អាទិត្យទី២២ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៣,១៧-១៨.២០.២៨-២៩

ម្នាលកូនអើយ! ចូរមានចិត្ដស្លូតបូតក្នុងគ្រប់កិច្ចការដែលកូនធ្វើ មនុស្សម្នានឹងស្រឡាញ់កូនជាងអ្នកមានចិត្ដទូលាយទៅទៀត។ កូនមានបុណ្យស័ក្ដិខ្ពស់យ៉ាងណា ត្រូវតែដាក់ខ្លួនឱ្យកាន់តែទាបយ៉ាងនោះដែរ ទើបព្រះអម្ចាស់នឹងប្រោសប្រណីដល់កូន។ ទោះបីព្រះអម្ចាស់មានឫទ្ធានុភាពយ៉ាងណាក្ដី ក៏ព្រះអង្គសម្ដែងសិរីរុងរឿងរបស់ព្រះអង្គតាមរយៈអ្នកទន់ទាបវិញ។ ជំងឺក្រអឺតក្រទមគ្មានឱសថព្យាបាលឡើយ ព្រោះគំនិតអាក្រក់បានចាក់ឫសយ៉ាងជ្រៅក្នុងចិត្ដ​របស់គេ។ មនុស្សឈ្លាសវៃតែងតែយកសុភាសិតមកសញ្ជឹងគិត អ្នកមានប្រាជ្ញាក៏យកចិត្ដទុកដាក់ត្រងត្រាប់ស្ដាប់ដំបូន្មានដែរ។

ទំនុកតម្កើងលេខ ៦៨ (៦៧), ៤-៧.១០-១១ បទព្រហ្មគីតិ

រីឯមនុស្សសុចរិតមិនប្រព្រឹត្ដរឿងទុយ៌ស
គេរីករាយខ្លាំងណាស់នៅចំពោះភក្រ្ដព្រះម្ចាស់
ចូរច្រៀងលើកតម្កើងព្រះនៃយើងកុំក្រឡាស់
ត្រួសត្រាយផ្លូវថ្វាយព្រះជិះរទេះកាត់វេហាស៍
ព្រះម្ចាស់គង់នៅក្នុងដំណាក់ទ្រង់ល្អអស្ចារ្យ
ព្រះអង្គជាបិតាអស់កុមារដែលកំព្រា
ព្រះអង្គទ្រង់កាត់ក្ដីឱ្យអស់ស្រីដែលវេទនា
មេម៉ាយគ្រប់ៗគ្នាអ្នកវេទនាឱ្យមានផ្ទះ
រីអ្នកនៅជាប់គុកមិនស្រណុកស្ទើរវិនាស
ទ្រង់បើករួចស្រឡះបានសប្បាយចិត្ដរីករាយ
ឯពួកអ្នកបះបោរគេឆោឡោមិនសប្បាយ
គេនឹងទៅរស់ឆ្ងាយនៅឯនាយដីហួតហែង
១០បពិត្រព្រះអម្ចាស់ព្រះអង្គប្រោសយើងគ្មានភ័យ
ភ្លៀងធ្លាក់ត្រជាក់ដីរាស្រ្ដក្រក្រីរស់ឡើងវិញ
១១ប្រជារាស្រ្ដព្រះអង្គបានមកតាំងលំនៅពេញ
ដោយទ្រង់បានបញ្ចេញក្ដីសប្បុរសដល់ទុគ៌ត

អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្ដបរិស័ទជាតិហេប្រឺ ហប ១២,១៨-១៩.២២-២៤

បងប្អូនជាទីស្រឡាញ់!
ពេលបងប្អូនមករកព្រះជាម្ចាស់ បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាល់បាន ជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុង មានខ្យល់ព្យុះនោះឡើយ ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និងឮព្រះសូរសៀងដែរ។ ពេលជនជាតិអ៊ីស្រាអែលឮគេអង្វរសុំកុំឱ្យព្រះអង្គមានព្រះបន្ទូលទៀត។ ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មគង់នៅ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខ ដែលមានទេវទូតរាប់លាន រាប់កោដិ និងមានព្រះសគមន៍របស់ពួករៀមច្បងដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ កំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតវិញ្ញាណក្ខន្ធអ្នកសុចរិតដែលបានគ្រប់លក្ខណៈ បងប្អូនចូលមកជិតព្រះយេស៊ូដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,៥២-៥៣

អាលេលូយ៉ា! អាលេលូយ៉ា!
អស់អ្នកដែលព្រះជាម្ចាស់អញ្ជើញចូលរួមក្នុងពិធីជប់លៀងរបស់ព្រះអង្គ មានសុភមង្គលហើយ
ព្រះអង្គប្រទានអាហារឱ្យអ្នកដែលស្រេកឃ្លាន ទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១.៧-១៤

មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់​​មេដឹកនាំខាងគណៈផារីស៊ីម្នាក់ ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែង​កិត្ដិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖«បើមានគេអញ្ជើញអ្នកទៅជប់លៀងក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបម្រុងទុកសម្រាប់ភ្ញៀវកិត្ដិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀតមាន​ឋា​នៈ​​​ខ្ពស់​​ជាងអ្នក។ ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈ​ខ្ពស់នោះផង គាត់មុខជាសុំឱ្យអ្នកទុកកន្លែងកិត្ដិយសជូនអ្នកមានឋានៈខ្ពស់ជា​មិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាង​គេ​វិញ។ ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះ​ដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា “សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ” ពេលនោះ អ្នកនឹងមានកិត្ដិយសនៅចំពោះមុខភ្ញៀវទាំងអស់ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹង​ត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នកដែលបាន​យាងព្រះអង្គមក​​សោយព្រះស្ងោយនោះថា៖«កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀងទោះបីថ្ងៃត្រង់ក្ដី ល្ងាចក្ដី កុំអញ្ជើញមិត្ដភក្ដិ បងប្អូន ញាតិសន្ដាន ឬអ្នកជិតខាងដែល​មានសម្បត្ដិស្ដុកស្ដម្ភនោះឡើយ ដ្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន។ ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀង ត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។ ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គលជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺព្រះជាម្ចាស់វិញទេដែលនឹងតបស្នងជូនអ្នកនៅពេល​​​​​មនុស្សសុចរិតរស់ឡើងវិញ»។

168 Views

Theme: Overlay by Kaira