត្ដអបអរសាទរថ្វាយព្រះជាថ្មមាំណាស់
ជួយសង្គ្រោះយើង
យើងនាំគ្នីគ្នារូតរះម្នីម្នាជួបភក្រ្ដព្រះអង្គ
ទាំងអរព្រះគុណស្មូត្របទតម្កើងសរសើរព្រះអង្គ
អស់កល្បអង្វែង
ចូរនាំគ្នីគ្នាគោរពវន្ទាក្រាបថ្វាយព្រះអង្គ
យើងក្រាបចំពោះព្រះភក្រ្ដផូរផង់បារមីត្រចង់
ទ្រង់បង្កើតយើង
ព្រះអង្គជាព្រះនៃយើងទាំងអស់បារមីថ្កុំថ្កើង
ទ្រង់ជាគង្វាលដឹកនាំពួកយើងថ្ងៃនេះព្រះអង្គ
បន្លឺសូរសៀង
អ្នកកុំធ្វើផ្ដាសដូចដូនតាចាស់ល្បងលព្រះអង្គ
នៅមេរីបាក្នុងគ្រាកន្លងនៅម៉ាសាផង
ក្នុងរហោស្ថាន
គឺបុព្វបុរសនៃអ្នកទាំងអស់ចិត្ដគេសាមាន្យ
គេបានល្បងលទោះបីគេបានឃើញកិច្ចប៉ុន្មាន
យើងបានប្រព្រឹត្ដ

អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ១,៦-៨.១៣-១៤

កូនជាទីស្រឡាញ់!
ខ្ញុំសុំរឭកដាស់តឿនលោកប្អូនថា ចូរធ្វើឱ្យព្រះអំណោយ​​​ទានរបស់ព្រះជាម្ចាស់ ដែលប្អូនបានទទួលដោយខ្ញុំដាក់ដៃលើនោះ មានសកម្ម​ភាព​​ឡើងវិញ ដ្បិតព្រះជាម្ចាស់ពុំបានប្រទានឱ្យយើងមានវិញ្ញាណដែលនាំឱ្យខ្លាចទេ គឺព្រះអង្គប្រទានឱ្យយើងទទួលវិញ្ញាណ​ដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្ដធ្ងន់។ ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬ​ខ្មាសនឹងខ្ញុំជាប់ឃុំឃាំងព្រោះតែ ព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ ប្អូនត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំសម្រាប់ដំណឹងល្អ ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះ​ជាម្ចាស់។ ចូរចងចាំព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដែលប្អូនបានទទួលពីខ្ញុំ ទុកធ្វើជាគោលនៃជំនឿ និងសេចក្ដីស្រឡាញ់ដែលយើងមាន ដោយរួមក្នុង​អង្គ​ព្រះគ្រីស្ដយេស៊ូ។ អ្វីៗដ៏ល្អដែលព្រះអង្គផ្ញើទុកនឹងប្អូន ត្រូវរក្សាឱ្យបានគង់វង្ស ដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលសណ្ឋិតនៅក្នុងយើង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១សល ១,២៣

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានប្រោសយើងឱ្យកើតជាថ្មី ដោយពូជមិនចេះរលួយ គឺដោយព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះបន្ទូលនេះផ្ដល់ជីវិត ហើយនៅស្ថិតស្ថេរជាដរាប។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,៥-១០

ក្រុមគ្រីស្ដទូតទូលព្រះអម្ចាស់ថា៖ «សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររំលើងឫសឯងទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិន​ខាន។ ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា នរណាម្នាក់មានអ្នកបម្រើទៅភ្ជូរស្រែ ឬឃ្វាល​ហ្វូងសត្វ។ ពេលអ្នកបម្រើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយ​ថា “សូមអញ្ជើញមកពិសាបាយ”ទេ។ ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់​អ្នកបម្រើថា “ចូររៀបចំបាយទឹកឱ្យខ្ញុំ រួចទៅផ្លាស់ខោអាវមកបម្រើខ្ញុំ ចាំខ្ញុំបរិភោគ​រួច សឹមអ្នកបរិភោគតាមក្រោយ”។ ម្ចាស់មិនដែលអគុណអ្នកបម្រើដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។ រីឯអ្នករាល់គ្នាវិញ ក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់សព្វគ្រប់ ហើយចូរពោលថា យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំគ្រាន់តែបានបំពេញកិច្ចការដែលយើងខ្ញុំ​​​​​ត្រូវធ្វើប៉ុណ្ណោះ»។

148 Views

Theme: Overlay by Kaira