អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៥ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

ឬសន្តហ្សង់វីយេ ជាអភិបាល និងជាមរណសាក្សី

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ២,១២.១៧-២០

ពួកដែលឃុបឃិតធ្វើអំពើអាក្រក់ តែងតែនិយាយគ្នាថា៖«យើងនាំគ្នារកឧបាយកលចាប់មនុស្សសុចរិត ព្រោះគេចេះតែរំខានយើង ដោយជំទាស់នឹងកិច្ចការដែលយើងប្រព្រឹត្ត។ គេចេះ​តែស្តីបន្ទោសយើងថា ធ្វើខុសនឹងធម្មវិន័យ ហើយមិនគោរពតាមប្រពៃណីដូនតា។ យើងនាំគ្នាលមើល៍! តើពាក្យរបស់គេត្រឹមត្រូវឬយ៉ាងណា?យើងនឹងពិនិត្យមើលថា តើជីវិតរបស់គេត្រូវបញ្ចប់ដោយរបៀបណា។ បើមនុស្សសុចរិតនេះ ពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រះអង្គមុខជាយាងមកជួយគេ ហើយរំដោះគេឱ្យរួចពីកណ្តាប់ដៃរបស់បច្ចាមិត្តជាមិនខាន។ យើងត្មះតិះដៀល និងធ្វើទារុណកម្មគេ ដើម្បីល្បងលមើលឱ្យគេឃើញថា គេមានចិត្តស្លូតបូត អត់ធ្មត់ ខន្តីដល់កម្រិតណា។ យើងនាំគ្នាដាក់ទោសប្រហារជីវិតគេយ៉ាងថោកទាបបំផុតទៅ! ដ្បិតគេនិយាយអះអាងថា ព្រះជាម្ចាស់នឹងយាងមកសង្គ្រោះគេ»។

ទំនុកតម្កើងលេខ ៥៤,៣-៦.៧-៨ បទព្រហ្មគីតិ

៣.ឱ!ព្រះជាម្ចាស់អើយកុំកន្តើយសូមជួយផង
ដោយបារមីព្រះអង្គមេត្តាទ្រង់រកយុត្តិធម៌ ។
៤.ឱ!ព្រះជាម្ចាស់អើយកុំព្រងើយស្តាប់អង្វរ
សម្រែកខ្ញុំស្រែករកសូមស្តាប់មកពាក្យខ្ញុំផង ។
៥.ដ្បិតមានជនបរទេសរឹងចចេសមកប៉ុនប៉ង
ប្រឆាំងខ្ញុំតែម្តងចិត្តគេចង់ផ្តាច់ជីវិត ​។
៦.ព្រះម្ចាស់ទ្រង់យាងមកសង្គ្រោះយកទាំងអាណិត
រូបខ្ញុំឱ្យនៅជិតទាំងជីវិតទ្រង់ការពារ ។
៧.សូមព្រះអង្គតតាំងនឹងពួកខ្មាំងចិត្តពាធា
តាមអំពើពាលាដែលពួកវាតែងប្រព្រឹត្ត ។
៨.ទូលបង្គំនឹងដាក់ថ្វាយយញ្ញតង្វាយអស់ពីចិត្ត
សូមឱ្យទ្រង់អាណិតខ្ញុំថ្កើងពិតនាមព្រះអង្គ ។

អត្ថបទទី​២
សូមថ្លែងលិខិតរបស់គ្រីស្តទូតយ៉ាកុប យក ៣,១៦-៤,៣

បងប្អូនជាទីស្រឡាញ់! ទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្តាប់ធ្នាប់ និងមានរឿងអាស្រូវគ្រប់យ៉ាង។ រីឯប្រាជ្ញាមកពីព្រះជាម្ចាស់វិញ។ ដំបូងបង្អស់ ជាប្រាជ្ញាបរិសុទ្ធ។ បន្ទាប់មក ជាប្រាជ្ញាផ្តល់សន្តិភាព មានអធ្យាស្រ័យ ទុកចិត្តគ្នាពោរពេញដោយចិត្តមេត្តាករុណា និងបង្កើតផលល្អគ្រប់យ៉ាង ឥតមានលម្អៀង ឥតមានពុតត្បុត។ អស់អ្នកកសាងសន្តិភាព តែងសាបព្រោះសន្តិភាព ហើយច្រូតយកផលជាជីវិតសុចរិត។
ការទាស់ទែងឈ្លោះប្រកែកគ្នាក្នុងចំណោមបងប្អូន កើតមកពីអ្វី? តើមិនមែនកើតមកពីចិត្តស្រើបស្រាលដែលប្រទាញប្រទង់គ្នានៅក្នុងសរីរាង្គរបស់បងប្អូនទេឬ?។ បងប្អូនមានចិត្តលោភលន់ តែមិនបានដូចប៉ងប្រាថ្នាទេ បងប្អូនក៏សម្លាប់ និងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែកនិងទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបងប្អូនមិនទូលសូមពីព្រះជាម្ចាស់។ បងប្អូនទូលសូមដែរតែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសម្រាប់តែបំពេញចិត្តស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ធម ២,១៤

អលេលូយ៉ា! អាលេលូយ៉ា!
ដោយគ្រីស្តទូតប្រកាសដំណឹងល្អ ព្រះជាម្ចាស់ត្រាស់ហៅយើង
ឱ្យទទួលសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,៣០-៣៧

ព្រះយេស៊ូជាមួយក្រុមសាវ័កយាងកាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យនរណាដឹងឮឡើយ។ ព្រះអង្គបង្រៀនក្រុមសាវ័កឱ្យដឹងថា បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ បីថ្ងៃក្រោយពីគេធ្វើគុត ទ្រង់នឹងទទួលព្រះជន្មដ៏រុងរឿង។ ក្រុមសាវ័កពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។
ព្រះយេស៊ូ និងក្រុមសាវ័កធ្វើដំណើរមកដល់ក្រុងកាផានុម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរក្រុមសាវ័កថា៖«ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។ ក្រុមសាវ័កនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេអ្នកណាធំជាង។ ព្រះយេស៊ូគង់ចុះ ព្រះអង្គត្រាស់ហៅសាវ័កទាំងដប់ពីរនាក់មក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនឱ្យតូចជាងគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ឱ្យមកឈរនៅកណ្តាលក្រុមសាវ័ក។ ព្រះអង្គឱបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ មិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះដែរ»។

275 Views

Theme: Overlay by Kaira