ថ្ងៃអាទិត្យ ឆ្នាំ «គ»
បុណ្យលើកតម្កើងព្រះកាយ
និងព្រះលោហិតព្រះយេស៊ូគ្រីស្ដ
ពណ៌ស
ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
ពាក្យអធិដ្ឋាននៅពេលចូល
បពិត្រព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់! ព្រះអង្គបានប្រទានសញ្ញានៃព្រះកាយព្រះអង្គ ទុកជាការនឹករឭកពីទុក្ខលំបាករបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាប្រោសយើងខ្ញុំឱ្យយកចិត្ដទុកដាក់គោរពអគ្គសញ្ញាដ៏ប្រសើរឧត្ដមនេះ និងទទួលស្គាល់សេចក្ដីស្រឡាញ់ដ៏លើស លប់របស់ព្រះអង្គផង!។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៤,១៨-២០
ពេលនោះ លោកអប្រាហាំត្រឡប់មកពីវាយឈ្នះស្ដេចបួនអង្គ។ ព្រះបាទ មែលគីសេដែក ជាមហាក្សត្រនៅក្រុងសាឡឹម ឱ្យគេយកនំប៉័ង និងស្រាទំពាំងបាយជូរមកជូនលោកអប្រាហាំ។ ស្ដេចនោះជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ទ្រង់ប្រទានពរលោកអប្រាហាំថា៖ «សូមព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប្រទានពរដល់លោកអប្រាហាំ សូមលើកតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយមកក្នុងកណ្ដាប់ដៃរបស់លោក!»។ លោកអប្រាហាំយកអ្វីៗទាំងអស់ដែលលោករឹបអូសបានមកថ្វាយព្រះបាទមែលគីសេដែកមួយភាគដប់។
ទំនុកតម្កើងលេខ ១១០ (១០៩), ១-៤ បទកាកគតិ
| ១ | ព្រះអម្ចាស់មាន | បន្ទូលមកកាន់ | ព្រះរាជាខ្ញុំ |
| ថាសូមអញ្ជើញ | អង្គុយខាងស្ដាំ | កុំនៅសម្ងំ |
| | ចាំយើងចាត់ចែង | ។ |
| ទំរាំដល់យើង | បង្ក្រាបពួកខ្មាំង | ចិត្ដធំឥតក្រែង |
| យើងដាក់វានៅ | ក្រោមជើងព្រះស្ដែង | ទោះវាស្រែកក្ដែង |
| | អ្នកកុំខ្វល់ខ្វាយ | ។ |
| ២ | សូមព្រះប្រទាន | ព្រះករុណាបាន | លាតសន្ធឹងឆ្ងាយ |
| ព្រះរាជ្យព្រះអង្គ | ពីស៊ីយ៉ូននាយ | តទៅអន្លាយ |
| | បង្ក្រាបលើខ្មាំង | ។ |
| ៣ | ថ្ងៃព្រះករុណា | កេណ្ឌទ័ពនោះណា | ប្រជាទូទាំង |
| រួមនិងយុវជន | ស្ម័គ្រស្មោះទៅច្បាំង | ដូចសន្សើមខ្លាំង |
| | ធ្លាក់ចុះរាល់ថ្ងៃ | ។ |
| ៤ | ព្រះអម្ចាស់មាន | បន្ទូលថ្កើងថ្កាន | សន្យាថ្លាថ្លៃ |
| យើងបូជាចារ្យ | ជាអចិន្ត្រៃយ៍ | យកតាមនិស្ស័យ |
| | មែលគីសេដែក | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១១,២៣-២៦
បងប្អូនជាទីស្រឡាញ់!
ខ្ញុំប៉ូល ខ្ញុំបានជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំប័ុងមកកាន់ ទ្រង់អរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំប័ុងនោះទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះដើម្បីនឹករឭកដល់ខ្ញុំ»។ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមរបៀបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖«នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើងដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ»។ រៀងរាល់ពេលដែលបងប្អូនពិសានំប័ុង និងពិសាពីពែងនេះ បងប្អូនប្រកាសថា ព្រះអម្ចាស់សោយទិវង្គត គឺប្រកាសរហូតដល់ព្រះអង្គយាងមកវិញ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៥១-៥២
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាអាហារដែលផ្ដល់ជីវិត ចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១១-៥២
ព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ឱ្យបណ្ដាជនស្ដាប់ ព្រមទាំងប្រោសអ្នកជំងឺឱ្យបានជាផង។ ដល់ថ្ងៃជិតលិច សាវ័កទាំងដប់ពីរនាក់ចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គប្រាប់ឱ្យបណ្ដាជនចេញទៅរកម្ហូបអាហារ រកកន្លែងស្នាក់នៅតាមផ្ទះ តាមភូមិជិត ៗនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖«ចូរអ្នករាល់គ្នាយកម្ហូបអាហារឱ្យគេបរិភោគទៅ»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប័ុងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ! ធ្វើម្ដេចនឹងគ្រាន់! មានតែទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ!»។ នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ចូរអ្នករាល់គ្នាប្រាប់ឱ្យគេអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។ ក្រុមសាវ័កក៏ធ្វើតាម គឺប្រាប់គេឱ្យអង្គុយចុះទាំងអស់គ្នា។ ព្រះយេស៊ូយក នំប័ុងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភក្ត្រឡើងលើ លើកតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យសាវ័ក ដើម្បីឱ្យគេចែកបណ្ដាជនបរិភោគ។ គេបានបរិភោគឆ្អែតគ្រប់ៗគ្នា រួចប្រមូលនំប័ុងដែលនៅសល់បានពេញដប់ពីរល្អី។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតា! ព្រះបុត្រាបានផ្ដាំឱ្យយើងខ្ញុំថ្វាយសក្ការបូជានេះ ដើម្បីនឹករឭកដល់ព្រះអង្គ! សូមទ្រង់ព្រះមេត្ដាប្រោសឱ្យព្រះសហគមន៍ព្រះអង្គចូលរួមជាព្រះកាយតែមួយផង! សូមបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះយេស៊ូ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ព្រះអង្គមានព្រះជន្មគង់នៅអស់កល្បជានិច្ច និងប្រកបដោយតេជានុភាពសព្វប្រការ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ។ នៅពិធីជប់លៀងចុងក្រោយបំផុត ព្រះយេស៊ូបានបូជាព្រះជន្មថ្វាយព្រះអង្គ ទុកជាកូនចៀមដ៏ឥតសៅហ្មង ព្រះអង្គក៏សព្វព្រះហប្ញទ័យទទួលសក្ការបូជានោះផង! ពេលយើងខ្ញុំចូលរួមក្នុងសក្ការបូជានោះ ព្រះអង្គប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំធ្វើជាសញ្ញាសម្គាល់បញ្ជាក់ថា មនុស្សគ្រប់ៗរូបអាចចូលរួមក្នុងមហាគ្រួសារតែមួយ មានជំនឿតែមួយ មានសេចក្តីស្រឡាញ់តែមួយ។ ហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ «ព្រះដ៏វិសុទ្ធ!»
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ ព្រះអង្គបានប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះបុត្រាដែលបានបូជាព្រះជន្ម និងដែលទទួលព្រះជន្មថ្មីដ៏រុងរឿង! សូមទ្រង់ព្រះមេត្ដាប្រោសប្រទានឱ្យគ្រីស្ដបរិស័ទទាំងឡាយ ចូលរួមក្នុងព្រះកាយតែមួយ ជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះអង្គស្រឡាញ់មនុស្សលោកផង។
576 Views
Post Views:
559