ថ្ងៃអាទិត្យ-អាទិត្យទី១៥-ធម្មតាប្រចាំឆ្នាំ«គ»

ថ្ងៃអាទិត្យទី១៥ ប្រចាំឆ្នាំ «គ»
រដូវធម្មតា
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទត ៣០,១០-១៤

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «អ្នកត្រូវស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះនៃអ្នក ដោយកាន់តាមបទបញ្ជា និងដំបូន្មាន​របស់ព្រះអង្គ ដែលមានចែងទុកក្នុងគម្ពីរធម្មវិន័យនេះ ហើយត្រូវវិលមករកព្រះ​​​​អម្ចាស់ជាព្រះរបស់អ្នកយ៉ាងអស់ពីចិត្ដអស់ពីគំនិត។ បទបញ្ជាដែលខ្ញុំបង្គាប់​នៅ​​​​ថ្ងៃនេះ មិនមែនហួសកម្លាំងរបស់អ្នក ហើយក៏មិននៅឆ្ងាយពីអ្នកដែរ។ បទ​បញ្ជា​នេះមិន​មែនស្ថិតនៅលើមេឃ បណ្ដាលឱ្យអ្នកពោលថា” តើបាននរណាឡើង​ទៅ​លើមេឃយកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឱ្យយើងប្រតិបត្ដិ​តាម​?”។ បទបញ្ជានេះក៏មិនស្ថិតនៅខាងនាយសមុទ្រ បណ្ដាលឱ្យអ្នកពោលថា” តើបាន​នរ​​ណាឆ្លងទៅឯនាយសមុទ្រ យកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បី​ឱ្យ​យើង​ប្រតិបត្ដិតាម?”។ ផ្ទុយទៅវិញ ព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និង​ក្នុងចិត្ដរបស់អ្នក ដើម្បីឱ្យអ្នកប្រតិបត្ដិតាម»។

ទំនុកតម្កើងលេខ ១៩ (១៨), ៨-១១ បទកាកគតិ

ព្រះធម្មវិន័យល្អល្អះឥតបីប្រសើរថ្កើងថ្កាន
ផ្ដល់កម្លាំងចិត្ដឥតមានស្រាកស្រាន្ដអ្នកល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា
បញ្ជារបស់​​ព្រះម្ចាស់ទាំងអស់ត្រឹមត្រូវសត្យា
ឱ្យចិត្ដអំណរសប្បាយក្រៃណាបំភ្លឺចិន្ដា
ថ្លៃថ្លាត្រចង់
១០ការគោរពកោតព្រះអម្ចាស់សោតវិសេសយល់យង់
ស្ថិតស្ថេរចីរកាលតទៅគង់វង្សការវិនិច្ឆ័យទ្រង់
ក៏សុទ្ធត្រឹមត្រូវ
១១គួរឱ្យប្រាថ្នាចង់បានណាស់ណាជាងមាសឆ្អិនឆ្អៅ
ផ្អែមជាងទឹកឃ្មុំខែចេត្រពេកកូវដែលហូរចេញទៅ
ចាកពីបង្គង

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទកូឡូស កូឡ ១,១៥-២០

ព្រះគ្រីស្ដជាតំណាងរបស់ព្រះជាម្ចាស់ដែលមនុស្សមើលពុំឃើញ ព្រះអង្គជារៀមច្បងរបស់សត្វលោកទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ដ ទាំងអ្វីៗនៅលើមេឃ ទាំងអ្វីៗនៅលើផែនដី ទាំងអ្វីៗដែលមនុស្សមើលឃើញ ទាំងអ្វីៗដែលមនុស្សមើលមិនឃើញ ទាំងទេវតា ទាំងម្ចាស់ទឹកម្ចាស់ដី ទាំងវត្ថុសក្ដិសិទ្ធិ និងអំណាចនានា ព្រះជាម្ចាស់បានបង្កើតអ្វីសព្វសារពើទាំងអស់មកដោយសារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ។ ព្រះគ្រីស្ដមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗសព្វសារពើក៏នៅស្ថិតស្ថេររួមគ្នាដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះកាយ គឺព្រះសហគមន៍។ ព្រះអង្គជាដើមកំណើតនៃជីវិតថ្មី។ ព្រះអង្គជារៀមច្បងដែលរស់ឡើងវិញមុនគេ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណសម្បត្ដិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ដ។ ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗសព្វសារពើ គឺអ្វីៗនៅលើផែនដី និងនៅលើមេឃឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ ព្រះជាម្ចាស់បានធ្វើឱ្យមានសន្ដិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៥,២១

អាលេលូយ៉ា! អាលេលូយ៉ា!
នេះជាវិន័យថ្មី អ្នកស្រឡាញ់ព្រះជាម្ចាស់ក៏ត្រូវស្រឡាញ់បងប្អូនដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,២៥-៣៧

ពេលនោះ មានធម្មាចារ្យម្នាក់ទូលសួរព្រះយេស៊ូក្នុងគោលបំណងចង់ចាប់​កំហុសព្រះអង្គថា៖ «លោគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីឱ្យបានទទួលជីវិតអស់​កល្ប​​​​​​ជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើក្នុងធម្មវិន័យមានចែង​ទុក​មកដូចម្ដេចខ្លះ? ពេលលោកអាន​តើលោកយល់យ៉ាងណា?»។ គាត់ទូល​ឆ្លើយ​​​ទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់​ពី​ចិត្ដ​គំនិត អស់ពីស្មារតី អស់ពីកម្លាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់​បងប្អូន​ឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ ព្រះយេស៊ូមានព្រះបន្ទូល​ទៅគាត់​ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។ ប៉ុន្ដែ ធម្មាចារ្យនោះចង់បង្ហាញថាសំណួររបស់គាត់ជាសំណួរ​​ត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។ ព្រះ​យេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំង​វាយដំគាត់ឱ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។ ពេលនោះ មានបូជាចារ្យម្នាក់ធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ មានម្នាក់ពីក្រុមលេវីដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្ដអាណិតអា​សូរពន់ពេកណាស់។ គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រាចាក់​ពីលើមុខរបួស រុំរបួសឱ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅ​ផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ ស្អែកឡើង គាត់យកប្រាក់ប្រគល់ឱ្យម្ចាស់ផ្ទះសំណាក់ទាំងផ្ដាំថា សូមថែទាំបុរសនេះ​​​វ​ផង ប្រសិនបើអ្នកចំណាយលើសពី​ប្រាក់​នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជួយបង្គ្រប់។ ក្នុងចំណោមមនុស្សទាំង​បីនាក់ តើលោកយល់​ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរសដែលធ្លាក់ទៅ​ក្នុង​កណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។ ធម្មាចារ្យឆ្លើយថា៖ «គឺអ្នកដែលមាន​ចិត្ដមេត្ដាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅ​គាត់ថា៖ «សុំ​លោក​​​​អញ្ជើញទៅចុះ ហើយប្រព្រឹត្ដឱ្យបានដូចអ្នកនោះទៅ»។

101 Views
Theme: Overlay by Kaira