ថ្ងៃអាទិត្យ អាទិត្យទី០២
រដូវអបអរសាទរ ឆ្នាំ«គ»
ពណ៌ស្វាយ

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់ស្តាប់ពាក្យប្រៀនប្រដៅរបស់លោក យ៉ូហានបាទីស្ត ជាអ្នកដែលព្រះជាម្ចាស់ចាត់ឱ្យមករៀបចំផ្លូវថ្វាយព្រះយេស៊ូ។ នាបច្ចុប្បន្ននេះ គ្រីស្តបរិស័ទក៏យកចិត្តទុកដាក់សម្រុះសម្រួលអ្នកដែលបាក់បែកគ្នា ឬទាស់ទែងគ្នា ជាពិសេសត្រូវអត់ទោសឱ្យគ្នាទៅវិញទៅមកជាមុនសិន។ នេះជារបៀបដ៏ប្រសើរ សម្រាប់រៀបចំផ្លូវថ្វាយព្រះគ្រីស្តយាងមកវិញ។

អត្ថបទទី១​៖ សូមថ្លែងព្រះគម្ពីរលោកបារូក បរ ៥,១-៩

ក្រុងយេរូសាឡឹមអើយ! ចូរផ្លាស់សម្លៀកបំពាក់កាន់ទុក្ខចេញទៅ ហើយយកសិរីរុងរឿងរបស់ព្រះជាម្ចាស់ មកពាក់លំអជាគ្រឿងអលង្ការរហូតតរៀងទៅ។ ចូរយកសេចក្តីសុចរិតដែលមកពីព្រះជាម្ចាស់មកពាក់ដូចជាអាវធំ។ ចូរយកសិរីរុងរឿងរបស់ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច មកពាក់លើក្បាលធ្វើជាមកុដ ដ្បិតព្រះជាម្ចាស់នឹងបង្ហាញភាពថ្កុំថ្កើងរបស់អ្នក ឱ្យមនុស្សទាំងអស់នៅលើផែនដីទាំងមូលឃើញ។ ព្រះជាម្ចាស់នឹងប្រទានឱ្យអ្នកមានឈ្មោះជាប់រហូតថា «សន្តិភាពមកពីសេចក្តីសុចរិត និងសិរីរុងរឿងមកពីការគោរពប្រណិប័តន៍ព្រះជាម្ចាស់»។ ក្រុងយេរូសាឡឹមអើយ! ចូរក្រោកឡើង! ចូរឈរនៅទីខ្ពស់ហើយបែរមុខទៅខាងកើត។ ចូរមើលកូនរបស់អ្នកដែលមកជួបជុំគ្នាតាំងពីទិសខាងលិចរហូតដល់ទិសខាងកើត ដោយសារព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធ។ ពួកគេត្រេកអរសប្បាយរីករាយ ដ្បិតព្រះជាម្ចាស់នឹកគិតដល់ពួកគេ។ ខ្មាំងសត្រូវកៀរពួកកូនរបស់អ្នកចេញទៅដោយដើរ តែព្រះជាម្ចាស់នាំពួកគេឱ្យត្រឡប់មករកអ្នកវិញ ដោយមានអ្នកស្រុកសែងគេបែបរុងរឿង ដូចគេសែងស្តេច។ ព្រះជាម្ចាស់បញ្ជាឱ្យពង្រាបភ្នំធំ ភ្នំខ្សាច់ទាំងប៉ុន្មាន ព្រមទាំងឱ្យបំពេញច្រកភ្នំទាំងឡាយឱ្យរាបស្មើ ដើម្បីឱ្យប្រជាជនអ៊ីស្រាអែលដើរទៅមុខយ៉ាងងាយស្រួល ទាំងមានសិរីរុងរឿងរបស់ព្រះជាម្ចាស់គង់នៅជាមួយ។ តាមព្រះបញ្ជារបស់ព្រះជាម្ចាស់​ ព្រៃ​ព្រឹក្សា និងដើមឈើទាំងប៉ុន្មានដែលមានក្លិនក្រអូប ផ្តល់ម្លប់ឱ្យប្រជាជនអ៊ីស្រាអែល ព្រះជាម្ចាស់នឹងដឹងនាំជនជាតិអ៊ីស្រាអែលដោយត្រេកអរសប្បាយយ៉ាងក្រៃលែង ក្រោមពន្លឺនៃសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះ​ពួកគេ ហើយព្រះអង្គក៏សង្គ្រោះពួកគេដែរ។

ទំនុកតម្កើងលេខ ១២៦,១-២.៤-៦ បទព្រហ្មគីតិ

១.ពេលព្រះដឹកនាំអ្នកដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយយើងធូរស្បើយដូចយល់សប្តិ ។
២.យើងសើចហ៊ោសប្បាយអរក្អាកក្អាយឥតមានឈប់
ស្រែកជយឃោសន៍សាយសព្វលាន់សូរស័ព្ទគ្រប់ទិសា ។
ពេលនោះក្នុងចំណោមជាតិទាំងព្រមគេពោលថា៖
«ព្រះម្ចាស់មានចេស្តាធ្វើអស្ចារ្យចំពោះគេ» ។
៤.ឱ!ព្រះម្ចាស់ឧត្តមសូមប្រោសខ្ញុំឱ្យរីករាយ
ដូចរហោស្ថានឆ្ងាយសូមប្រែក្លាយមានទឹកហូរ ។​​
៥.អ្នកណាសាបព្រោះស្រូវដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរនឹងច្រូតយកទាំងសប្បាយ ។
៦.គេយកពូជទៅព្រោះទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយហ៊ោសប្បាយដោយអំណរ ។

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ភល ១,៤-៦.៨-១១

បងប្អូនជាទីស្រឡាញ់!
គ្រប់ពេលដែលខ្ញុំទូលអង្វរព្រះជាម្ចាស់សម្រាប់បងប្អូនទាំងអស់គ្នា ខ្ញុំទូលអង្វរដោយចិត្តរីករាយជាដរាប ព្រោះបងប្អូនរួមជាមួយខ្ញុំក្នុងការប្រកាសដំណឹងល្អ តាំងពីថ្ងៃដំបូងរហូតមកទល់សព្វថ្ងៃ។ ខ្ញុំជឿជាក់ថា ព្រះជាម្ចាស់ដែលចាប់ផ្តើមធ្វើការល្អនៅក្នុងបងប្អូន ទ្រង់ក៏នឹងបង្ហើយការនេះ រហូតដល់ថ្ងៃព្រះគ្រីស្តយេស៊ូយាងមក។
ព្រះជាម្ចាស់ជាសាក្សីថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាយ៉ាងខ្លាំងដោយចិត្តអាណិតមេត្តាមកពីព្រះគ្រីស្តយេស៊ូ។ ខ្ញុំទូលអង្វរព្រះជាម្ចាស់ដូចតទៅនេះ គឺសូមឱ្យបងប្អូនមានសេចក្តីស្រឡាញ់យ៉ាងលើសលប់កាន់តែខ្លាំងឡើងៗ ធ្វើឱ្យបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់ ដើម្បីឱ្យបងប្អូនចេះពិចារណាមើលថា ការណាដ៏ប្រសើរជាងគេ។ ដូច្នេះ នៅថ្ងៃព្រះគ្រីស្តយាងមក បងប្អូននឹងបានបរិសុទ្ធ ឥតមានកំហុសអ្វីឡើយ ហើយបងប្អូននឹងពោរពេញដោយផលនៃសេចក្តីសុចរិត ដែលមកពីព្រះយេស៊ូគ្រីស្ត សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរព្រះជាម្ចាស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៣,៤.៦

អលេលូយ៉ា! អាលេលូយ៉ា!
ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ៣,១-៦

នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលរបស់ព្រះចៅអធិរាជរ៉ូមុាំងព្រះនាមទីប៊ែរ លោកប៉ុនពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដជាស្តេចអនុរាជគ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីព អនុជរបស់ព្រះបាទហេរ៉ូជាស្តេចអនុរាជគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ព្រះបាទលីសាញ៉ាសជាស្តេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន លោកហាណ្ណា និងលោកកៃផាសធ្វើជាមហាបូជាចារ្យ។ ពេលនោះព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូហានជាកូនរបស់លោកសាការី នៅក្នុងវាលរហោស្ថាន។ លោកយ៉ូហានធ្វើដំណើរគ្រប់ទីកន្លែងក្នុងតំបន់ទន្លេរយ័រដាន់ ហើយប្រកាសឱ្យមនុស្សកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសឱ្យរួចពីបាប។ លោកប្រកាសដូច្នេះ ស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរព្យាការីអេសាយថា៖ មានសំឡេងបុរសម្នាក់ស្រែកឡើងនៅវាលរហោស្ថានថា «ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។ ត្រូវបំពេញច្រកភ្នំទាំងអស់ឱ្យរាបស្មើ និងពង្រាបភ្នំតូចធំទាំងប៉ុន្មានឱ្យរាប ត្រូវតម្រង់ផ្លូវកោងឱ្យត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបឱ្យរាបស្មើផងដែរ។ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់»។

309 Views

Theme: Overlay by Kaira