អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៦ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តកូស្មា និង សន្តដាម៉ីយុាំង ជាមរណសាក្សី

តាមគ្រីស្តបរិស័ទបានតំណាលតៗគ្នារៀងមកថា លោកទាំងពីរជាគ្រូពេទ្យ ព្យាបាលអ្នកជំងឺដោយមិនសូមប្រាក់អ្វីឡើយ។ អាជ្ញាធរប្រហារជិវិតលោកទាំងពីរ ប្រហែលនៅឆ្នាំ៣០០ នៅស្រុកស៊ីរី។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ១១,២៥-២៩

ព្រះអម្ចាស់យាងចុះមកក្នុងពពក រួចសន្ទនាជាមួយលោកម៉ូសេ។ ព្រះអង្គយកព្រះវិញ្ញាណមួយចំណែកពីលោកម៉ូសេ ប្រគល់ឱ្យទៅព្រឹទ្ធាចារ្យទាំងចិតសិបនាក់។ ពេលព្រះវិញ្ញាណយាងមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្តើមថ្លែងព្រះបន្ទូល តែមិនថ្លែងយូរទេ។
មានព្រឹទ្ធាចារ្យពីរនាក់ ម្នាក់ឈ្មោះអេលដាដ និងម្នាក់ទៀតឈ្មោះម៉េដាដ ស្ថិតនៅក្នុងជំរំ ហើយព្រះវិញ្ញាណគង់ជាមួយលោកទាំងពីរ។ លោកទាំងពីរមានឈ្មោះក្នុងបញ្ជីព្រឹទ្ធាចារ្យដែលលោកម៉ូសេបានជ្រើសរើសនោះ តែពុំបានទៅព្រះពន្លាជួបព្រះអម្ចាស់ទេ។ លោកទាំងពីរក៏នាំគ្នាថ្លែងព្រះបន្ទូលនៅក្នុងជំរំ។ យុវជនម្នាក់រត់ទៅជម្រាបលោកម៉ូសេថា៖«លោកអេលដាដ និងម៉េដាដ កំពុងតែថ្លែងព្រះបន្ទូលនៅក្នុងជំរំ»។ ពេលនោះ លោកយ៉ូស៊ូអា ជាកូនរបស់លោកនូន និងជាសហការីរបស់លោកម៉ូសេតាំងពីយុវវ័យមកមានប្រសាសន៍ថា៖ «លោកម្ចាស់! សូមឃាត់លោកទាំងពីរទៅ!»។ លោកម៉ូសេតបថា៖«តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ? សូមឱ្យប្រជារាស្រ្តរបស់ព្រះអម្ចាស់ទៅជាព្យាការីទាំងអស់គ្នាផង!។ សូមព្រះអម្ចាស់ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គឱ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នាទៅ!»។

ទំនុកតម្កើងលេខ ១៩,៨.១០.១២-១៤ បទកាកគតិ

៨.ព្រះធម្មវិន័យល្អល្អះឥតបីប្រសើរថ្កើងថ្កាន
ផ្តល់កម្លាំងចិត្តឥតមានស្រាកស្រាន្តមនុស្សល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា ។
១០.ការគោរពកោតព្រះអម្ចាស់សោតវិសេសយល់យង់
ស្ថិតស្ថេរចីរកាលតទៅគង់វង់ការវិនិច្ឆ័យទ្រង់
ក៏សុទ្ធត្រឹមត្រូវ ។
១២.ព្រះធម្មវិន័យបំពេញអត្ថន័យខ្ញុំភ្លឺឥតហ្មង
ខ្ញុំអ្នកបម្រើរបស់ព្រះអង្គធ្វើតាមឥតហ្មង
បានផលប្រណីត ។
១៣.គ្មាននរណាម្នាក់ឃើញកំហុសជាក់ដែលខ្លួនប្រព្រឹត្ត
ដោយអចេតនាមិនបានរិះគិតសូមទ្រង់អាណិត
លើកលែងទោសា ។
១៤.សូមការពារខ្ញុំឱ្យរួចទុក្ខធំអំនួតឫស្យា
សូមកុំឱ្យចិត្តអួតអាងអាត្មាសោយរាជ្យត្រួតត្រា
លើទូលបង្គំ ។

អត្ថបទទី​ ២
សូមថ្លែងលិខិតរបស់គ្រីស្តទូតយ៉ាកុប យក ៥,១-៦

អ្នកមានអើយ! សូមស្តាប់ខ្ញុំសិន! ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន!។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ហើយ សម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្តៀរស៊ីដែរ។ មាសប្រាក់របស់អ្នករាល់គ្នា ត្រូវច្រែះស៊ី ហើយច្រែះនេះ ធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្តិទុក ឥតបើកប្រាក់ឈ្នួលឱ្យពួកកម្មករដែលច្រូតកាត់ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ។ មើល៍! សម្រែកអ្នកច្រូតទាំងនោះ បានលាន់ឮទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូលហើយ។ អ្នករាល់គ្នារស់នៅលើផែនដីនេះយ៉ាងសម្បូណ៌សប្បាយថ្កុំ ថ្កើងរុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្តខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ អ្នករាល់គ្នាបានដាក់ទោស និងប្រហារជីវិតមនុស្សសុចរិត តែគេពុំបានប្រឆាំងតបតនឹងអ្នករាល់គ្នាវិញឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៧,១៧

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គជាសេចក្តីពិត!
សូមប្រោសយើងខ្ញុំឱ្យបានវិសុទ្ធដោយសារសេចក្តីពិតនេះ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,៣៨-៤៣.៤៥.៤៧-៤៨

លោកយ៉ូហាន ជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំងដប់ពីរ ទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំឃើញបុរសម្នាក់ដេញខ្មោចក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ ព្រោះគេមិនមកតាមយើងខ្ញុំទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ។ ម្យ៉ាងទៀត បើអ្នកណាឱ្យទឹកមួយកែវដល់អ្នករាល់គ្នាក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រីស្ត ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន។ អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្តាអ្នកជឿទាំងនេះឱ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំ មកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកឱ្យគាត់នៅរស់។ ប្រសិនបើដៃនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ បើអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅ ក្នុងនរកដែលមានភ្លើងមិនចេះរលត់។ ប្រសិនបើជើងនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ បើអ្នកចូលទៅក្នុងជីវិត មានតែជើងមួយនោះ ប្រសើរជាងមានជើងពីរ ហើយត្រូវគេបោះទៅក្នុងនរក។ ប្រសិនបើភ្នែកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញទៅ បើអ្នកចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ មានតែភ្នែកម្ខាងនោះ ប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់»។

218 Views

Theme: Overlay by Kaira