ថ្ងៃអាទិត្យ បុណ្យលើកតម្កើង
ព្រះវិញ្ញាណយាងមក«ឆ្នាំខ»
ពណ៌ក្រហម
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤
ពាក្យលំនាំ
(អ្នកអានពាក្យលំនាំនេះ គឺអ្នកផ្សេងពីអ្នកប្រកាសព្រះបន្ទូល)
តាមគម្ពីរដំណឹងល្អតាមលោកយ៉ូហាន ព្រះយេស៊ូផ្លុំខ្យល់ គឺព្រះវិញ្ញាណលើក្រុមសាវ័កនៅថ្ងៃព្រះអង្គទទួលព្រះជន្មថ្មីពីព្រះបិតា។ ព្រះវិញ្ញាណជាព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។ តាមលោកម៉ាថាយ លោកលូកា និងលោកយ៉ូហាន ព្រះយេស៊ូចាត់ក្រុមសាវ័កឱ្យទៅប្រកាសដំណឹងល្អនៅថ្ងៃព្រះអង្គទទួលព្រះជន្មថ្មីពីព្រះបិតា។ រីឯលោកលូកាជាអ្នកនិពន្ធគម្ពីរកិច្ចការគ្រីស្តទូតដែរ លោកចែងថា ព្រះយេស៊ូចាត់ព្រះវិញ្ញាណនៅបុណ្យថ្ងៃទី៥០ វិញ ជាថ្ងៃជនជាតិយូដានាំគ្នារម្លឹកអំពីព្រះជាម្ចាស់ប្រទានធម្មវិន័យនៅលើភ្នំស៊ីណៃពីដើម។ លោកលូកាចែងដូច្នេះដើម្បីពន្យល់ថា ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ជាធម្មវិន័យថ្មីរបស់ព្រះសហគមន៍។ ព្រះសហគមន៍ជាប្រជារាស្រ្តថ្មីរបស់ព្រះជាម្ចាស់ មានភារកិច្ចប្រមែប្រមូលមនុស្សដែលខ្ចាត់ខ្ចាយគ្នាឱ្យចូលរួមក្នុងមហាគ្រួសារតែមួយ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះគ្រីស្តចាក់បង្ហូរព្រះវិញ្ញាណព្រះអង្គលើមនុស្សគ្រប់ជាតិសាសន៍។ សូមទ្រង់ព្រះមេត្តាប្រោសប្រណីដល់មនុស្សលោកដែលបាក់បែកគ្នា ឱ្យរួមគ្នាជាធ្លុងតែមួយក្នុងមហាគ្រួសាររបស់ព្រះអង្គ សូមប្រោសយើងខ្ញុំជាព្រះសហគមន៍ ឱ្យធ្វើជាសញ្ញាសម្គាល់នៃពិភពលោកថ្មីដែលរួបរួមគ្នាជាធ្លុងតែមួយផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២,១-១១
នៅបុណ្យថ្ងៃទីហាសិបមកដល់ ក្រុមសាវ័ករួមប្រជុំទាំងអស់គ្នានៅកន្លែងតែមួយ។ រំពេចនោះ ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃមក ដូចជាខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។ ក្រុមសាវ័កបានឃើញ ហាក់ដូចជាមានអណ្តាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។ អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្តើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានឱ្យ។ ពេលនោះ មានជនជាតិយូដាជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់មកពីប្រទេសនានាក្នុងពិភពលោកទាំងមូលស្នាក់នៅក្រុងយេរូសាឡឹមដែរ។ ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះម្នាក់ៗបានឮក្រុមសាវ័កនិយាយភាសារបស់ខ្លួន។ អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរទាំងពោលថា៖ «អ្នកដែលកំពុងនិយាយនេះសុទ្ធតែជាអ្នកស្រុកាលីឡេទេតើ។ ចុះហេតុដូចម្តេច បានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ? គឺទាំងអ្នកស្រុកប៉ារថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមី ស្រុកយូដា ស្រុកកាប៉ាដូស ស្រុកប៉ុនតុស ស្រុកអាស៊ី ស្រុកព្រីស៊ី ស្រុកប៉ាមភីលី ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរ៉េន និងអស់អ្នកមកពីក្រុងរ៉ូម ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។
ទំនុកតម្កើងលេខ ១០៤ (១០៣),១.២៤.២៩-៣១.៣៤ បទពាក្យ ៧
១ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ប្រសើរខ្លាំងណាស់អស់ពីចិត្ត | |
ព្រះអង្គជាព្រះនៃខ្ញុំពិត | ឧត្តមបំផុតលើលោកា | ។ | |
២៤ | បពិត្រព្រះអើយព្រះអម្ចាស់ | គ្រប់ស្នាព្រះហស្តច្រើនមិនតិច | |
ផែនដីមានអ្វីច្រើនអនេក | សុទ្ធតែកើតមកពីព្រះអង្គ | ។ | |
២៩ | ប្រសិនបើទ្រង់មិនរវល់ | នោះគេនឹងខ្វល់ជួបភ័យគ្រោះ | |
បើទ្រង់ដកយកខ្យល់ទាំងអស់ | នោះគេលែងរស់នឹងក្សិណក្ស័យ | ។ | |
៣០ | ពេលណាព្រះអង្គទ្រង់ប្រទាន | ដង្ហើមឱ្យមានខ្យល់និស្ស័យ | |
គេកើតឡើងវិញពេញផែនដី | សព្វអស់អ្វីៗមានព្រមគ្នា | ។ | |
៣១ | សូមសិរីរុងរឿងរបស់ | ព្រះអម្ចាស់អស់កល្បយូរយារ | |
សូមទ្រង់រីករាយដោយសារស្នា | ព្រះហស្តអស្ចារ្យរបស់ទ្រង់ | ។ | |
៣៤ | ឱ!ព្រះអម្ចាស់សូមឱ្យបទ | ដែលខ្ញុំកំណត់បានគួរគាប់ | |
ឱ្យខ្ញុំសប្បាយចិត្តអរជាប់ | ដោយសារតែព្រះជាអម្ចាស់ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទស្រុកកាឡាទី កាឡ ៥, ១៦-២៥
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមជម្រាបថា ចូររស់នៅឱ្យស្របតាមព្រះវិញ្ញាណ នោះបងប្អូននឹងមិនបំពេញតាមបំណងចិត្តលោភលន់របស់លោកីយ៍ទៀតឡើយ ដ្បិតបំណងលោភលន់របស់លោកីយ៍ តែងតែទាស់នឹងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងលោកីយ៍ដែរ។ លោកីយ៍និងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះ បងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។ ប្រសិនបើព្រះវិញ្ញាណណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់ធម្មវិន័យទៀតហើយ។ យើងស្គាល់ច្បាស់នូវអំពើផ្សេងៗដែលកើតចេញមកពីលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែក បាក់បែកគ្នា ច្រណែន កំហឹងឃោរឃៅ ប្រកួតប្រជែង ប្រឆាំងគ្នា ប្រកាន់បក្សពួក ឈ្នានីស ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជជ្រាបឱ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នេះ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។ រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញ គឺសេចក្តីស្រឡាញ់ អំណរ សេចក្តីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្តោសមេត្តា ជំនឿ ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង។ គ្មានវិន័យណាជំទាស់នឹងសេចក្តីទាំងនេះទេ។ អស់អ្នកដែលរួមជាមួយព្រះគ្រីស្តយេស៊ូ សុទ្ធតែបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់លោកីយ៍នោះចោលហើយ។ ប្រសិនបើយើងមានជីវិតដោយសារព្រះវិញ្ញាណមែន យើងក៏ត្រូវប្រតិបត្តិតាមព្រះវិញ្ញាណដែរ។
បទលើកតម្កើងព្រះវិញ្ញាណ បទពាក្យ ៧
ឱ! ព្រះវិញ្ញាណព្រះបវរ | សូមយាងកុះករក្នុងដួងចិត្ត | |
សូមចាត់ពន្លឺរស្មីពិត | ឱ្យមកតាំងស្ថិតលើអស់យើង | ។ |
ឱ! ព្រះបិតាអ្នកកម្សត់ | ក្រីក្រទុគ៌តបិតាថ្កើង | |
យាងមកប្រទានកុំបីឆ្មើង | អំណោយក្រាស់ស្តើងកូនទទួល | ។ |
សូមយាងមកបំភ្លឺគំនិត | បំភ្លឺដួងចិត្តកុំឱ្យជ្រួល | |
ទប់ឱ្យនឹងនមិនរំជួល | រស់នៅសុខស្រួលក្នុងអំណោយ | ។ |
ព្រះអង្គលួងលោមដួងចិត្តខ្ញុំ | ទ្រង់គង់សម្ងំមិនមែនខ្សោយ | |
ព្រះអង្គជាម្លប់ពីមុខក្រោយ | ត្រជាក់ត្រជុំពេលខ្ញុំហត់ | ។ |
ព្រះអង្គប្រទានឱ្យសម្រាក | កុំឱ្យលំបាកហួសកំណត់ | |
ក្តៅហួតក្តៅហែងហេវកម្សត់ | ព្រះអង្គជាផ្លិតបក់ត្រជាក់ | ។ |
កាលណាយើងខ្ញុំកើតទុក្ខព្រួយ | ព្រះអង្គលើកស្ទួយមិនស្ទើរស្ទាក់ | |
ទឹកចិត្តខ្ញុំឡើងខ្ពស់ប្រត្យ័ក្ស | ឥតបីមានញាក់ស្លុតរន្ធត់ | ។ |
ឱ! ពន្លឺចែងត្រចះ | ត្រចង់ឥតខ្វះមិនរលត់ | |
យាងមកបំភ្លឺនិងបំពត់ | អ្នកជឿសង្ឃឹមលើព្រះអង្គ | ។ |
កុំតែព្រះអង្គយាងមកប្រោស | យាងមកសន្តោសគ្មានបង្អង់ | |
កុំអីមនុស្សលោកគ្មានផ្លូវត្រង់ | គ្មានចិត្តគ្មានចង់ធ្វើអ្វីឡើយ | ។ |
កិច្ចការទាំងអស់ដែលគេធ្វើ | ជុំពាក់បាបស្ទើរពុំដែលស្បើយ | |
សូមទ្រង់យាងមកលាងឱ្យហើយ | អ្វីៗអាក្រក់ចេញឱ្យអស់ | ។ |
សូមទ្រង់ស្រោចលើចិត្តហែងហួត | កុំឱ្យក្រៀមស្ងួតសោះកក្រោះ | |
និងចិត្តដែលមានស្នាមរបួស | ឱ្យមានសម្រស់ស្រស់បំព្រង | ។ |
សូមបន្ទន់ចិត្ត កាយ វាចា | កុំឱ្យមុសាមានសៅហ្មង | |
សូមប្រទានតាមព្រះបំណង | ព្រះទ័យថ្លាយង់កុំខានណា | ។ |
សូមតម្រង់ចិត្តកោងវេរវៀច | ចិត្តខូចកាចកៀចដោយហឹង្សា | |
ខន្តីអំណត់តាមមាគ៌ា | តាមក្តីប្រាថ្នាព្រះទ័យទ្រង់ | ។ |
សូមទ្រង់ប្រទានអំណោយសព្វ | ឱ្យមានភពភ័ព្វបែបទំនង | |
ដល់អ្នកជឿផងតាមបំណង | ចិត្តជឿលើទ្រង់ជាអម្ចាស់ | ។ |
សូមទ្រង់ប្រទានបុណ្យកុសល | ឱ្យបានមគ្គផលក្រែលក្រៃក្រាស់ | |
អំណរសប្បាយមានដេរដាស | រហូតដល់អស់កល្បទៅហោង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះវិញ្ញាណដ៏វិសុទ្ធ! សូមយាងមក! សូមជ្រួតជ្រាបចិត្តគំនិតអ្នកបម្រើព្រះអង្គ! សូមប្រោសប្រទានសេចក្តីស្រឡាញ់របស់ព្រះអង្គឱ្យយើងខ្ញុំផង! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥,២៦-២៧; ១៦,១២-១៥
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ព្រះអង្គដែលជួយការពារ គឺជាព្រះវិញ្ញាណដែលសម្តែងសេចក្តីពិត ខ្ញុំនឹងចាត់ព្រះអង្គនេះពីព្រះបិតាឱ្យមករកអ្នករាល់គ្នា ព្រះអង្គចេញពីព្រះបិតាមក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងធ្វើជាសាក្សីអំពីខ្ញុំ ហើយអ្នករាល់គ្នាក៏ធ្វើជាសាក្សីអំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។ ខ្ញុំមានសេចក្តីឯទៀតៗជាច្រើនដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះបានទេ។ កាលណាព្រះវិញ្ញាណនៃសេចក្តីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឱ្យស្គាល់សេចក្តីពិតគ្រប់ជំពូក ដ្បិតសេចក្តីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្តីណាដែលទ្រង់ព្រះសណ្តាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់ឱ្យអ្នករាល់គ្នាដឹង អំពីហេតុការណ៍ដែលត្រូវកើតមាននៅថ្ងៃមុខផង។ ព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួលសេចក្តីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។ អ្វីៗដែលព្រះបិតាមានទាំងប៉ុន្មាន សុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្តីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណមកយើងខ្ញុំ តាមព្រះបន្ទូលសន្យានៃព្រះបុត្រាព្រះអង្គ។ សូមព្រះវិញ្ញាណបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់ការអាថ៌កំបាំងដ៏អស្ចារ្យនៃអភិបូជា និងណែនាំឱ្យស្គាល់សេចក្តីពិតគ្រប់យ៉ាងទៀតផង។
ធម៌លើកតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ និងសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ ព្រះអង្គបានប្រោសប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំជាបុត្រធីតាព្រះអង្គ ដើម្បីឱ្យយើងខ្ញុំរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ។ កាលព្រះសហគមន៍ទើបកើតមក ព្រះវិញ្ញាណបានប្រោសឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គជាព្រះដ៏ពិតប្រាកដតែមួយ ដើម្បីឱ្យគេប្រកាសជំនឿតែមួយ តាមភាសារៀងៗខ្លួន។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គថែរក្សាព្រះសហគមន៍ជានិច្ច។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណដល់ព្រះសហគមន៍ឱ្យបានពេញបរិបូណ៌។ សូមឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទមានជំនឿកាន់តែមាំមួនឡើងៗ និងស្ម័គ្រចិត្តរួមរស់ជាមួយព្រះបុត្រាកាន់តែជិតស្និទ្ធឡើងៗ ព្រមទាំងបង្ហាញការសង្គ្រោះរបស់ព្រះអង្គ ឱ្យមនុស្សលោកសព្វថ្ងៃនេះឃើញផង។