អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១
អាទិត្យទី៣០ រដូវធម្មតា
ពណ៌បៃតង

ឬសន្តអន់តូនី ម៉ារីក្លារេ
ជាអភិបាលព្រះ​សហគមន៍

លោកអន់តូនី ម៉ារីក្លារេ (១៨០៧-១៨៧០) ជាបូជាចារ្យជាតិអេស្បាញម្នាក់។ លោកពន្យល់គម្ពីរដោយមិនចេះនឿយហត់ ទាំងនៅក្នុងស្រុកកំណើត ទាំងនៅកោះកាណារ៉ី ទាំងនៅកោះគុយបាផង។ លោកបំពេញមុខងារជាអភិបាលព្រះសហគមន៍ក្រុងសន្ទីយ៉ាកូ (ប្រទេសគុយបា)។ ដោយលោកជួយគាំទ្រទាសាទាសី ពួកអភិជនជាម្ចាស់ដែលជិះជាន់សង្កត់សង្កិនទាសាទាសីទាំងនោះ នាំគ្នារកសម្លាប់លោកដល់១៥ ដង! លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ដែលគោរពព្រះបេះដូងដ៏និម្មលរបស់ព្រះនាងម៉ារី។

អត្ថបទទី១សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣១,៧-៩

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរហ៊ោកញ្ជ្រៀវ ចូរអបអរសាទរកូនចៅយ៉ាកុប! ចូរទទួលប្រជាជាតិដែលជាមេដឹកនាំនៃប្រជាជាតិទាំងឡាយឱ្យបានគគ្រឹកគគ្រេងឡើង! ចូរបន្លឺសំឡេងសរសើរតម្កើងព្រះអម្ចាស់ ហើយពោលថា “ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជាជនរបស់ព្រះអង្គផង គឺជនជាតិអុីស្រាអែលដែលនៅសេសសល់!”។ យើងនឹងនាំពួកគេមកពីស្រុកខាងជើង ហើយក៏ប្រមូលពួកគេពីទីដាច់ស្រយាលនៃផែនដីមកវិញដែរ។ ពួកគេមកទាំងអស់គ្នា គឺមានទាំងមនុស្សខ្វាក់ មនុស្សខ្វិន ស្រ្តី មានផ្ទៃពោះ និងស្រ្តីទើបសម្រាលកូន។ ពួកគេវិលត្រឡប់មកវិញយ៉ាងច្រើនឥតគណនា។ ពួកគេមកដល់ទាំងយំផង ទាំងទូលអង្វរផង។ យើងនឹងដឹកនាំពួកគេតាមផ្លូវរាបស្មើ គ្មានអ្វីបណ្តាលឱ្យជំពប់ជើង តម្រង់ទៅកន្លែងដែលមានទឹកហូរ ដ្បិតយើង ជាឪពុករបស់ជនជាតិអុីស្រាអែល ហើយអេប្រាអុីមជាកូនច្បងរបស់យើង។

ទំនុកតម្កើងលេខ ១២៦,១-៦បទព្រហ្មគីតិ

១.ពេលព្រះដឹកនាំអ្នកដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយយើងធូរស្បើយដូចយល់សប្តិ ។
២.យើងសើចហ៊ោសប្បាយអរក្អាកក្អាយឥតមានឈប់
ស្រែកជយឃោសន៍សាយសព្វលាន់សូរស័ព្ទគ្រប់ទិសា ។
ពេលនោះក្នុងចំណោមជាតិទាំងព្រមគេពោលថា
«ព្រះម្ចាស់មានចេស្តាធ្វើអស្ចារ្យចំពោះគេ» ។
៣.ព្រះអង្គបានធ្វើការដ៏អស្ចារ្យអ្វីម្លេ៉ះទេ
យើងលែងគិតគ្នាន់គ្នេរបានល្ហើយល្ហែអរសប្បាយ ។
៤.ឱ! ព្រះម្ចាស់ឧត្តមសូមប្រោសខ្ញុំឱ្យរីកសាយ
ដូចរហោស្ថានឆ្ងាយសូមប្រែក្លាយមានទឹកហូរ ។
៥.អ្នកណាសាបព្រោះស្រូវដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរនឹងច្រូតយកទាំងសប្បាយ ។
៦.គេយកពូជទៅព្រោះទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយហ៊ោសប្បាយដោយអំណរ ។

អត្ថបទទី​២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៥,១-៦

ជនជាតិអុីស្រាអែលតែងតែជ្រើសរើសមហាបូជាចារ្យទាំងអស់ពីចំណោមមនុស្សហើយតែងតាំងដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការទាក់ទងជាមួយព្រះជាម្ចាស់។ លោកត្រូវថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះបាបមនុស្ស។ មហាបូជា ចារ្យមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនលោកផ្ទាល់ក៏ទន់ខ្សោយដែរ។ ដោយលោកទន់ខ្សោយដូច្នេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់ឱ្យខ្លួនលោកផ្ទាល់ និងប្រជារាស្រ្តបានរួចពីបាប។ គ្មាននរណាតាំងខ្លួនឯងឱ្យបំពេញ មុខងារដ៏ប្រសើរនេះឡើយ គឺទាល់តែព្រះជាម្ចាស់ត្រាស់ហៅដូចលោកអរ៉ុន ទើបបំពេញបាន។
រីឯព្រះគ្រីស្តវិញក៏ដូច្នោះដែរ ព្រះអង្គពុំបានលើកតម្កើងព្រះអង្គផ្ទាល់ធ្វើជាមហាបូជាចារ្យទេ គឺព្រះជាម្ចាស់ទេតើដែលបានតែងតាំងព្រះគ្រីស្តធ្វើជាបូជាចារ្យ ដោយមានព្រះបន្ទូលមកកាន់ព្រះអង្គថា៖«ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយ ដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ»។ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលនៅក្នុងវគ្គមួយទៀតថា៖«ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែល គីសេដែក»។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,៦៨.៧៩

អលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើងព្រះអង្គប្រោសឱ្យពន្លឺបំភ្លឺអស់អ្នកដែលរស់នៅភាពងងឹត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,៤៦-៥២

ព្រះយេស៊ូយាងចេញពីទីក្រុងយេរីខូជាមួយក្រុមសាវ័ក និងបណ្តាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ កាលគាត់ឮថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងតាមនោះ គាត់ក៏ស្រែក ឡើងថា៖«ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។ មនុស្សជាច្រើនគំរាមគាត់ឱ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖«ឱព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ព្រះយេស៊ូក៏ឈប់ ហើយមានព្រះបន្ទូលថា៖«សុំហៅគាត់មក»។ គេហៅមនុស្សខ្វាក់មក ដោយពោលថា៖«កុំអស់សង្ឃឹម ចូរក្រោកឡើង លោកហៅអ្នក»។ គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើងតម្រង់ទៅរកព្រះយេស៊ូ។ ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖«តើអ្នកចង់ឱ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមប្រោសឱ្យភ្នែកទូលបង្គំបានភ្លឺផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់មើលឃើញភ្លាម ហើយដើរតាមផ្លូវជាមួយព្រះយេស៊ូទៅ។

435 Views

Theme: Overlay by Kaira