អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៩ រដូវធម្មតា
ពណ៌បៃតង

សន្តអ៊ីញ៉ាស នៅក្រុងអន់ទីយ៉ូក
ជាអភិបាល និងជាមរណសាក្សី

គ្រីស្តបរិស័ទបានបោះឆ្នោតជ្រើសរើសលោកអ៊ីញ៉ាសឱ្យធ្វើជាអភិបាលព្រះសហគមន៍ក្រុងអន់ទីយ៉ូក តពីអភិបាលដែលបានបន្តមុខងារពីលោកសិលាមក។ អាជ្ញាធរបានបញ្ជូនលោកពីស្រុកស៊ីរ៉ីទៅក្រុងរ៉ូម ដើម្បីឱ្យសត្វសាហាវហែកស៊ី ព្រោះលោកធ្វើសាក្សីថ្វាយព្រះគ្រីស្ត។ ដល់ក្រុងស្មៀរណា ជាទីក្រុងលោកប៉ូលិការបូសរស់នៅ។ លោកសរសេរលិខិតប្រាំពីរច្បាប់ដ៏មានខ្លឹមសារខ្ពង់ខ្ពស់តាមរបៀបគ្រីស្តទូតប៉ូល។ ក្នុងលិខិតនោះ លោកយកចិត្តទុកដាក់ប្រៀនប្រដៅគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយក្នុងព្រះសហគមន៍។ លោកក៏បង្ហាញបំណងរបស់លោក គឺលោកចង់ទៅរស់នៅជាមួយព្រះគ្រីស្ត៖ “ខ្ញុំជាស្រូវរបស់ព្រះជាម្ចាស់ ធ្មេញសត្វសាហាវមុខជាកិនទំពារស្រូវនោះ ដើម្បីឱ្យទៅជាអាហារដ៏និម្មលរបស់ព្រះគ្រីស្ត”។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥៣,១០-១១

អ្នកបម្រើរបស់ព្រះអម្ចាស់រងទុក្ខលំបាកយ៉ាងខ្លោចផ្សា ហេតុនេះហើយបានជាលោកបានគាប់ព្រះហឫទ័យព្រះអង្គ។ ដោយលោកបានបូជាជីវិតដើម្បីរំដោះបាបអ្នកដទៃ ព្រះអង្គនឹងធ្វើឱ្យលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ព្រះអម្ចាស់ក៏នឹងសម្រេចព្រះបំណងរបស់ព្រះអង្គដោយសារលោក។ ព្រះអម្ចាស់មានព្រះបន្ទូល ថា៖«ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក អ្នកបម្រើរបស់យើងនឹងឃើញពន្លឺនៃជីវិត ហើយពោរពេញដោយអំណរ។ គេនឹងទទួលស្គាល់ថា អ្នកបម្រើរបស់យើង សុចរិត លោកក៏ប្រោសមនុស្សជាច្រើនឱ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ»។

ទំនុកតម្កើងលេខ ៣៣, ៤-៥.១៨-២០.២២ បទព្រហ្មគីតិ

៤.ដ្បិតព្រះជាអម្ចាស់បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ហើយតម្រង់តាមសន្យា ។
៥.ព្រះអង្គសព្វព្រះទ័យនឹងសេចក្តីពិតសត្យា
សុចរិតគ្រប់ប្រការហើយរក្សាយុត្តិធម៌ ។
ផែនដីទាំងមូលថ្លែងខំសម្តែងដោយអំណរ
ពីហឫទ័យបវរករុណាល្អព្រះជាម្ចាស់ ។
១៨.ព្រះអង្គតាមរក្សាអស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ដ៏សប្បុរសមានមេត្តា
១៩.ព្រះអង្គបានសង្គ្រោះឱ្យគេរស់មានសង្ខារ
ផុតពីក្តីមរណានៅក្នុងគ្រាដែលអត់ឃ្លាន ។
២០.យើងសូមផ្ញើជីវិតលើព្រះពិតមិនខកខាន
ជាខែលដ៏ចំណានសង្គ្រោះប្រាណផុតភិតភ័យ ។
២២.សូមព្រះជាអម្ចាស់សម្តែងព្រះទ័យវិសុទ្ធ
មេត្តាខ្ពស់បំផុតកាយជីវិតផ្ញើព្រះអង្គ ។

អត្ថបទទី​ ២
សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៤,១៤-១៦

យើងមានមហាបូជាចារ្យម្នាក់ដ៏ប្រសើរឧត្តម ដែលបានយាងកាត់ស្ថានបរមសុខ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះឱ្យបានមាំមួន ដ្បិតយើងមានមហាបូជាចារ្យដែលអាចរួមសុខទុក្ខជាមួយយើង ជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ជំពូកដូចយើងដែរ តែទ្រង់មិនបានប្រព្រឹត្តអំពើបាបសោះឡើយ។ ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្ករបស់ព្រះជាម្ចាស់ ប្រកបដោយព្រះហឫទ័យប្រណីសន្តោស ទាំងទុកចិត្ត ដើម្បីឱ្យព្រះអង្គមេត្តា ករុណា និងប្រណីសន្តោសយើង ព្រមទាំងជួយយើងនៅពេលណាយើងត្រូវការ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១០,៤៥

អលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើមនុស្ស ព្រមទាំងបូជាជីវិត និងលោះមនុស្សទាំងអស់ផង។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,៣៥-៤៥ (ឬយ៉ាងខ្លី ១០,៤២-៤៥)

លោកយ៉ាកុប និងលោកយ៉ូហានជាកូនលោកសេបេដេ ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖«ព្រះគ្រូ! សូមមេត្តាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖«តើអ្នកទាំងពីរចង់ឱ្យខ្ញុំធ្វើអ្វី?»។ គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿង សូម​ប្រទានឱ្យយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«អ្នកទាំងពីរមិនដឹងថា ខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ? តើអ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួល​បានឬទេ?»។ គេទូលព្រះអង្គថា៖«យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលមែន ចំណែកឯអង្គុយនៅខាងស្តាំ ឬខាងឆ្វេងខ្ញុំ ខ្ញុំមិនអាចសម្រេចបានឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអ្នកដែលព្រះជាម្ចាស់បានសម្រេចឱ្យប៉ុណ្ណោះ»។ កាលសាវ័កដប់នាក់ទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងលោកយ៉ាកុប និងលោកយ៉ូហានជាខ្លាំង។

ប្រសិនបើអានយ៉ាងខ្លី ចាប់ផ្តើមពីនេះទៅ

ព្រះយេស៊ូត្រាស់ហៅសាវ័កទាំងអស់មក ហើយមានព្រះបន្ទូលថា៖«អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្រ្តរបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចរបស់ខ្លួនលើប្រជារាស្រ្ត។ ក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើធំជាងគេ ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នា។ ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាទាសកររបស់គេគ្រប់គ្នាសិន ដ្បិតបុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីឱ្យគេបម្រើលោកឡើយ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង»។

223 Views

Theme: Overlay by Kaira