ថ្ងៃអាទិត្យ អាទិត្យទី២០
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យត្រាស់ហៅយើងខ្ញុំឱ្យស្គាល់ព្រះបុត្រាព្រះអង្គ ដែលបង្ហាញមាគ៌ាឆ្ពោះទៅកាន់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទទួលព្រះបន្ទូលព្រះអង្គ និងប្រព្រឹត្តតាមជាដរាបផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣៨,៤-៦.៨-១០
ពេលខ្មាំងសត្រូវឡោមព័ទ្ធក្រុងយេរូសាឡឹម មន្ត្រីដែលឃុំឃាំងព្យាការីយេរេមី ទៅទូលស្ដេចសេដេខ្យាសថា៖«សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឱ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ដ។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្រ្ដទេ គឺនាំទុក្ខវេទនាមកឱ្យពួកគេវិញ»។ ព្រះបាទសេដេខ្យាសតបថា៖«គាត់នៅក្នុងកណ្ដាប់ដៃរបស់អស់លោកស្រាប់ហើយ ខ្ញុំជាស្ដេចមែន តែខ្ញុំពុំអាចឃាត់អស់លោកបានទេ»។ គេចាប់លោកយេរេមីទៅទម្លាក់ក្នុងអណ្ដូងរបស់សម្ដេចម៉ាល់គីយ៉ាជាបុត្ររបស់ស្ដេច។ អណ្ដូងនោះស្ថិតនៅក្នុងបន្ទាយរបស់កងរក្សាស្ដេច។ គេយកខ្សែពួរមកចងលោកយេរេមីសម្រូតចុះទៅក្នុងអណ្ដូងដែលគ្មានទឹកទេ គឺមានតែភក់ ហើយលោកយេរេមីជាប់ផុងនៅក្នុងភក់នោះ។ លោកអេបេដ-មេលេក ជាជនជាតិអេត្យូពី និងជាមហាតលឹកនៅក្នុងវាំង ចេញពីវាំង ហើយទូលស្ដេចដូចតទៅ៖«បពិត្រព្រះករុណាជាអម្ចាស់ អ្នកទាំងនេះប្រព្រឹត្ដអាក្រក់ចំពោះព្យាការីយេរេមីពន់ពេកណាស់ គឺគេយកលោកទម្លាក់ក្នុងអណ្ដូង លោកមុខជាស្លាប់ដោយអត់អាហារ ក្នុងអណ្ដូងនោះពុំខាន ដ្បិតគ្មានស្បៀងអាហារក្នុងក្រុងទៀតឡើយ!»។ ព្រះបាទសេដេខ្យាសបញ្ជាទៅលោកអេបេដ-មេលេកជាជនជាតិអេត្យូពីនោះថា៖«ចូរនាំទាហានសាមសិបនាក់ទៅជាមួយ ហើយស្រង់ព្យាការីយេរេមីចេញពីអណ្ដូងមក កុំឱ្យគាត់ស្លាប់ទាន់»។
ទំនុកតម្កើងលេខ ៤០ (៣៩),២-៤.១៤.១៨ បទពាក្យ ៧
| ២ | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
| ស្ដាប់សូរសម្រែកមិនលម្អៀង | ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ | ។ |
| ៣ | ព្រះអង្គយកខ្ញុំពីរណ្ដៅ | ពីភក់ជ្រាំជ្រៅយកមកដាក់ | |
| នៅលើថ្មដាគ្មានថ្នាំងថ្នាក់ | ថែទាំទុកដាក់ខ្ញុំរុងរឿង | ។ |
| ៤ | ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង | បទថ្មីសំនៀងលើកតម្កើង | |
| មនុស្សច្រើននឹកឃើញក្អាកក្អាយឡើង | ព្រះម្ចាស់ថ្កំថ្កើងគេកោតខ្លាច | ។ |
| ១៤ | ឱព្រះអម្ចាស់សូមរំដោះ | រូបខ្ញុំឱ្យរស់កុំបីឃ្លាត | |
| យាងមកសង្គ្រោះកុំរវាត | ជួយប្រោសម្ដងទៀតឱ្យបានរស់ | ។ |
| ១៨ | រូបខ្ញុំជាមនុស្សក្រីក្រពិត | តែព្រះគូរគិតខ្ញុំឥតហ្មង | |
| ព្រះអង្គតែងតែជួយចម្លង | សង្គ្រោះសណ្ដោងមិនដែលខាន | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្ដបរិស័ទជាតិហេប្រឺ ហប ១២,១-៤
បងប្អូនជាទីស្រឡាញ់!
អ្នកដែលរស់នៅតាមជំនឿ មានចំនួនច្រើនឥតគណនាធ្វើជាបន្ទាល់ទុកឱ្យយើង។ យើងយកតម្រាប់តាមពួកគេ គឺត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខតាមព្រះអម្ចាស់ដាក់ឱ្យយើងរត់។ ត្រូវសម្លឹងមើលទៅ ព្រះយេស៊ូដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឱ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្ដលះបង់អំណរដែលបម្រុងទុកសម្រាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។ សូមបងប្អូនគិតពីព្រះអង្គដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងព្រះអង្គយ៉ាងខ្លាំងនោះទៅ ដើម្បីកុំឱ្យបងប្អូននឿយណាយបាក់ទឹកចិត្ដឡើយ។ បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាបរហូតដល់ទៅបង្ហូរឈាមទេ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤-១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូជាគង្វាលដ៏ល្អ ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ កូនចៀមក៏ស្គាល់ព្រះអង្គដែរ ទ្រង់បានស៊ូប្ដូរជីវិតសម្រាប់ចៀមរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៤៩-៥៣
ព្រះយេស៊ូមានព្រះបន្ទូលមកកាន់សាវ័កថា៖«ខ្ញុំមកដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្ដហើយ។ ខ្ញុំត្រូវទទួលពិធីជ្រមុជម្យ៉ាង។ ខ្ញុំតានតឹងក្នុងចិត្ដក្រៃលែង ចង់តែឱ្យពិធីនោះបានសម្រេចឆាប់ៗ។ កុំនឹកស្មានថា ខ្ញុំមកដើម្បីផ្ដល់សេចក្ដីសុខសាន្ដឱ្យផែនដីនេះឡើយ គឺខ្ញុំនាំការបាក់បែកមកទេតើ។ ចាប់ពីពេលនេះតទៅ ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ ពីរនាក់បែកចេញពីបីនាក់ ឪពុកនឹងបែកចេញពីកូនប្រុស កូនប្រុសបែកចេញពីឪពុក ម្ដាយបែកចេញពីកូនស្រី កូនស្រីបែកចេញពីម្ដាយ ម្ដាយក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្ដាយក្មេក»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានបង្កើតនូវអ្វីៗសព្វសារពើ ហើយប្រទានឱ្យយើងខ្ញុំប្រើប្រាស់។ យើងខ្ញុំសូមយកនំប័ុង និងស្រានេះមកថ្វាយព្រះអង្គ ទុកជាតំណាងនៃ កាយ វាចា ចិត្ត របស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមនិងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងអភិបូជានេះ ព្រះអង្គប្រោសឱ្យយើងខ្ញុំរួបរួមយ៉ាងជិតស្និតជាមួយព្រះគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរស់នៅដូចព្រះបុត្រាក្នុងលោកនេះ។ សូមប្រទានឱ្យយើងខ្ញុំទទួលសិរីរុងរឿងរួមជាមួយព្រះបុត្រានៅស្ថានបរមសុខផង។
512 Views
Post Views:
542