ថ្ងៃអាទិត្យ អាទិត្យទី២០
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យត្រាស់ហៅយើងខ្ញុំឱ្យស្គាល់ព្រះបុត្រាព្រះអង្គ ដែលបង្ហាញមាគ៌ាឆ្ពោះទៅកាន់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទទួលព្រះបន្ទូលព្រះអង្គ និងប្រព្រឹត្តតាមជាដរាបផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥៦,១.៦-៧
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរប្រព្រឹត្តដោយយុត្តិធម៌ និងកាន់តាមសេចក្តីសុចរិត ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ។ យើងនឹងសម្តែងឱ្យអ្នករាល់គ្នាឃើញសេចក្តីសុចរិតរបស់យើង។ រីឯជនបរទេសដែលជាប់ចិត្តនឹងយើង គោរពបម្រើយើង ស្រឡាញ់នាមយើង ដាក់ខ្លួនជាអ្នកបម្រើយើង គោរពថ្ងៃសប្ប័ទឱ្យបានត្រឹមត្រូវឥតខ្ចោះ ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើងនោះ យើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង យើងធ្វើឱ្យគេរីករាយនៅក្នុងដំណាក់របស់យើង ដែលជាកន្លែងអធិដ្ឋាន។ យើងនឹងទទួលតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមកថ្វាយនៅលើអាសនៈរបស់យើង ដ្បិតគេនឹងហៅដំណាក់របស់យើងថា ជាកន្លែងអធិដ្ឋានសម្រាប់ជាតិសាសន៍ទាំងអស់»។
ទំនុកតម្កើងលេខ ៦៧ (៦៦),២-៣.៥-៨ បទពាក្យ ៧
| ២ | ឱព្រះម្ចាស់អើយសូមមេត្តា | សន្តោសករុណាដល់យើងខ្ញុំ | |
| ប្រទានព្រះពរដ៏ឧត្តម | ទតមើលយើងខ្ញុំដោយសប្បុរស | ។ |
| ៣ | ដូច្នេះមនុស្សលើផែនដី | ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់ | |
| ក្នុងចំណោមជនជាតិទាំងអស់ | ស្គាល់ការសង្គ្រោះនៃព្រះអង្គ | ។ |
| ៥ | ប្រជាទាំងឡាយនាំគ្នាច្រៀង | បន្លឺសំនៀងដោយសប្បាយ | |
| ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ | ប្រជាទាំងឡាយមិនឆ្មៃឆ្មើង | ។ |
| ៨ | សូមទ្រង់ប្រទានពរឱ្យយើង | និងមនុស្សទាំងពួងគ្រប់អាត្មា | |
| ទាំងអ្នករស់នៅឆ្ងាយផងណា | មនុស្សលើលោកាខ្លាចព្រះអង្គ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១១,១៣-១៥.២៩-៣២
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមជម្រាបបងប្អូនជាសាសន៍ដទៃក្នុងនាមខ្ញុំជាគ្រីស្តទូតសម្រាប់សាសន៍ដទៃថា ខ្ញុំយកចិត្តទុកដាក់បំពេញមុខងាររបស់ខ្ញុំឱ្យបានល្អប្រសើរក្នុងគោលបំណងឱ្យបងប្អូនរួមឈាមរបស់ខ្ញុំច្រណែន ដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ ដោយសាសន៍អ៊ីស្រាអែលដាច់ចេញពីព្រះអង្គ ធ្វើឱ្យមនុស្សលោកបានជានានឹងព្រះអង្គវិញយ៉ាងនេះទៅហើយ ចុះចំណង់បើព្រះអង្គទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត? គឺប្រាកដជាមនុស្សស្លាប់នឹងទទួលជីវិតថ្មីដ៏រុងរឿងពុំខាន!។ កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ។ រីឯបងប្អូនពីដើម បងប្អូនមិនបានស្តាប់បង្គាប់ព្រះជាម្ចាស់ទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រាអែលមិនស្តាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏មេត្តាករុណាដល់បងប្អូន។ រីឯពួកគេវិញ ពួកគេមិនស្តាប់បង្គាប់នៅពេលនេះ មកពីព្រះជាម្ចាស់មេត្តាករុណាដល់បងប្អូន។ ដូច្នេះ ព្រះអង្គក៏មេត្តាករុណាដល់ពួកគេនៅពេលនេះដែរ ដ្បិតព្រះជាម្ចាស់បានបណ្តោយឱ្យមនុស្សទាំងអស់មិនស្តាប់បង្គាប់ព្រះអង្គ ដើម្បីសម្តែងព្រះហប្ញទ័យមេត្តាករុណាដល់មនុស្សទាំងអស់។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,៥.៨-៩
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់រំដោះអ្នកដែលត្រូវគេជិះជាន់ ព្រះអង្គការពារជនបរទេស!។ អស់អ្នកដែលផ្ញើជីវិតលើព្រះអង្គពិតជាបានសុភមង្គល!អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៥,២១-២៨
ព្រះយេស៊ូយាងទៅកាន់តំបន់ជិតក្រុងទីរ៉ូស និងក្រុងស៊ីដូន។ មានស្ត្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវខ្មោចចូល បណ្តាលឱ្យវេទនាខ្លាំងណាស់»។ ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាងឡើយ។ ក្រុមសាវ័កនាំគ្នាចូលមកជិតព្រះអង្គ ហើយទូលថា៖ «សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានចាត់ឱ្យខ្ញុំមករកតែអស់ជនជាតិអ៊ីស្រាអែលដែលវង្វេងប៉ុណ្ណោះ»។ ប៉ុន្តែ ស្ត្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង!»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅឱ្យកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់! ប៉ុន្តែ កូនឆ្កែស៊ីកម្ទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ នាងមានជំនឿមាំមួនណាស់ ដូច្នេះ សូមឱ្យបានសម្រេចតាមចិត្តនាងប្រាថ្នាចុះ!»។ កូនស្រីរបស់នាងបានជាតាំងពីពេលនោះមក។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានបង្កើតនូវអ្វីៗសព្វសារពើ ហើយប្រទានឱ្យយើងខ្ញុំប្រើប្រាស់។ យើងខ្ញុំសូមយកនំប័ុង និងស្រានេះមកថ្វាយព្រះអង្គ ទុកជាតំណាងនៃ កាយ វាចា ចិត្ត របស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមនិងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងអភិបូជានេះ ព្រះអង្គប្រោសឱ្យយើងខ្ញុំរួបរួមយ៉ាងជិតស្និតជាមួយព្រះគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរស់នៅដូចព្រះបុត្រាក្នុងលោកនេះ។ សូមប្រទានឱ្យយើងខ្ញុំទទួលសិរីរុងរឿងរួមជាមួយព្រះបុត្រានៅស្ថានបរមសុខផង។
618 Views
Post Views:
641