អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៨ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ៧,៧-១១

ខ្ញុំទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គប្រោសប្រទានឱ្យខ្ញុំមានសុភនិច្ឆ័យ។ ខ្ញុំទូលសូមព្រះអង្គ ព្រះអង្គក៏ប្រទានឱ្យខ្ញុំមានគំនិតនៃព្រះប្រាជ្ញាញាណ។ ខ្ញុំយល់ឃើញថា មានព្រះប្រាជ្ញាញាណ ប្រសើរជាងមានរាជបល្ល័ង្ក និងអំណាចគ្រប់គ្រងទៅទៀត។ បើប្រៀបនឹងព្រះប្រាជ្ញាញាណ ខ្ញុំចាត់ទុកទ្រព្យសម្បត្តិទាំងអស់ថា គ្មានតម្លៃ។ សូម្បីតែ ត្បូងពេជ្រដ៏មានតម្លៃ ក៏មិនអាចប្រៀបផ្ទឹមនឹងព្រះប្រាជ្ញាញាណបានដែរ។ បើប្រៀបផ្ទឹមនឹងព្រះប្រាជ្ញាញាណ មាសទាំងអស់ក្នុងពិភពលោកទាំងមូល ប្រៀបបីដូចជាខ្សាច់មួយក្តាប់តូច ហើយប្រាក់ក៏ប្រៀបដូចជាភក់ដែរ។ ខ្ញុំស្រឡាញ់ព្រះប្រាជ្ញាញាណជាងស្រឡាញ់សុខភាពល្អ និងសម្ផស្សទៅទៀត។ ខ្ញុំសម្រេចចិត្តយកព្រះប្រាជ្ញាញាណ ធ្វើជាពន្លឺនៃជីវិតរបស់ខ្ញុំ ព្រោះពន្លឺដែលចេញពីព្រះប្រាជ្ញាញាណ មិនចេះស្រអាប់ឡើយ។ ព្រះប្រាជ្ញាញាណយាងមករកខ្ញុំ ទាំងនាំសម្បត្តិគ្រប់យ៉ាង និងកាន់ភោគទ្រព្យដ៏មានតម្លៃមកជាមួយផង។​

ទំនុកតម្កើងលេខ ៩០,១២-១៧ បទពាក្យ ៧

១២.សូមណែនាំខ្ញុំឱ្យដឹងថាអាយុសង្ខារខ្ញុំឥឡូវ
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវដើម្បីជាផ្លូវខ្ញុំរិះគិត ។
១៣.ឱ!ព្រះអម្ចាស់សូមប្រញាប់យាងមកឆាប់ៗប្រាប់ការពិត
កុំនៅបង្អង់សូមអាណិតអាសូរដល់ចិត្តអ្នកបម្រើ ។
១៤.សូមសម្តែងហឫទ័យមេត្តាដោយក្តីករុណាដ៏ប្រសើរ
ចំពោះខ្ញុំជាអ្នកបម្រើខ្ញុំមានអំណរគ្រប់វេលា ។
១៥.ព្រះអង្គឱ្យខ្ញុំកើតទុក្ខធំអស់ពេលច្រើនឆ្នាំខ្ញុំវេទនា
សូមប្រោសឱ្យខ្ញុំផុតទុក្ខាសប្បាយយូរយាយ៉ាងនោះដែរ ។
១៦.សូមសម្តែងឱ្យខ្ញុំឃើញច្បាស់ពីការសង្គ្រោះឥតកែប្រែ
ឱ្យកូនចៅឃើញហូរហែភាពថ្កុំថ្កើងដែរនៃព្រះអង្គ ។
១៧.ឱព្រះម្ចាស់អើយសូមសម្តែងសេចក្តីស្រឡាញ់មកខ្ញុំផង
សូមជួយពង្រឹងការទាំងពួងខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត ។

អត្ថបទទី​ ២
សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៤,១២-១៣

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិ មុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណ ឱ្យដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស។ គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងសោះឡើយ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣

អលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលដាក់ចិត្តជាអ្នកក្រខ្សត់ ពិតជាបានសុភមង្គល ដ្បិតគេទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១៧-៣០ (ឬយ៉ាងខ្លី ១០,១៧-២៧)

ព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ហើយទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីឱ្យទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ អ្នកស្គាល់វិន័យស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស កុំគៃប្រវ័ញ្ចន៍យកសម្បត្តិនរណាឱ្យសោះ ចូរគោពមាតាបិតា”»។ បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះតាំងពីក្មេងមក»។ ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ព្រះអង្គមានព្រះបន្ទូលថា៖«នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺអញ្ជើញទៅលក់អ្វីៗទាំងអស់ដែលអ្នកមាន រួចចែកឱ្យជនក្រីក្រទៅ! ធ្វើដូច្នេះទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មកសឹមអញ្ជើញមកតាមខ្ញុំ»។ កាលបុរសនោះឮដូច្នេះ គាត់ធ្លាក់ទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បតិ្តស្តុកស្តម្ភណាស់។
ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់បានទេ»។ ក្រុមសាវ័កងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖«កូនចៅអើយ! ព្រះរាជ្យព្រះជាម្ចាស់ពិបាកចូលណាស់! សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូល ក្នុងព្រះរាជ្យព្រះជាម្ចាស់»។ ក្រុមសាវ័ករឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ព្រះយេស៊ូទតមើលគេ រួចមាន ព្រះបន្ទូលថា៖«ការនេះមនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះអង្គធ្វើគ្រប់ការទាំងអស់បាន»។

បើអានយ៉ាងខ្លី សូមឈប់ត្រៀមនេះ

លោកសិលាទូលព្រះអង្គថា៖«ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំមកតាមព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ អ្នកនោះនឹងទទួល មួយជាមួយរយ ក្នុងពេលឥឡូវនេះ គឺផ្ទះសម្បែង បងប្អូនប្រុសស្រី ម្តាយ កូន និងស្រែចម្ការ ព្រមទាំងទទួលការបៀតបៀន ហើយក៏នឹងមានជីវិតអស់កល្បជានិច្ចនៅលោកខាងមុខ ថែមទៀតផង»។

201 Views

Theme: Overlay by Kaira