អត្ថបទថ្ងៃអាទិត្យ-អាទិត្យទី២១ រដូវធម្មតា ឆ្នាំ «ខ»

ថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរលោកយ៉ូស៊ូអា យស ២៤,១-២ក.១៥-១៧.១៨ខ

លោកយ៉ូស៊ូអាប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នានៅស៊ីគែម លោកក៏កោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រាអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះព្រះជាម្ចាស់។  លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាមិនពេញចិត្តគោរពបម្រើព្រះអម្ចាស់ទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងកើតទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរីនៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះអម្ចាស់»។
ប្រជាជនបានឆ្លើយដូចតទៅនេះ៖ «យើងខ្ញុំមិនបោះបង់ចោលព្រះអម្ចាស់ បែរទៅគោរពបម្រើព្រះដទៃទៀតជាដាច់ខាត! ដ្បិតមានតែព្រះអម្ចាស់ហ្នឹងហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ឲ្យចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្ដែងការអស្ចារ្យធំៗឲ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំ តាមផ្លូវដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។ យើងខ្ញុំក៏ចង់គោរពបម្រើព្រះអម្ចាស់ដែរ ដ្បិតព្រះអង្គជាព្រះនៃយើងខ្ញុំ»។

ទំនុកតម្កើងលេខ​ ៣៤ (៣៣),២-៣.១៦-១៧.២០-២៣         បទកាកគតិ

២. ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា សូមលើកតម្កើង
ព្រះអង្គគ្រប់គ្រាឥតមានរួញរាឈប់ឈរសោះឡើយ ។
៣.ខ្ញុំខ្ពស់មុខព្រោះព្រះអម្ចាស់សង្គ្រោះខ្ញុំមិនកន្ដើយចូរអ្នកទន់ទាប
ស្ដាប់កុំព្រងើយនឹងបានធូរស្បើយអំណរខ្លាំងក្លា  ។
១៦.ព្រះម្ចាស់តែងតែរំពៃមើលថែអស់មនុស្សសុចរិតទ្រង់យកព្រះទ័យ
ទុកដាក់ពិតៗថែទាំនៅជិតរាល់ទិនទិវា  ។
១៧.ព្រះជាអម្ចាស់តែងតែប្រកាសប្រឆាំងគ្រប់គ្រានឹងមនុស្សអាក្រក់
ទុច្ចរិតពាលាកុំមាននរណានឹកនាដល់ឡើយ  ។
២០.មនុស្សសុចរិតរមែងជួបពិតទុក្ខលំបាកក្រៃប៉ុន្ដែព្រះម្ចាស់
តែងជួយលកលៃរំដោះផុតភ័យបានសុខគ្រប់គ្រា  ។
២១.ព្រះជាអម្ចាស់ទ្រង់សប្បុរសណាស់តាមថែរក្សាដល់មនុស្សសុចរិត
គ្រប់ៗអាត្មាគ្មានឆ្អឹងមួយណាត្រូវបាក់បែកឡើយ ។
២២.អំពើអាក្រក់ខ្មួលខ្មៅកខ្វក់នាំឲ្យគេព្រួយរហូតដល់ស្លាប់
មិនមានអ្នកជួយគ្មានអ្នកលើកស្ទួយដល់ក្ស័យជីវិត ។
អ្នកដែលប្រឆាំងប្រយុទ្ធតតាំងនឹងមនុស្សសុចរិតតែងតែទទួល
ទុក្ខទោសពិតៗក្នុងមួយជីវិតមិនមានខកខាន ។
២៣. ព្រះម្ចាស់សង្គ្រោះជីវិតទាំងអស់ដល់អ្នកដែលមានបម្រើព្រះអង្គ
ពឹងផ្អែកផ្ញើប្រាណតែងទទួលបានសុខផុតទុក្ខទោស ។

អត្ថបទទី ២
សូមថ្លែងលិខិតរបស់សន្ដប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៥,២១-៣២

បងប្អូនជាទីស្រឡាញ់! ដោយបងប្អូនគោរពកោតខ្លាចព្រះគ្រីស្ត ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។បងប្អូនជាស្ត្រីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតស្វាមីនាំមុខភរិយា ដូចព្រះគ្រីស្តនាំមុខព្រះសហគមន៍ ហើយជាព្រះសង្គ្រោះរបស់ព្រះសហគមន៍ដែលជាព្រះកាយព្រះអង្គ។ ហេតុនេះ ព្រះសហគមន៍គោរពចុះចូលនឹងព្រះគ្រីស្តយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។
ចំពោះបងប្អូនដែលមានភរិយាវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍ដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់ព្រះសហគមន៍ ដើម្បីប្រោសឲ្យព្រះសហគមន៍បានទៅជាវិសុទ្ធ ទាំងជម្រះឲ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល។ ព្រះអង្គសព្វព្រះហឫទ័យនាំព្រះសហគមន៍នេះមកថ្វាយព្រះអង្គផ្ទាល់ គឺព្រះសហគមន៍ដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ។ ព្រះអង្គសព្វព្រះហឫទ័យឲ្យព្រះសហគមន៍បានទៅជាវិសុទ្ធ ឥតសៅហ្មង។ ដូច្នេះ ស្វាមីត្រូវស្រឡាញ់ភរិយា ឲ្យបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។ ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រីស្តចិញ្ចឹមបីបាច់ថែរក្សាព្រះសហគមន៍ ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះកាយរបស់ព្រះអង្គ។ ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ។ គម្រោងការដ៏លាក់កំបាំងនេះមានអត្ថន័យជ្រៅណាស់ ខ្ញុំនិយាយសេចក្ដីនេះសំដៅលើព្រះគ្រីស្តនិងព្រះសហគមន៍ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ៦,៦៣.៦៨

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គជាព្រះវិញ្ញាណ និងជាជីវិត!
ព្រះអង្គមានព្រះបន្ទូលដែលផ្ដល់ជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ៦,៦០-៦៩

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនក្នុងធម្មសាលាក្រុងកាផានុមថា៖ «អ្នកណាពិសាសាចនិងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច»។ ក្រោយពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមសាវ័កមានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្ដាប់បាន?»។ ព្រះយេស៊ូឈ្វេងយល់ថា ពួកសាវ័ករអ៊ូរទាំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំឲ្យអ្នករាល់គ្នារវាតចិត្ត បាត់ជំនឿឬ? ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្សឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។ មានតែព្រះវិញ្ញាណទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍មិនអាចផ្តល់ជីវិតឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត។ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គរួចស្រេចទៅហើយ។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេនោះ គ្មាននរណាអាចមករកខ្ញុំបានឡើយ»។ ចាប់ពីពេលនោះមក ក្នុងចំណោមសាវ័ក មានគ្នាច្រើនដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។ ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសាវ័កទាំងដប់ពីររូបថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើឲ្យយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់ឲ្យមក»។

101 Views

Theme: Overlay by Kaira