ថ្ងៃអាទិត្យ «ឆ្នាំខ»
បុណ្យលើកតម្កើងព្រះត្រៃឯក
បុណ្យឱឡារិក
ពណ៌ស

ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះយេស៊ូជាព្រះបុត្រាផ្ទាល់របស់ព្រះអង្គ ដើម្បីណែនាំយើងខ្ញុំឱ្យស្គាល់ព្រះអង្គ! ព្រះអង្គក៏សព្វព្រះហឫទ័យចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំ ស្គាល់ជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ និងរស់នៅក្នុងលោកនេះឱ្យបានស្របតាមឋានៈរបស់ខ្លួនផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៤,៣២-៣៤,៣៩-៤០

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ចូរសាកសួរមើលចុះ! តើនៅជំនាន់ដើម គឺតាំងពីថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្សនៅលើផែនដីនេះ ហើយចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត តើធ្លាប់មានព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ ឬក៏មាននរណាធ្លាប់ឮហេតុការណ៍ដ៏ចម្លែកបែបនេះឬទេ?។ តើមានជាតិសាសន៍មួយណាធ្លាប់បានឮព្រះជាម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើង ដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតតទៅទៀតឬទេ? តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយចេញពីប្រជាជាតិមួយទៀត ឱ្យធ្វើជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ ដោយធ្វើការអស្ចារ្យ ទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ហើយប្រយុទ្ធជំនួសគេ ដោយប្រើឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចព្រះអម្ចាស់ជាព្រះរបស់អ្នកបានធ្វើនៅស្រុកអេស៊ីប ឱ្យអ្នកឃើញឬទេ? ដូច្នេះ ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាផ្សេងទៀតឡើយ។ អ្នកត្រូវកាន់តាមវិន័យ និងតាមបទបញ្ជារបស់ព្រះអង្គដែលខ្ញុំប្រគល់ឱ្យអ្នកនៅថ្ងៃនេះ ដើម្បីឱ្យទាំងអ្នក ទាំងកូនចៅរបស់អ្នក មានសុភមង្គល ហើយមានអាយុយឺនយូរនៅលើទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នកប្រទានឱ្យអ្នករហូតតទៅ»។

ទំនុកតម្កើងលេខ ៣៣ (៣២), ៤-៦.១៨.២០-២២ បទព្រហ្មគីតិ

ដ្បិតព្រះជាអម្ចាស់បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះទ័យនឹងសេចក្តីពិតសត្យា
សុចរិតគ្រប់ប្រការហើយរក្សាយុត្តិធម៌
ផែនដីទាំងមូលថ្លែងខំសម្តែងដោយអំណរ
ពីហឫទ័យបវរករុណាល្អព្រះជាម្ចាស់
ផ្ទៃមេឃហ្វូងតារាកើតដោយសារបន្ទូលច្បាស់
ដោយបញ្ជារបស់ព្រះជាអម្ចាស់នៃយើង
១៨ព្រះអង្គតាមរក្សាអស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ដ៏សប្បុរសមានមេត្តា
២០យើងសូមផ្ញើជីវិតលើព្រះពិតមិនខកខាន
ជាខែលដ៏ចំណានសង្គ្រោះប្រាណផុតភិតភ័យ
២១យើងខ្ញុំសែនរីករាយចិត្តសប្បាយអរពេកក្រៃ
សូមផ្ញើជីវិតថ្លៃលើព្រះទ័យល្អបំផុត
២២សូមព្រះជាអម្ចាស់សម្តែងព្រះទ័យវិសុទ្ធ
មេត្តាខ្ពស់បំផុតកាយជីវិតផ្ញើព្រះអង្គ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,១៤-១៧

បងប្អូនជាទីស្រឡាញ់!
អស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់។ បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាទាសករ ហើយឱ្យនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណ ដែលធ្វើឱ្យបងប្អូនទៅជាបុត្រធីតារបស់ព្រះជាម្ចាស់វិញ។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា “អប្បា! ឱព្រះបិតា!” គឺព្រះវិញ្ញាណផ្ទាល់ដែលផ្តល់សក្ខីភាព​ឱ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្រធីតារបស់ព្រះជាម្ចាស់មែន។ ប្រសិនបើយើងពិតជាបុត្រធីតាមែននោះ យើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីព្រះជាម្ចាស់ គឺទទួលមត៌ករួមជាមួយព្រះគ្រីស្ត។ ដោយយើងរងទុក្ខលំបាក រួមជា​មួយព្រះអង្គ ដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១,៨

អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងសិរីរុងរឿងនៃព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៨,១៦-២០

ក្រោយបុណ្យចម្លង សាវ័កទាំងដប់មួយនាក់នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់ឱ្យគេទៅ។ កាលគេឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្តែ មានអ្នកខ្លះនៅសង្ស័យ។ ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូល​ថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅលើមេឃ ទាំងនៅលើផែនដី។ ដូច្នេះ ចូរចេញទៅបង្ហាត់មនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកឱ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវបង្រៀនគេឱ្យប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានចាត់ព្រះបុត្រាព្រះអង្គដើម្បីឱ្យអស់អ្នកជឿលើព្រះបុត្រាទទួលការសង្គ្រោះ។ យើងខ្ញុំគ្មានអ្វីតបស្នងគុណព្រះអង្គទេ ហើយសូមយកកាយ វាចា ចិត្ត ថ្វាយរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ ជាព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយដែលមានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ រួមជាមួយព្រះបុត្រា និងព្រះវិញ្ញាណ ជាព្រះអង្គតែមួយ ដែលបំបែកគ្នាពុំបាន។ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកបង្ហាញសេចក្តីស្រឡាញ់ដ៏លើសលប់របស់ព្រះអង្គចំពោះយើងខ្ញុំ ព្រះអង្គបានប្រទានព្រះវិញ្ញាណព្រះអង្គដើម្បី​ឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គ!។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គល ទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ “ព្រះដ៏វិសុទ្ធ!”

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំ ជាបុត្រធីតារបស់ព្រះអង្គ។ ព្រះអង្គក៏បានប្រទានព្រះវិញ្ញាណព្រះអង្គ ដើម្បីណែនាំយើងខ្ញុំសព្វថ្ងៃដែរ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗ និងរស់នៅតាមជំនឿរបស់យើងខ្ញុំផង។

234 Views

Theme: Overlay by Kaira