ថ្ងៃអាទិត្យ អាទិត្យទី៣១
រដូវធម្មតា ឆ្នាំ«ក»
ពណ៌ស
ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦
បុណ្យឱឡារិក
បុណ្យគោរពសន្តបុគ្គលទាំងឡាយ
សូមចុចទីនេះ
មានតែព្រះជាម្ចាស់មួយព្រះអង្គទេដែលជា “ព្រះដ៏វិសុទ្ធ” គឺព្រះអង្គខុសប្លែកពីមនុស្សយើងទាំងស្រុង ប្លែកជាងមេឃ និងដីទៅទៀត! ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យមនុស្សលោក គឺដល់អ្នកដែលផ្ញើជិវិតទាំងស្រុងទៅលើធម៌មេត្តាករុណារបស់ព្រះអង្គ ហើយរស់នៅតាមរបៀបដែលគាប់ព្រះហឫទ័យព្រះអង្គដែរ។ ព្រះសហគមន៍តែងហៅ “សន្តបុគ្គល” អស់អ្នកដែលពោរពេញដោយព្រះជន្មរបស់ព្រះជាម្ចាស់ ហើយដែលរស់នៅជាមួយព្រះអង្គនៅស្ថានបរមសុខ។ ព្រះសហគមន៍ក៏តែងតាំងសន្តបុគ្គលទុកជាគំរូ អំពីរបៀបរស់នៅជាគ្រីស្តបរិស័ទដែរ។ នៅថ្ងៃនេះ ព្រះសហគមន៍ដាស់តឿនគ្រីស្តបរិស័ទឱ្យអរព្រះគុណព្រះជាម្ចាស់ដែលទ្រង់បានប្រោសមនុស្សឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។ គ្រីស្តបរិស័ទក៏អរព្រះគុណព្រះអង្គដែលបានប្រោសឱ្យមនុស្សខ្លះរស់នៅរបៀបល្អប្រសើរដែរ។ របៀបរស់នៅបែបនោះ មកពីព្រះជាម្ចាស់ប្រទានឱ្យ។ នៅថ្ងៃនេះ យើងជាគ្រីស្តបរិស័ទនឹកដល់មនុស្សច្រើនឥតគណនាដែលបានផ្ញើជិវិតលើព្រះអង្គ និងដែលបានគាប់ព្រះហឫទ័យព្រះអង្គ ទោះបីគេកាន់សាសនាណាក៏ដោយ។ ឥឡូវនេះ គេរួមជាមួយព្រះគ្រីស្ត ហើយនាំគ្នាថ្វាយបង្គំព្រះបិតា លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ ទោះបីអ្នកទំាងនោះពុំមានឈ្មោះក្នុងបញ្ជីប្រតិទិនក៏ដោយ ក៏គេរួមរស់ជាមួយព្រះគ្រីស្តនៅស្ថានបរមសុខទៀតផង។ អ្នកទាំងនោះប្រៀបដូជជាបង ប្អូនដែលអង្វរព្រះបិតាឱ្យយើង រួមជាមួយព្រះយេស៊ូជារៀមច្បង។ នៅក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌ គ្រីស្តបរិស័ទតែងតែនាំគ្នានឹករឭកគុណដូនតា មាតាបិតាគ្រូបាធ្យាយ និងអស់លោកអ្នកដែលជាអ្នកមានគុណលើខ្លួន។ គ្រីស្តបរិស័ទក៏នាំគ្នានឹកដល់វិញ្ញាណរបស់អស់លោកអ្នកដែលបានចែកស្ថានទៅហើយដែរ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យសប្បុរស! មានតែព្រះអង្គទេដែលអាចប្រោសអ្នកជឿឱ្យគោរពបម្រើព្រះអង្គយ៉ាងសមរម្យ។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យខិតខំធ្វើតាមព្រះហប្ញទ័យព្រះអង្គជានិច្ចផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីម៉ាឡាគី មគ ១,១៤ខ-២,១.២.៨-១០
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងជាព្រះមហាក្សត្រដ៏ប្រសើរឧត្តម ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង!។ ពួកបូជាចារ្យអើយ! ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ៖ ប្រសិនបើអ្នករាល់គ្នាមិនព្រមស្តាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឱ្យគ្រោះកាចកើតមានក្នុងចំណោមអ្នករាល់គ្នា យើងនឹងធ្វើឱ្យពររបស់អ្នករាល់គ្នាក្លាយទៅជាបណ្តាសា។ អ្នករាល់គ្នាបានងាកចេញពីមាគ៌ា ការបង្រៀនរបស់អ្នករាល់គ្នាបាននាំមនុស្សជាច្រើនឱ្យវង្វេង។ អ្នករាល់គ្នាបានរំលោភលើសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ដូច្នេះ យើងនឹងឱ្យប្រជាជនទាំងមូលប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេ ហើយអ្នករាល់គ្នាបង្រៀនមនុស្សដោយរើសមុខ»។ ពួកយើងទាំងអស់គ្នាដែលជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ មានឪពុកតែមួយគត់ ហើយព្រះជាម្ចាស់ដែលបង្កើតពួកយើង ក៏មានតែមួយព្រះអង្គដែរ ហេតុដូចម្តេចបានជាពួកយើងក្បត់គ្នាទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរសរបស់ពួកយើងដូច្នេះ?។
ទំនុកតម្កើងលេខ ១៣១ (១៣០), ១-៣ បទកាកគតិ
| ១ | បពិត្រព្រះម្ចាស់ | ខ្ញុំជាមនុស្ស | ដែលមិនអំនួត |
| មិនវាយឫកខ្ពស់ | មិនអាងមិនអួត | មិនចង់ប្រកួត |
| | អ្នកតូចអ្នកទាប | ។ |
| ខ្ញុំមិនលោភលន់ | ចង់បានទ្រព្យធន | គេជារៀងរាប |
| មិនចង់បានអ្វី | ដែលធំហួសបៀប | លើសសមត្ថភាព |
| | របស់ខ្ញុំឡើយ | ។ |
| ២ | តែផ្ទុយទៅវិញ | ចិត្តខ្ញុំពោរពេញ | ស្ងៀមស្ងាត់ព្រងើយ |
| ដូចជាកូនក្មេង | ជាប់ទ្រូងម្តាយហើយ | វាធ្វើកន្តើយ |
| | នឹងអ្វីទាំងអស់ | ។ |
| ៣ | អ៊ីស្រាអែលអើយ | កុំបង្អង់ឡើយ | ទុកចិត្តលើព្រះ |
| តាំងពីឥឡូវ | តទៅឥតខ្ចោះ | រហូតដល់អស់ |
| | កប្បកល្បជានិច្ច | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងថេសាឡូនិក ១ ថស ២,៧-៩.១៣
បងប្អូនជាទីស្រឡាញ់!
យើងរស់ក្នុងចំណោមបងប្អូនដោយចិត្តសុភាពរាបសា បីដូចជាមាតាដែលបីបាច់ថែរក្សាកូនខ្ចីដែរ។ ដោយយើងជាប់ចិត្តស្រឡាញ់បងប្អូនខ្លាំងយ៉ាងនេះ យើងមិនត្រឹមតែមានបំណងប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្តូរជីវិតសម្រាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។ បងប្អូនអើយ! បងប្អូនពិតជានឹកចាំនូវកិច្ចការដែលយើងបានធ្វើទាំងនឿយហត់នោះជាមិនខានឡើយ គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន យើងខំធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឱ្យនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់ដល់យើង។ ហេតុនេះហើយ បានជាយើងតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូន បងប្អូនបានទទួលយកដោយពុំចាត់ទុកថា ជាពាក្យសម្តីរបស់មនុស្សទេ គឺបងប្អូនចាត់ទុកពាក្យសម្តីរបស់ខ្ញុំនេះ ដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះ កំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៣,៩-១០
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នករាល់គ្នាមានព្រះបិតាតែមួយគត់ ដែលគង់នៅស្ថានបរមសុខ។ អ្នករាល់គ្នាមានព្រះគ្រីស្តតែមួយព្រះអង្គប៉ុណ្ណោះដែលជាអ្នកដឹកនាំអ្នករាល់គ្នា។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,១-១២
ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជន និងក្រុមសាវ័កថា៖ «ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ី មានភារកិច្ចបង្រៀនធម្មវិន័យរបស់លោកម៉ូសេ។ អ្វីៗដែលគេបង្រៀនអ្នករាល់គ្នា ចូរស្តាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតម្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រតិបត្តិតាមសេចក្តីដែលគេបង្រៀននោះទេ។ អ្នកទាំងនោះបង្កើតវិន័យយ៉ាងតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះទេ សូម្បីតែបន្តិចបន្តួចក៏មិនជួយផង។ គេធ្វើកិច្ចការផ្សេងៗ ដើម្បីឱ្យមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់កាន់តែធំឡើងៗ និងធ្វើខ្សែរំយោលនៅជាយអាវកាន់តែវែងទៅៗ។ ពួកគេចូលចិត្តកន្លែងកិតិ្តយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងធម្មសាលា។ ពួកនេះចូលចិត្តឱ្យគេឱនកាយគោរពនៅតាមផ្សារ និងឱ្យគេហៅខ្លួនថា “លោកគ្រូ”។ រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឱ្យហៅខ្លួនថា “លោកគ្រូ” សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះបរមគ្រូ” តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។ កុំហៅនរណាម្នាក់នៅលើផែនដីនេះថា “លោកឪពុក” ឱ្យសោះ ដ្បិតអ្នករាល់គ្នាមាន“ឪពុក” តែមួយគត់ គឺព្រះបិតាដែលគង់នៅស្ថានបរមសុខ។ កុំឱ្យគេហៅអ្នករាល់គ្នាថា “អ្នកដឹកនាំ” ឡើយ ដ្បិតមានតែព្រះគ្រីស្តមួយព្រះអង្គប៉ុណ្ណោះ ដែលជាអ្នកដឹកនាំរបស់អ្នករាល់គ្នា។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នា។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា ពេលយើងខ្ញុំថ្វាយអភិបូជា យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាបូជាព្រះជន្មថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូ និងលើកតម្កើងសិរីរុងរឿងព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយ រាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! ដោយយើងខ្ញុំទទួលព្រះកាយព្រះបុត្រា ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំទៅជាព្រះកាយព្រះគ្រីស្តក្នុងលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានយើងខ្ញុំឱ្យរស់នៅបែបសមរម្យនឹងឋានៈរបស់ខ្លួន ព្រមទាំងទៅជាសញ្ញាសម្គាល់នៃធម៌មេត្តាករុណារបស់ព្រះអង្គផង។
751 Views
Post Views:
770