ថ្ងៃអាទិត្យ អាទិត្យទី០៧
រដូវបុណ្យចម្លង«ឆ្នាំក»
ពណ៌ស
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំជឿថា ព្រះយេស៊ូគ្រីស្តជាព្រះសង្គ្រោះរបស់មនុស្សលោកគង់នៅជាមួយព្រះអង្គ ទាំងប្រកបដោយសិរីរុងរឿង។ យើងខ្ញុំក៏ជឿជាក់ថា ព្រះគ្រីស្តស្ថិតនៅជាមួយយើងខ្ញុំសព្វថ្ងៃនេះ រហូតដល់អវសានកាលនៃពិភពលោកដែរ។ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យធ្វើជាសាក្សីពីព្រះគ្រីស្តនេះផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១,១២-១៤
ក្រុមគ្រីស្តទូតឃើញព្រះយេស៊ូយាងឡើងទៅ។ ក្រោយមក អស់លោកនាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវទៅក្រុងយេរូសាឡឹមវិញ ដែលមានចម្ងាយផ្លូវប្រមាណមួយគីឡូម៉ែត្រ។ លុះបានមកដល់ផ្ទះហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ គ្រីស្តទូតទាំងនោះគឺ លោកសិលា លោកយ៉ូហាន លោកយ៉ាកុប លោកអន់ដ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុប ជាកូនលោកអាល់ផាយ លោកស៊ីម៉ូន ហៅអ្នកជាតិនិយម និងលោកយូដាស ជាកូនរបស់លោក យ៉ាកុប។ ពួកគេរួមចិត្តគំនិតគ្នា ព្យាយាមអធិដ្ឋានដោយមានស្ត្រីឯទៀតៗ មាននាងម៉ារីជាមាតារបស់ព្រះយេស៊ូ និងមានបងប្អូនរបស់ព្រះអង្គមកចូលរួមជាមួយផងដែរ។
ទំនុកតម្កើងលេខ ២៧ (២៦), ១-២.៤.៧-៨ បទពាក្យ ៧
| ១ | ព្រះអម្ចាស់ទ្រង់ជាពន្លឺ | នាមល្បីរន្ទឺព្រះសង្គ្រោះ | |
| មិនឱ្យខ្ញុំខ្លាចនរណាសោះ | ជាកំពែងខ្ពស់ជួយជីវិត | ។ |
| ២ | ពេលពួកមនុស្សពាលជាបច្ចា | រូតរះម្នីម្នាចូលមកជិត | |
| ពួកគេចង់មកផ្តាច់ជីវិត | តែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល | ។ |
| ៤ | ខ្ញុំទូលព្រះម្ចាស់នូវសេចក្តី | តែមួយគត់ខ្លីឱ្យបានច្បាស់ | |
| គឺចង់ស្នាក់នៅដំណាក់ព្រះ | ឥតមានក្រឡះមួយជីវិត | ។ |
| ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ | ឫទ្ធានុភាពថ្កុំថ្កើងពិត | |
| នឹងថ្វាយបង្គំម្ចាស់ជីវិត | ព្រះអង្គគង់ស្ថិតក្នុងវិហារ | ។ |
| ៧ | ឱព្រះម្ចាស់អើយសូមសណ្តាប់ | ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង | |
| អាណិតឆ្លើយតបកុំឆ្មៃឆ្មើង | មកខ្ញុំវិញផងកុំកន្តើយ | ។ |
| ៨ | ទូលបង្គំនឹកដល់ព្រះបន្ទូល | ព្រះអង្គថ្លែងពោលទុកមកហើយ | |
| ចូរស្វែងរកយើងនឹងបានស្បើយ | ខ្ញុំមិនព្រងើយស្វែងរកភ័ក្រ្ត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតសិលា ១ សល ៤,១៣-១៦
បងប្អូនជាទីស្រឡាញ់!
ចូរមានចិត្តរីករាយឡើង ព្រោះបងប្អូនរងទុក្ខលំបាកផ្សេងៗ រួមជាមួយព្រះគ្រីស្ត។ បងប្អូនមុខជាមានអំណរសប្បាយយ៉ាងខ្លាំង នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។ ប្រសិនបើមានគេត្មះតិះដៀលបងប្អូនព្រោះតែព្រះនាមរបស់ព្រះគ្រីស្តនោះ បងប្អូន មានសុភមង្គលហើយ ដ្បិតព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ស្ថិតនៅលើបងប្អូន។ ក្នុងចំណោមបងប្អូន សូមកុំឱ្យមាននរណាម្នាក់រងទុក្ខលំបាក ព្រោះបានសម្លាប់គេ លួចគេ ប្រព្រឹត្តអំពើអាក្រក់ ឬឡូកឡំក្នុងរឿងរ៉ាវរបស់អ្នកដទៃឡើយ។ ប៉ុន្តែ បើបងប្អូនណារងទុក្ខលំបាកក្នុងនាមជាគ្រីស្តបរិស័ទ កុំអៀនខ្មាស់ឱ្យសោះ ផ្ទុយទៅវិញ បងប្អូននោះត្រូវតែលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ព្រោះតែបងប្អូនមាននាមជាគ្រីស្តបរិស័ទនេះ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,១៨
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មិនចោលអ្នករាល់គ្នាឱ្យនៅកំព្រាឡើយ! ព្រះអង្គនឹងយាងមករកអ្នករាល់គ្នាវិញ។ នៅពេលនោះ អ្នករាល់គ្នានឹងមានអំណរសប្បាយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,១-១១
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គងើបព្រះភក្រ្តទតទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា! ឥឡូវនេះ ដល់ពេលកំណត់ហើយ សូមសម្តែងសិរីរុងរឿងរបស់បុត្រឡើង ដើម្បីឱ្យបុត្រសម្តែងសិរីរុងរឿងរបស់ព្រះបិតាដែរ។ ព្រះអង្គបានប្រទានឱ្យបុត្រមានអំណាចលើមនុស្សទាំងអស់ ដើម្បីឱ្យបុត្រផ្តល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្រះអង្គប្រទានមកបុត្រ។ រីឯជីវិតអស់កល្បជានិច្ចនោះ គឺឱ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឱ្យគេស្គាល់ព្រះយេស៊ូគ្រីស្តដែលព្រះអង្គបានចាត់ឱ្យមក។ ទូលបង្គំបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបញ្ជាឱ្យទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។ ឱព្រះបិតាអើយ! ឥឡូវនេះ សូមលើកតម្កើងទូលបង្គំឱ្យមានសិរីរុងរឿងនៅក្បែរព្រះអង្គ គឺសិរីរុងរឿងដែលទូលបង្គំធ្លាប់មាននៅក្បែរព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។ ទូលបង្គំបានសម្តែងព្រះនាមរបស់ព្រះអង្គ ឱ្យអស់អ្នកដែលព្រះអង្គញែកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកឱ្យទូលបង្គំ ហើយគេបានប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់ ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅឱ្យគេ គេបានទទួលព្រះបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿថា ព្រះអង្គបានចាត់ទូលបង្គំឱ្យមកទៀតផង។ ទូលបង្គំសូមអង្វរព្រះអង្គឱ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឱ្យមនុស្សលោក ឡើយ គឺអង្វរឱ្យតែអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះ នៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ អ្វីៗជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំ ក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំសម្តែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។ ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះ ស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូអង្វរព្រះអង្គឱ្យយើងខ្ញុំ សូមឱ្យអស់អ្នកជឿរួបរួមគ្នាជាអង្គតែមួយ។ ក្នុងអភិបូជានេះ យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះយេស៊ូបូជាព្រះជន្ម ដើម្បីបង្រួបបង្រួមមនុស្សលោក។ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ព្រះយេស៊ូដោយអនុគ្រោះផង។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តប្រទានជីវិតថ្មីឱ្យយើងខ្ញុំដែលជឿសង្ឃឹមលើព្រះអង្គ។ ទ្រង់បង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យចូលក្នុងព្រះសហគមន៍តែមួយ។ ព្រះសហគមន៍ក៏ទទួលឫទ្ធិបារមីពីព្រះវិញ្ញាណដែរ ដើម្បីបង្ហាញធម៌មេត្តាការុណារបស់ព្រះអង្គសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រាឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមាំមួនថា នឹងទទួលសិរីរុងរឿងរួមជាមួយព្រះយេស៊ូនៅថ្ងៃណាមួយជាពុំខាន! សូមជួយយើងខ្ញុំឱ្យបង្ហាញការសង្គ្រោះរបស់ព្រះអង្គសព្វថ្ងៃនេះផង។
300 Views
Post Views:
302