ថ្ងៃអាទិត្យ អាទិត្យទី២៨
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គបានបង្ហាញព្រះហប្ញទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដោយព្រះយេស៊ូលះបង់សម្បត្តិដ៏ប្រសើររបស់ព្រះអង្គ យាងមកយកឋានៈជាអ្នកក្រីក្រ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំ
ឱ្យយកចិត្តទុកដាក់រកសម្បត្តិសួគ៌ដែលមិនចេះរលួយ ជាជាងរកសម្បត្តិលោកីយ៍ផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ២៥,៦-៩
នៅថ្ងៃនោះ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងជប់លៀងប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូន គឺមានម្ហូបដ៏ឆ្ងាញ់ពិសា និងស្រាទំពាំងបាយជូរដ៏មានឱជារសបំផុត មានសាច់ចំឡក និងស្រាទំពាំងបាយជូរដែលគេសម្រាំងយ៉ាងល្អ។ នៅលើភ្នំនោះ ព្រះអង្គនឹងដក សម្លៀកបំពាក់កាន់ទុក្ខចេញពីប្រជាជនទាំងប៉ុន្មាន ហើយក៏ដកទុក្ខព្រួយចេញពីប្រជាជាតិទាំងអស់ដែរ។ ព្រះអង្គនឹងបំបាត់សេចក្តីស្លាប់រហូតតទៅ ព្រះអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខរបស់មនុស្សទាំងអស់ ហើយព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្ររបស់ព្រះអង្គចេញពីទឹកដីទាំងមូលដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅថ្ងៃនោះ គេនឹងពោលថា៖ «ព្រះជាម្ចាស់ជាព្រះនៃយើង យើងបានផ្ញើជីវិតលើព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតព្រះអង្គជាព្រះសង្គ្រោះរបស់យើង!»។
ទំនុកតម្កើងលេខ ២៣ (២២), ១-៦ បទពាក្យ ៧
១ | ឱ! ព្រះអម្ចាស់ជាគង្វាល | មើលឥតរយាលណែនាំខ្ញុំ | |
ឱ្យដើរតាមផ្លូវដែលសក្តិសម | ភោគផលជិតជុំឥតខ្វះឡើយ | ។ | |
២ | ព្រះអង្គឱ្យខ្ញុំសម្រាកនៅ | លើវាលមានស្មៅបានធូរស្បើយ | |
នាំខ្ញុំទៅក្បែរមាត់ទឹកហើយ | ប្រទានឱ្យកាយមានកម្លាំង | ។ | |
៣ | ទ្រង់នាំខ្ញុំតាមផ្លូវសុចរិត | ល្អល្អះប្រណីតភ្លឺចែងចាំង | |
ព្រះកិត្តិនាមល្បីក្លាខ្លាំង | គ្មានអ្វីរារាំងព្រះអង្គឡើយ | ។ | |
៤ | ទោះបីរូបខ្ញុំដើរកាត់ភ្នំ | ជ្រលងតូចធំស្លាប់ក៏ដោយ | |
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ | ទ្រង់គង់ជាមួយតាមការពារ | ។ | |
៥ | ព្រះអង្គរៀបចំឱ្យបរិភោគ | អាហារគរគោកមុខបច្ចា | |
រួចទ្រង់ចាក់ប្រេងលើសិរសា | បំពេញពែងស្រាខ្ញុំហៀហូរ | ។ | |
៦ | ព្រះអង្គប្រទានសុភមង្គល | ហប្ញទ័យខ្វាយខ្វល់ដោយអាសូរ | |
មកទូលបង្គំជាហែហូរ | ឥតមានឈប់ឈរមួយជីវិត | ។ | |
ដរាបណាជីវិតនៅមាន | ខ្ញុំសែនសុខសាន្តឥតមានគិត | ||
ក្នុងព្រះដំណាក់ល្អប្រណីត | ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលិព ភល ៤,១២-១៤.១៩-២០
បងប្អូនជាទីស្រឡាញ់!
ទោះបីទ័លក្រក្តី មានបរិបូណ៌ក្តី ខ្ញុំក៏ចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង គឺថា ទោះបីបរិភោគឆ្អែតក្តី អត់ឃ្លានក្តី មានបរិបូណ៌ក្តី ឬខ្វះខាតក្តី ខ្ញុំស្កប់ចិត្តជានិច្ច។ ខ្ញុំអាចទ្រាំបានទាំងអស់ ដោយរួមជាមួយព្រះអង្គដែលប្រទានកម្លាំងឱ្យខ្ញុំ។ ទោះជាយ៉ាងណាក្តី បងប្អូនរួមគ្នាជាមួយខ្ញុំ ក្នុងពេលខ្ញុំមានទុក្ខវេទនា ដូច្នេះ ជាការប្រសើរមែន។ ព្រះរបស់ខ្ញុំនឹងបំពេញសេចក្តីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដោយរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ។ សូមលើកតម្កើងសិរីរុង រឿងព្រះជាម្ចាស់ ជាព្រះបិតារបស់យើង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
នេះជាពិធីបុណ្យចម្លងរបស់ព្រះអម្ចាស់នៅកណ្តាលប្រជារាស្ត្ររបស់ព្រះអង្គ។ អស់អ្នកដែលចូលរួមក្នុងពិធីជប់លៀងនេះ ពិតនឹងបានសុភមង្គល! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២២,១-១៤ (ឬយ៉ាងខ្លី ២២,១-១០)
ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាថា៖ «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងស្តេចមួយអង្គដែលរៀបអភិសេកព្រះរាជបុត្រ។ ព្រះរាជាចាត់រាជបម្រើឱ្យទៅអញ្ជើញភ្ញៀវមកជប់លៀងក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។ ព្រះអង្គចាត់រាជបម្រើផ្សេងទៀតឱ្យទៅជម្រាបភ្ញៀវថា “យើងបានរៀបចំភោជនាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ ហេតុនេះសូមអញ្ជើញមកពិសា!”។ ប៉ុន្តែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចម្ការ អ្នកខ្លះទៅធ្វើជំនួញ អ្នកខ្លះទៀតចាប់ពួករាជបម្រើវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។ ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឱ្យទៅប្រហារជីវិតឃាតករទាំងនោះ ហើយដុតកម្ទេចស្រុកភូមិរបស់គេផង។ បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា “យើងបានរៀបចំពិធីមង្គលការរួចស្រេចហើយ ប៉ុន្តែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។ ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួបឱ្យមកជប់លៀង”។ ពួករាជបម្រើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នាដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។
ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ។
ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការ ទតឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា “សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ?“។ បុរសនោះ រកនិយាយអ្វីមិនចេញឡើយ។ ព្រះរាជាបង្គាប់ទៅពួករាជបម្រើថា“ ចូរចងដៃ ចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោក ខឹងសង្កៀតធ្មេញនោះទៅ!”។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ “ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ”»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានបង្កើតអ្វីៗសព្វសារពើទាំងអស់ ហើយប្រគល់ឱ្យយើងខ្ញុំ។ យើងខ្ញុំសូមថ្វាយតង្វាយទាំងនេះ ដើម្បីតបស្នងព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ជាព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គក្នុងឋានៈជាបុត្រធីតា។ សូមជួយយើងខ្ញុំឱ្យកាន់កិរិយាមារយាទ ស្របតាមឋានៈយើងខ្ញុំផង។