អាទិត្យទី២៥ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស អម ៨,៤-៧

អស់អ្នកដែលចេះតែជិះជាន់អ្នកក្រីក្រ ហើយធ្វើឱ្យជនទុគ៌តត្រូវវិនាស ចូរស្ដាប់ពាក្យខ្ញុំ! អ្នករាល់គ្នាតែងតែបន់ឱ្យបុណ្យចូលខែថ្មី និងថ្ងៃសប្ប័ទឆាប់ចប់ ដើម្បីបើកជង្រុកលក់ស្រូវ ដោយយកតៅតូចជាងធម្មតាមកវាល់ ហើយតម្លើង​ថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេ ដោយបំបាត់ភ្នែកជញ្ជីងទៀតផង។ អ្នករាល់គ្នាយកប្រាក់ទៅទិញជនទុគ៌ត យកស្បែកជើងមួយគូទៅដូរយកជនក្រីក្រ។ សូម្បីតែ​អង្កាមក៏អ្នករាល់គ្នាលក់ដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ ដោយយកទឹកដីដែលជាមោទនភាពរបស់ជនជាតិអ៊ីស្រាអែល ធ្វើជាសាក្សីថា៖​«យើង​​​នឹងមិនភ្លេចអំពើអាក្រក់ណាមួយដែលពួកគេបានប្រព្រឹត្ដនោះឡើយ»។

ទំនុកតម្កើងលេខ ១១៣ (១១២), ១-២.៥-៨ បទព្រហ្មគីតិ

អស់អ្នកបម្រើព្រះជាអម្ចាស់ចូរនាំគ្នា
សរសើរកុំរួញរាថ្កើងនាមានៃព្រះម្ចាស់
ចូរតម្កើងព្រះនាមព្រះម្ចាស់ភ្លាមកុំក្រឡាស់
កុំភ្លេចព្រះអម្ចាស់ពីពេលនេះរហូតទៅ
តើមាននរណាមួយអាចធ្វើឱ្យដូចព្រះម្ចាស់
ព្រះអង្គគង់ខ្ពស់ណាស់លើអាកាសវិសុទ្ធក្រៃ
ព្រះអង្គត្រួតពិនិត្យយ៉ាងល្អន់ល្អិតមកផែនដី
លើមេឃមិនសល់អ្វីសព្វផែនដីមិនកំបាំង
ទ្រង់លើកមនុស្សទន់ខ្សោយមិនបណ្ដោយឱ្យឈឺស្លាំង
លើកផុតពីភក់ជ្រាំផុតអស់ទាំងធូលីដី
ដើម្បីឱ្យគេកាន់អំណាចបានល្អប្រពៃ
នឹងពួកដឹកនាំនៃប្រជារាស្រ្ដរបស់ទ្រង់
ព្រះអង្គប្រទានឱ្យស្រ្ដីអារខ្សោយមានកូនផង
សប្បាយឥតសៅហ្មងកូនរញង់នៅក្នុងផ្ទះ​

អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ធម ២,១-៨

ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឱ្យគេទូលសូមព្រះជាម្ចាស់ អធិដ្ឋាន និងអង្វរព្រះអង្គទាំងអរព្រះគុណសម្រាប់មនុស្សទាំងអស់ផង។ ត្រូវទូលអង្វរសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីឱ្យយើងរស់នៅបានសុខក្សេមក្សាន្ដ គ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ដ និងមានជីវិតថ្លៃថ្នូរ។ នេះហើយជាការល្អ និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង ដែលទ្រង់សព្វព្រះហឫទ័យឱ្យមនុស្សទាំងអស់ទទួលការសង្គ្រោះ និងស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ដ្បិតមានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក គឺព្រះគ្រីស្ដយេស៊ូដែលជាមនុស្ស។ ព្រះអង្គបានបូជាព្រះជន្មដើម្បីលោះមនុស្សទាំងអស់។ នេះជាសក្ខីភាពមួយ ដែលព្រះអង្គបានបង្ហាញនៅពេលកំណត់។ ព្រះអង្គ​បានតែងតាំងខ្ញុំឱ្យប្រកាសសក្ខីភាពនេះ ឱ្យខ្ញុំធ្វើជាគ្រីស្ដទូត និងធ្វើជាគ្រូអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិតឥតកុហកទេ។ ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឱ្យបុរសៗអធិដ្ឋានទាំងលើកដៃឡើងលើដោយចិត្ដបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់យេស៊ូគ្រីស្ដមានសម្បត្ដិដ៏ច្រើន ទ្រង់បានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឱ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៦,១-១៣ (ឬយ៉ាងខ្លី ១៦,១០-១៣)

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖«មានសេដ្ឋីម្នាក់បានប្រគល់មុខងារឱ្យអ្នកបម្រើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្ដិរបស់លោក។ មានគេមក​ជ​ម្រាប​លោកថា អ្នកនោះបានចាយវាយទ្រព្យសម្បត្ដិលោកយ៉ាងខ្ជះខ្ជាយ។ សេដ្ឋីក៏ហៅ​អ្នកមើលខុសត្រូវមកប្រាប់ថា៖«ចូរគិតបញ្ជីយកមកឱ្យខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្ដិខ្ញុំតទៅទៀតបានឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នកមិនល្អសោះ»។ អ្នកបម្រើនោះរិះគិតក្នុងចិត្ដថា “ចៅហ្វាយលែងឱ្យអញទទួលខុសត្រូវលើទ្រព្យសម្បត្ដិលោកទៀត​ហើយ។ តើអញគិតធ្វើការអ្វីវិញហ្ន៎? អញគ្មានកម្លាំងនឹងកាប់គាស់ដីទេ បើដើរសុំទាន ខ្មាសគេ។ អូ៎! នឹកឃើញហើយ! គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញឱ្យស្នាក់នៅផ្ទះគេ នៅពេលអញឈប់​កាន់កាប់ការងារនេះ”។ គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឱ្យចូលមកម្នាក់​ម្ដងៗ គាត់សួរអ្នកទីមួយថា៖«តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?»។ កូនបំណុល​នោះឆ្លើយថា៖«ជំពាក់ប្រេងមួយរយប៉ោត»។ អ្នកបម្រើប្រាប់ថា៖«នេះនែ៎! យកបញ្ជីរបស់អ្នក ហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់​ហាសិប​ប៉ោត»។ បន្ទាប់មក គាត់សួរម្នាក់ទៀតថា៖«តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?»។ កូនបំណុលនោះឆ្លើយថា៖«ជំពាក់ស្រូវប្រាំរយថាំង»។ អ្នកបម្រើប្រាប់ថា៖ «នែ៎! យកបញ្ជីរបស់អ្នកហើយសរសេរដាក់ថា ជំពាក់បួនរយថាំង»។ ម្ចាស់ក៏​សរសើរ​អ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះ តែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរ យកទ្រព្យសម្បតិ្ដលោកីយ៍ដែលតែងបញ្ឆោតចិត្ដនេះទៅធ្វើទាន ដើម្បីឱ្យមានមិត្ដភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយ​សូន្យ​​ទៅ មិត្ដភក្ដិទាំងនោះនឹងទទួលអ្នករាល់គ្នានៅក្នុងដំណាក់របស់ព្រះ​ជា​​ម្ចាស់»។

ប្រសិនបើអានយ៉ាងខ្លី សូមអានតាំងពីកន្លែងនេះតទៅ
ព្រះយេស៊ូមានព្រះបន្ទូលថា៖«អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះ​ក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្ដិលោកីយ៍ ដែលតែងបញ្ឆោតចិត្ដនេះទេ ព្រះជាម្ចាស់ក៏ពុំអាចប្រគល់ទ្រព្យសម្បត្ដិដ៏ពិតប្រាកដមកអ្នករាល់គ្នាបានដែរ។ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បតិ្ដអ្នកដទៃផង ធ្វើម្ដេចឱ្យព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នាមកអ្នករាល់គ្នាបាន! គ្មានអ្នកណាអាច​បម្រើ​ម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់ម្នាក់ ស្រឡាញ់ម្នាក់ ស្មោះត្រង់​នឹង​ម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង គោរពបម្រើទ្រព្យសម្បត្ដិលោកីយ៍ធ្វើជាព្រះផងបានឡើយ»។

163 Views

Theme: Overlay by Kaira