ថ្ងៃអាទិត្យ អាទិត្យទី០៣
រដូវអបអរសាទរ ឆ្នាំ«គ»
ពណ៌ផ្កាឈូក
កាលពីដើម ជនជាតិយូដាតែងតែទន្ទឹមរង់ចាំ “ព្រះមែស្ស៊ី” គឺ“ព្រះគ្រីស្ត” ជាស្តេចមួយអង្គដែលនឹងយាងមកសង្គ្រោះពួកគេ តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ពួកគេសង្ឃឹមថា ព្រះគ្រីស្តយាងមកតែងតាំង “ព្រះរាជ្យរបស់ព្រះជាម្ចាស់” ឬធ្វើឱ្យ “ព្រះជាម្ចាស់គ្រងរាជ្យលើមនុស្សលោក” នាំសុភមង្គលដ៏ពេញលេញមកមនុស្សលោក។
គ្រីស្តបរិស័ទជាអ្នកប្រកាសថា លោកគ្រូយេស៊ូដែលត្រូវគេឆ្កាងសម្លាប់ចោល ហើយដែលទទួលព្រះជន្មថ្មី ពិតជាព្រះគ្រីស្តនោះមែន គឺពិតជាអ្នកផ្តល់សុភមង្គលដល់ខ្លួនគេ និងដល់មនុស្សលោកផង។
ចុះហេតុអ្វីបានជាក្នុងពិភពលោកយើងនេះ នៅតែមានទុក្ខ នៅតែមានមនុស្សជរា ពិការ នៅតែមានសង្គ្រាមដូច្នេះ?
ព្រះយេស៊ូដែលមានព្រះជន្មគង់នៅជាមួយយើង ទ្រង់ប្រទានឱ្យទុក្ខវេទនាគ្រប់យ៉ាងរបស់មនុស្សលោកទទួលអត្ថន័យថ្មី។ នេះជាសេចក្តីសង្ឃឹម និងអំណរសប្បាយរបស់យើង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីសេផានី សផ ៣,១៤-១៨ក
ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងដោយអំណរ! ជនជាតិអ៊ីស្រាអែលអើយ ចូរនាំគ្នាស្រែកជយឃោស! ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរអសប្បាយ និងមានចិត្តរីករាយឡើង! ព្រះអម្ចាស់បានលើកលែងទោសឱ្យអ្នក ព្រះអង្គបានពង្វាងខ្មាំងសត្រូវចេញពីអ្នក។ ព្រះអម្ចាស់ជាព្រះមហាក្សត្រនៃជនជាតិអ៊ីស្រាអែលគង់នៅជាមួយអ្នក អ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។ នៅថ្ងៃនោះ គេនឹងពោលមកកាន់ក្រុងយេរូសាឡឹមថា «កុំខ្លាចអ្វីឡើយ! ក្រុងស៊ីយ៉ូនអើយ! កុំបាក់ទឹកចិត្តឱ្យសោះ!។ ព្រះអម្ចាស់ជាព្រះរបស់អ្នក ព្រះអង្គគង់ជាមួយអ្នក ព្រះអង្គជាវីរបុរសដែលមានជ័យជំនះ ព្រះអង្គមានអំណរសប្បាយជាខ្លាំងព្រោះតែអ្នក។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់អ្នក ទ្រង់ប្រោសឱ្យអ្នកមានជីវិតថ្មី ព្រះអង្គត្រេកអរយ៉ាងខ្លាំង និងរាំសប្បាយព្រោះតែអ្នក ដូចនៅថ្ងៃពិធីបុណ្យដ៏សប្បាយ»។
ទំនុកតម្កើងរបស់ព្យាការីអេសាយ ១២, ២.៤-៦ បទពាក្យ ៧
២. | ព្រះអម្ចាស់ជាព្រះសង្គ្រោះ | ជីវិតខ្ញុំរស់ស្គាល់តែសុខ |
លែងភ័យលែងខ្លាចលែងកើតទុក្ខ | ពីនេះទៅមុខពឹងលើព្រះ ។ | |
ដ្បិតព្រះអម្ចាស់ជាកម្លាំង | ខ្ញុំអាចតតាំងអាចយកឈ្នះ | |
ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ | ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ ។ | |
៤. | ចូរអរព្រះគុណព្រះអម្ចាស់ | ហើយចូរប្រកាសនាមព្រះអង្គ |
ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ | ប្រាប់ប្រជាជនផងទាំងឡាយ ។ | |
៥. | ចូរស្មូតទំនុកតម្កើងថ្វាយ | ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ |
ដ្បិតការអស្ចារ្យច្រើនពេកក្រៃ | ឱ្យមនុស្សលើដីបានដឹងផង ។ | |
៦. | អុះឱ! អ្នកក្រុងស៊ីយ៉ូនអើយ | ចូរកុំកន្តើយស្រែករំពង |
ដោយអរសប្បាយដ្បិតព្រះអង្គ | វិសុទ្ធឥតហ្មងព្រះនៃយើង ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ភល ៤,៤-៧
បងប្អូនជាទីស្រឡាញ់!
ចូរបងប្អូនអរសប្បាយដោយសារព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្តងទៀតថា ចូរអសប្បាយឡើង !។ ចូរសម្តែងឱ្យមនុស្សម្នាទាំងអស់ស្គាល់សន្តានចិត្តសប្បុរសរបស់បងប្អូន ព្រះអម្ចាស់ជិតយាងមកដល់ហើយ។ សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈត្រូវទូលព្រះជាម្ចាស់ឱ្យជ្រាបពីសំណូមពររបស់បងប្អូនដោយអធិដ្ឋាន និងទូលអង្វរទាំងអរព្រះគុណព្រះអង្គផង។ ធ្វើដូច្នេះសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្សនឹងស្ថិតនៅជាប់ក្នុងចិត្តគំនិតបងប្អូនដោយសារព្រះគ្រីស្តយេស៊ូមិនខាន។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២,៧៦;១,៧
អលេលូយ៉ា! អាលេលូយ៉ា!
លោកយ៉ូហានជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកដើរខាងមុខដើម្បីរៀបចំផ្លូវថ្វាយព្រះអម្ចាស់ និងធ្វើជាសាក្សីថ្វាយព្រះពន្លឺ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ៣,១០-១៨
មហាជនដែលមកទទួលពិធីជ្រមុជទឹកពីលោកយ៉ូហានតែងសួរលោកថា៖ «តើយើងត្រូវធ្វើអ្វីខ្លះ?»។ លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកមានអាវពីរ ត្រូវចែកឱ្យអ្នកដែលគ្មាន ហើយអ្នកដែលមានចំនីអាហារ ក៏ត្រូវចែកឱ្យអ្នកដែលគ្មានដែរ»។ មានអ្នកទារពន្ធខ្លះមកទទួលពិធីជ្រមុជទឹក ហើយសួរលោកថា៖ «លោកគ្រូ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។ លោកឆ្លើយទៅវិញថា៖ «កុំទារពន្ធដារហួសពីកម្រិតដែលមានកំណត់ទុកនោះឡើយ»។ មានទាហានមកសួរលោកថា៖«ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឱ្យសោះ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។
ប្រជាជននៅតែរង់ចាំ ហើយគេរិះគិតក្នុងចិត្តគ្រប់គ្នាថា ប្រហែលលោកនេះទេដែលជាព្រះគ្រីស្ត!។ លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែលោកដែលមានកម្លាំងខ្លាំងជាងខ្ញុំជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ លោកកាន់ចង្អេរ លោកសម្អាតលានបោកស្រូវ ដើម្បីអុំស្រូវយកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯសម្តីវិញ លោកនឹងដុតក្នុងភ្លើងដែលឆេះពុំចេះរលត់ឡើយ»។ លោកយ៉ូហានប្រកាសដំណឹងល្អដល់ប្រជាជនដោយពាក្យដាល់តឿនជាច្រើនទៀតផង។