ថ្ងៃអាទិត្យ អាទិត្យទី៣២
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦
ពាក្យអធិដ្ឋានពេលចូល
ឱព្រះជាម្ចាស់ប្រកបដោយព្រះហប្ញទ័យសប្បុរស ហើយដែលមានតេជានុភាពសព្វប្រការ! សូមទ្រង់ព្រះមេត្តាដកឧបសគ្គទាំងប៉ុន្មានដែលរារាំងផ្លូវយើងខ្ញុំមិនឱ្យប្រព្រឹត្តតាមព្រះហប្ញទ័យព្រះអង្គ សូមប្រោសយើងខ្ញុំឱ្យអាចបម្រើព្រះអង្គដោយចិត្តស្មោះជានិច្ចផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ៦,១២-១៦
ព្រះប្រាជ្ញាញាណបញ្ចេញពន្លឺចិញ្ចែងចិញ្ចាច ទ្រង់មិនចេះស្រអាប់ឡើយ។ ចំពោះ អ្នកដែលស្រឡាញ់ព្រះប្រាជ្ញាញាណ ទ្រង់ប្រោសឱ្យគេឃើញព្រះអង្គយ៉ាងស្រួល។ ចំពោះអ្នកដែលស្វែងរកព្រះប្រាជ្ញាញាណ ក៏ទ្រង់ប្រោសឱ្យគេរកព្រះអង្គឃើញដែរ។ ព្រះប្រាជ្ញាញាណបង្ហាញព្រះអង្គ ឱ្យអ្នកដែលមានបំណងចង់ស្គាល់ព្រះអង្គមុនពេល គេចាប់ផ្តើមរកទៅទៀត។ អ្នកដែលក្រោកពីព្រលឹម ដើម្បីទៅជួបព្រះប្រាជ្ញាញាណ ឥតមាននឿយហត់ឡើយ គេនឹងរកឃើញព្រះប្រាជ្ញាញាណគង់នៅមាត់ទ្វារផ្ទះរបស់ខ្លួន។ អ្នកណាស្រឡាញ់ព្រះប្រាជ្ញាញាណយ៉ាងខ្លាំង អ្នកនោះជាមនុស្សចេះរិះគិតពិចារណាយ៉ាងច្បាស់ រីឯអ្នកដែលមិនព្រមដេក ព្រោះតែនឹកដល់ព្រះប្រាជ្ញាញាណ ក៏ត្រូវរួចពីកង្វល់គ្រប់យ៉ាងក្នុងពេលដ៏ខ្លីដែរ។ ចំណែកព្រះប្រាជ្ញាញាណវិញ ទ្រង់យាងទៅយាងមក ទាំងស្វែងរកអ្នកដែលសមនឹងទទួលព្រះអង្គ ទ្រង់មានព្រះហប្ញទ័យប្រណីមេត្តាបង្ហាញព្រះអង្គឱ្យគេឃើញ ក្នុងគ្រប់កិច្ចការដែលគេធ្វើ។ ពេលណាគេនឹក គិតពីព្រះអង្គ ទ្រង់ក៏យាងមកជួបគេភ្លាមដែរ។
ទំនុកតម្កើងលេខ ៦៣ (៦២), ២-៨ បទកាកគតិ
| ២ | បពិត្រព្រះម្ចាស់ | ទ្រង់ពិតជាព្រះ | នៃទូលបង្គំ |
| ខ្ញុំខំស្វែងរក | មិននៅសម្ងំ | តាំងពីព្រលឹម |
| | ស្វះស្វែងដើររក | ។ |
| រូបខ្ញុំស្រេកឃ្លាន | ព្រះប្រាជ្ញាញាណ | អាល័យនឹងភ្នក |
| ដូចដីប្រេះបែក | គ្មានភ្លៀងធ្លាក់មក | ខ្ញុំដើរកាត់ជ្រក |
| | គ្រប់ទីទិសា | ។ |
| ៣ | សូមឱ្យរូបខ្ញុំ | បានឃើញព្រះអង្គ | ក្នុងទីសក្ការ |
| ខ្ញុំចង់ឃើញណាស់ | បារមីប្ញទ្ធា | អំណាចចេស្តា |
| | របស់ព្រះអង្គ | ។ |
| ៤ | ព្រះទ័យមេត្តា | សន្តោសករុណា | ប្រសើរឥតហ្មង |
| ខ្ញុំនឹងពោលពាក្យ | សរសើរតម្កើង | សិរីរុងរឿង |
| | ព្រះម្ចាស់មានប្ញទ្ធិ | ។ |
| ៥ | ខ្ញុំសូមថ្លាថ្លែង | អំណរក្រៃលែង | អស់មួយជីវិត |
| ខ្ញុំសូមលើកដៃ | បង្គំថ្វាយថ្វាត់ | ព្រះនាមវិសុទ្ធ |
| | ព្រះអង្គតែមួយ | ។ |
| ៦ | ខ្ញុំនឹងសប្បាយ | ឥតមានខ្វល់ខ្វាយ | ព្រោះមានព្រះជួយ |
| បានសុខរមនា | គ្មានភ័យគ្មានព្រួយ | ព្រះម្ចាស់តែមួយ |
| | ខ្ញុំច្រៀងតម្កើង | ។ |
| ៧ | រៀងរាល់រាត្រី | ខ្ញុំនឹកស្រមៃ | ទៅដល់ព្រះអង្គ |
| អស់ពេញមួយយប់ | រាត្រីកន្លង | នឹកដល់ព្រះអង្គ |
| | ឥតមានពេលភ្លេច | ។ |
| ៨ | ព្រោះតែព្រះអង្គ | បានជួយតម្រង់ | រូបខ្ញុំជានិច្ច |
| ខ្ញុំច្រៀងខ្ញុំរាំ | សប្បាយពន់ពេក | ឥតមានរារែក |
| | ក្រោមម្លប់បារមី | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងថេសាឡូនិក ១ ថស ៤,១៣-១៨(ឬយ៉ាងខ្លី ៤,១៣-១៤)
បងប្អូនជាទីស្រឡាញ់!
យើងចង់ឱ្យបងប្អូនជ្រាបអំពីអស់អ្នកដែលស្លាប់ផុតទៅហើយ ដើម្បីកុំឱ្យបងប្អូនព្រួយចិត្ត ដូចអ្នកឯទៀតៗដែលគ្មានសេចក្តីសង្ឃឹមនោះឡើយ។ ប្រសិនបើយើងជឿថា ព្រះយេស៊ូពិតជាសោយទិវង្គត ហើយទទួលព្រះជន្មថ្មីដ៏រុងរឿងមែន យើងក៏ត្រូវតែជឿថា ព្រោះតែព្រះយេស៊ូ ព្រះជាម្ចាស់នឹងនាំបងប្អូនដែលស្លាប់ទៅហើយ ឱ្យទៅនៅជាមួយព្រះយេស៊ូដែរ។
ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ។
យើងសូមបញ្ជាក់ប្រាប់បងប្អូនតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា នៅពេលព្រះអម្ចាស់យាងមក យើងដែលមានជីវិតនៅឡើយ មិនទៅមុនអ្នកដែលស្លាប់នោះទេ ដ្បិតនៅពេលមានស្នូរលាន់ឡើងជាសញ្ញា ហើយនៅពេលឮសំឡេងអគ្គទេវទូត និងសំឡេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់នឹងយាងចុះពីស្ថានបរមសុខមក។ អស់អ្នកស្លាប់ដែលជឿលើព្រះគ្រីស្តនោះ នឹងក្រោកឡើងជាមុន បន្ទាប់មក ទើបព្រះអម្ចាស់លើកយើង ដែលមានជីវិតនៅឡើយ ឱ្យឡើងទៅក្នុងពពកជាមួយអ្នកទាំងនោះ ដើម្បីទៅទទួលព្រះអង្គក្នុងអាកាសវេហាស៍។ យើងក៏នឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅដែរ។ ដូច្នេះ សូមបងប្អូនយកពាក្យទាំងនេះមកដាស់តឿនគ្នាទៅវិញទៅមក។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៤,៤២-៤៤
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឱ្យមែនទែន ចូរត្រៀមខ្លួនជានិច្ច ដ្បិតអ្នករាល់គ្នាមិនដឹងថា បុត្រមនុស្សនឹងមកដល់នៅវេលាណាទេ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥,១-១៣
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាដូចតទៅ៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបានទៅនឹងស្រ្តីក្រមុំដប់នាក់ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ក្នុងចំណោមពួកនាង មានប្រាំនាក់ជាស្រ្តីឥតប្រាជ្ញា ប្រាំនាក់ទៀតជាស្ត្រីមានប្រាជ្ញា។ ស្ត្រីឥតប្រាជ្ញាយកចង្កៀង តែមិនយកប្រេងទៅបង្ការជាមួយទេ។ រីឯស្ត្រីមានប្រាជ្ញាវិញ នាងបានយកចង្កៀងទៅ មានទាំងប្រេងបង្ការផង។ ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយជាខ្លាំង ក៏ដេកលក់ទាំងអស់គ្នាទៅ។ លុះដល់ពាក់កណ្តាលអធ្រាត្រ មានគេស្រែកឡើងថា“ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!”។ ស្រ្តីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។ ស្ត្រីឥតប្រាជ្ញានិយាយទៅកាន់ស្ត្រីមានប្រាជ្ញាថា “សុំចែកប្រេងឱ្យយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់ហើយ”។ ស្ត្រីមានប្រាជ្ញាឆ្លើយទៅវិញថា” ទេ! មិនបានទេ! បើយើងចែកឱ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!”។
នៅពេលដែលស្ត្រីឥតប្រាជ្ញាទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។ ក្រោយមក ស្ត្រីប្រាំនាក់ទៀតមកដល់ស្រែកហៅថា “ឱព្រះអម្ចាស់ ព្រះអម្ចាស់! សូមបើកទ្វារឱ្យយើងខ្ញុំផង!”។ ស្វាមីឆ្លើយវិញថា“ ខ្ញុំសុំប្រាប់ឱ្យនាងដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!”។ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងយាងមកដល់ថ្ងៃណា ឬពេលណាឡើយ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលថ្វាយអភិបូជា យើងខ្ញុំនាំគ្នាលើកតម្កើងព្រះបុត្រាដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង យើងខ្ញុំក៏ទន្ទឹងរង់ចាំព្រះគ្រីស្តយាងមកវិញដែរ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង!។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រទានអាហារដែលពង្រឹងទឹកចិត្តយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យព្យាយាមបម្រើព្រះអង្គដោយចិត្តទៀងត្រង់ជានិច្ច។ សូមឱ្យយើងខ្ញុំយកចិត្តទុកដាក់កសាងពិភពលោកថ្មី តាមព្រះហប្ញទ័យរបស់ព្រះអង្គ ដោយទន្ទឹងរង់ចាំព្រះគ្រីស្តយាងមកផង! គឺព្រះគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
695 Views
Post Views:
712