ថ្ងៃអាទិត្យ អាទិត្យទី០១ រដូវអបអរសាទរ ឆ្នាំ«គ»

ថ្ងៃអាទិត្យ អាទិត្យទី០១
រដូវអបអរសាទរ ឆ្នាំ«គ»
ពណ៌ស្វាយ

អត្ថបទទី១​៖ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣៣,១៤-១៦

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយជនជាតិអ៊ីស្រាអែល និងជនជាតិយូដា។ នៅពេលនោះ យើងនឹងធ្វើឱ្យមានស្តេចមួយអង្គដ៏សុចរិត កើតចេញពីពូជពង្សរបស់ដាវីឌ។ ស្តេចនោះនឹងគ្រប់គ្រងស្រុកដោយសុចរិត និងយុត្តិធម៌។ នៅគ្រានោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ក្រុងយេរូសាឡឹមនឹងមានសន្តិសុខ។ គេនឹងដាក់ឈ្មោះក្រុងនោះថា ព្រះអម្ចាស់ជាសេចក្តីសុចរិតរបស់យើង»។

ទំនុកតម្កើងលេខ ២៥,១.៤-៥.៨-១០.១៤ បទពាក្យ ៧

១.ឱ! ព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្តផ្ចង់ទាំងគំនិតឥតរវាត
ទៅលើព្រះអង្គមិនឃ្លៀងឃ្លាតនឹកហើយគិតទៀតមិនបែកចិត្ត ។
៤.ឱព្រះអម្ចាស់ទូលបង្គំសូមជួយណែនាំនិងបង្រៀន
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កានវិសុទ្ធហួសស្មាននៃព្រះអង្គ ។
៥.សូមជួយអប់រំខ្ញុំឱ្យរស់តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មងសង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ ។
៦.ឱព្រះអម្ចាស់សូមកុំភ្លេចចាំជាប់ជានិច្ចពេញព្រះទ័យ
ដែលធ្លាប់អាណិតពន់ពេកក្រៃករុណាប្រណីខ្ញុំជានិច្ច ។
៧.សូមបំភ្លេចបាបនិងកំហុសដែលខ្ញុំមានទោះច្រើនឬតិច
នៅពីក្មេងខ្ចីសូមបំភ្លេចទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា ។
៨.ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ាមនុស្សបាបរាល់គ្នាបានស្គាល់ផង ។
១០.មាគ៌ារបស់ព្រះអម្ចាស់សម្តែងយ៉ាងច្បាស់ករុណាធម៌
ដល់អ្នកគោរពទោះក្រីក្រខ្ពង់ខ្ពស់បវរតាមសម្ពន្ធ ។
១៤.ព្រះតែងសម្តែងភក្តីភាពអ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ
អ្នកដែលកោតខ្លាចទ្រង់សប្បុរសឱ្យគេទាំងអស់ស្គាល់មេត្រី ។

អត្ថបទទី​ ២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងថេសាឡូនិក ១ថស ៣,១២-៤,២

បងប្អូនជាទីស្រឡាញ់!
សូមព្រះអម្ចាស់ប្រទានឱ្យបងប្អូនមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់កាន់តែខ្លាំងឡើងៗជាអនេក ដូចយើងស្រឡាញ់បងប្អូនដែរ។ សូមព្រះអង្គប្រទានឱ្យចិត្តគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ឱ្យបងប្អូនបានវិសុទ្ធឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះជាមា្ចស់ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើង យាងមកជាមួយពួកទេវទូតដ៏វិសុទ្ធរបស់ព្រះអង្គ!។
ចំពោះរឿងឯទៀតៗ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង។ ដូច្នេះ យើងសូមអង្វរ និងសូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថា សូមឱ្យបងប្អូនបានប្រសើរលើសពីនេះទៅទៀត!។ បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូយ៉ាងណា។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៨៥,៨

អលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមយាងមកសង្គ្រោះយើងខ្ញុំផង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ២១,២-២៨.៣៤-៣៦

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើរនិវត្តន៍ព្រះអង្គដូចតទៅ៖ «នៅគ្រានោះនឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ និងក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់នៅលើផែនដីនឹងតឹងទ្រូងព្រួយបារម្ភ ដោយឮសូរសន្ធឹករលកសមុទ្របក់បោក។ មនុស្សម្នាភ័យស្លុតបាត់ស្មារតី នៅពេលគិតអំពីហេតុការណ៍ដែលនឹងកើតមាននៅលើផែនដី ដ្បិតវត្ថុស័ក្តសិទ្ធិនានានៅលើមេឃ នឹងកក្រើករំពើក។ ពេលនោះ គេនឹងឃើញបុត្រមនុស្សមកក្នុងពពកប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងពន់ពេកក្រៃ។ កាលណាព្រឹត្តការណ៍ទាំងនោះចាប់ផ្តើមកើតមាន ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឱ្យមែនទែន! កុំបណ្តោយឱ្យចិត្តរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន ដ្បិតថ្ងៃនោះមកដល់ ប្រៀបបាននឹងសំណាញ់ដែលគ្របពីលើមនុស្សទាំងអស់ នៅលើផែនដីទាំងមូល។ ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឱ្យអ្នករាល់គ្នាមានកម្លាំងឆ្លងផុតពីហេតុការណ៍ទាំងអស់ដែលត្រូវកើតមាន ហើយដើម្បីឱ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។

148 Views
Theme: Overlay by Kaira