អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១
អាទិត្យទី២៧ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរកំណើត កណ ២,១៨-២៤

កាលពីដើមដំបូងបង្អស់ គឺនៅពេលព្រះជាអម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី ព្រះអង្គមានព្រះបន្ទូលថា៖«បើមនុស្សនៅម្នាក់ឯងមិនស្រួលទេ យើងនឹងបង្កើតម្នាក់ទៀតឱ្យជួយនិងបានជាគ្នា»។ ព្រះជាអម្ចាស់យកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់មុខ ដែលហើរនៅលើអាកាស រួចព្រះអង្គនាំសត្វទាំងនោះមកឱ្យមនុស្ស ដោយចង់ជ្រាបថា គេនឹងដាក់ឈ្មោះឱ្យសត្វទាំងនោះយ៉ាងណា។ សត្វទាំងអស់ក៏មានឈ្មោះតាមមនុស្សដាក់ឱ្យ។ មនុស្សដាក់ឈ្មោះឱ្យសត្វស្រុកទាំងអស់ ដាក់ឈ្មោះឱ្យបក្សាបក្សីដែលហើរនៅលើមេឃ និងដាក់ឈ្មោះឱ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។ ដូច្នេះ ព្រះជាអម្ចាស់សណ្តំមនុស្សឱ្យដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ ព្រះជាអម្ចាស់យកឆ្អឹងជំនីរ ដែលទ្រង់បានហូតចេញពីមនុស្សប្រុស មកធ្វើជាមនុស្សស្រី រួចព្រះអង្គនាំនាងមកជួបគាត់។ បុរសក៏ពោលឡើងថា៖«លើកនេះ ពិតជាឆ្អឹងដែលកើតចេញមកពីឆ្អឹងអញ ជាសាច់ដែលកើតចេញមកពីសាច់អញ ត្រូវហៅនាងថា “ស្រ្តី” ព្រោះនាងបានកើតចេញពីបុរសមក។ ហេតុនេះហើយ បានជាបុរសចាកចេញពីឪពុកម្តាយទៅរួមរស់ជាមួយភរិយា ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។

ទំនុកតម្កើងលេខ ១២៨,១-៦ បទកាកគតិ

១.អ្នកណាកោតខ្លាចគោរពអំណាចព្រះជាអម្ចាស់
ដើរតាមគន្លងមាគ៌ានៃព្រះអ្នកនោះឥតទាស់
ពោរពេញមង្គល ។
២.អ្នកនឹងទទួលបានឥតប្រែប្រួលយកនូវភោគផល
ចេញពីកិច្ចការគ្រប់ពេលរៀងរាល់នឹងមានមង្គល
ចម្រើនពេកក្រៃ ។
៣.ឯភរិយាអ្នកដែលនៅក្នុងផ្ទះដូចដើមស្រស់ខ្ចី
មានស្លឹកមានផ្លែស្រគាលទុំខ្ចីកូនប្រុសរញ៉ី
ដូចដើមឈើតូច ។
៤.នេះជាអំណោយទ្រង់ប្រទានឱ្យគេបានសម្រេច
ដល់អ្នកកោតខ្លាចឫទ្ធីអំណាចផលច្រើនពន់ពេក
មិនពិបាករក ។
៥.សូមទ្រង់ប្រសិទ្ធ ពរជ័យវិចិត្រពីស៊ីយ៉ូនមក
ជារៀងរាល់ថ្ងៃកុំបាច់លៃលកដើរតត្រុករក
ក្នុងជីវិតអ្នក ។
៦.អ្នកនឹងឃើញចៅរបស់អ្នកនៅបីបមថ្នមថ្នាក់
ឱ្យអុីស្រាអែលបានសុខឥតអាក់គ្មានគ្រោះឧបសគ្គ
ជួបតែសុខសាន្ត ។

អត្ថបទទី​ ២
សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ២,៩-១១

ព្រះយេស៊ូមានឋានៈទាបជាងពួកទេវទូតតែមួយរយៈ ព្រោះទ្រង់បានរងទុក្ខ និងសោយទិវង្គត។ ប៉ុន្តែ ឥឡូវនេះព្រះអង្គទទួលសិរីរុងរឿងនិងព្រះកិត្តិនាមទុកជាមកុដរាជ្យ។ ព្រះគ្រីស្តបានសោយទិវង្គតសម្រាប់មនុស្សគ្រប់ៗរូប ដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ អ្វីៗទាំងអស់កើតមកដោយសារព្រះជាម្ចាស់ និងសម្រាប់ព្រះអង្គ ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យនឹងនាំបុត្រធីតាជាច្រើនឱ្យទទួលសិរីរុងរឿង។ ហេតុនេះ គួរគប្បីព្រះអង្គប្រោសប្រទានឱ្យម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈ ដោយរងទុក្ខលំបាក។
ព្រះយេស៊ូដែលប្រោសមនុស្សឱ្យបានវិសុទ្ធ និងមនុស្សដែលព្រះអង្គប្រោសឱ្យបានវិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយ បានជាព្រះយេស៊ូមិនខ្មាសនឹង ហៅគេថា ជាបងប្អូនរបស់ព្រះអង្គឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,១៦

អលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើយើងស្ថិតនៅជាប់ក្នុងសេចក្តីស្រឡាញ់
យើងនឹងស្ថិតនៅជាប់ក្នុងព្រះជាម្ចាស់! ព្រះអម្ចាស់ជាសេចក្តីស្រឡាញ់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,២-១៦ (ឬយ៉ាងខ្លី ១០,២-១២)

មានថ្ងៃមួយ ពួកខាងគណៈផារីស៊ីចូលមកជិតព្រះយេស៊ូ ក្នុងគោបំណងល្បងល មើលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖«តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាធ្វើអ្វី?»។ គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាត​ឱ្យស្វាមីធ្វើលិខិតលែងលះភរិយាបាន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេចែងវិន័យនេះឱ្យអ្នករាល់គ្នា ព្រោះតែអ្នក រាល់គ្នាមានចិត្តរឹងរូស។ ប៉ុន្តែ កាលដើមដំបូង នៅពេលដែលព្រះជាម្ចាស់បង្កើតពិភពលោក ព្រះអង្គបង្កើតមនុស្សមកជាបុរសជាស្ត្រី។ ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពេលទៅដល់ផ្ទះ ក្រុមសាវ័កទូលសួរព្រះយេស៊ូអំពីរឿងនេះម្តងទៀត។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្រ្តីម្នាក់ ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្រ្តីនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។

ប្រសិនបើអានយ៉ាងខ្លី សូមអានត្រឹមនេះ
មានមនុស្សម្នានាំក្មេងតូចៗមកឱ្យព្រះយេស៊ូដាក់ព្រះហស្តលើពួកវា ប៉ុន្តែ ក្រុមសាវ័កស្តីបន្ទោសអ្នកទាំងនោះ។ កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យណាស់ ហើយមានព្រះបន្ទូលថា៖ «ទុកឱ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលអាចចូលក្នុងព្រះរាជ្យ ព្រះជាម្ចាស់បាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គបានឡើយ»។ បន្ទាប់មក ព្រះអង្គឱបក្មេងទាំងនោះ រួចប្រទានពរឱ្យពួកវា ដោយដាក់ព្រះហស្តពីលើ។

296 Views

Theme: Overlay by Kaira