ថ្ងៃអាទិត្យទី១៣ ប្រចាំឆ្នាំ «គ»
រដូវធម្មតា
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី១ ១ពង្ស ១៩,១៦.១៩-២១

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេលីថា៖ «អ្នកត្រូវចាក់ប្រេងតែងតាំង អេលីសេជាកូនរបស់សាផាតឱ្យធ្វើជាព្យាការីជំនួសអ្នក»។ លោកអេលីចាក​ចេញពីទីនោះ ទៅជួបនឹងលោកអេលីសេជាកូនរបស់លោកសាផាត កំពុងតែ​ភ្ជួរ​ស្រែ។ មានអ្នកភ្ជួរទាំងអស់ដប់ពីរនាក់ លោកអេលីសេភ្ជួរក្រោយគេបង្អស់។ លោក​​អេលីចូលទៅជិតគាត់ រួចដោះអាវធំរបស់លោកបោះទៅលើគាត់។ លោកអេលី​សេទុកគោចោល ហើយរត់ទៅតាមលោកអេលីជម្រាបថា៖ «សូមអនុញ្ញាតឱ្យខ្ញុំ​ប្របាទទៅលាឪពុកម្ដាយរបស់ខ្ញុំប្របាទសិន រួចខ្ញុំប្របាទនឹងទៅតាមលោក»។ លោកអេលីឆ្លើយថា៖ «ទៅវិញចុះ ខ្ញុំមិនឃាត់អ្នកទេ!»។ លោកអេលីសេចាកចេញពីលោកអេលីត្រឡប់មកកន្លែងភ្ជួរវិញ។ គាត់យកគោទាំងពីរក្បាលទៅសម្លាប់ធ្វើ​​​ជាយញ្ញបូជា យកនង្គ័លធ្វើជាអុសដុត ចម្អិនសាច់ចែកអស់អ្នកដែលនៅទីនោះ​​​បរិភោគ។ បន្ទាប់មក គាត់ក្រោកឡើងដើរតាមលោកអេលី ហើយនៅ​បម្រើ​លោក​។

ទំនុកតម្កើងលេខ ១៦ (១៥), ១.៥.៧-១១ បទពាក្យ ៧

ឱ! ព្រះជាម្ចាស់ដ៏ឧត្ដមសូមការពារខ្ញុំឱ្យសុខសាន្ដ
ដ្បិតទូលបង្គំសូមផ្ញើប្រាណជ្រកក្រោមទីស្ថានម្លប់បារមី
បពិត្រព្រះអម្ចាស់ឧត្ដមព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយផ្ដល់អ្វីទាំងឡាយតាមប្រាថ្នា
ខ្ញុំសូមតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្ដល់យោបល់ខ្ញុំម្នាក់គត់ទោះយប់ងងឹតក៏តឿនដែរ
ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្ដាំរូបខ្ញុំឥតប្រួលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ
ហេតុនេះបានជាខ្ញុំរីករាយត្រេកអរសប្បាយបានល្ហែល្ហើយ
ខ្ញុំបានសម្រាកកាយធូរស្បើយដោយសុខសាន្ដហើយផុតកង្វល់
១០ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំឱ្យរងទុក្ខធំស្លាប់សោតសល់
ព្រះអង្គក៏មិនបណ្ដោយដល់សពបម្រើផ្ទាល់ស្អុយរលួយ
១១ព្រះអង្គបង្ហាញផ្លូវជីវិតឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្ដាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៥,១.១៣-១៨

បងប្អូនជាទីស្រឡាញ់!
ព្រះគ្រីស្ដរំដោះយើងឱ្យមានសេរីភាពពិតប្រាកដ ហេតុនេះចូររក្សាសេរីភាពនេះឱ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំ​បម្រើ​ទៀត​​ឡើយ។ ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនឱ្យមានសេរីភាព ក៏ប៉ុន្ដែ សូមកុំយកសេរីភាព​​​​​នេះមកធ្វើជាលេស ដើម្បីរស់តាមរបៀបលោកីយ៍​សោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើគ្នាទៅវិញទៅមកដោយចិត្ដស្រឡាញ់ ដ្បិតធម្មវិន័យទាំងមូលសរុបមក ត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូច​ស្រ​ឡា​ញ់​​ខ្លួនឯងដែរ»។ បើបងប្អូនប្រខាំគ្នា និងហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រ​យ័ត្ន ក្រែងលោបងប្អូនត្រូវវិនាសអន្ដរាយដោយសារតែគ្នាឯង។ ខ្ញុំសូមជម្រាបថា ចូររស់នៅឱ្យស្របតាមព្រះវិញ្ញាណ នោះបងប្អូននឹងមិន​បំ​ពេញតាមតណ្ហា និងតាមចិត្ដលោភលន់របស់លោកីយ៍ទៀតឡើយ ដ្បិតតណ្ហាលោភលន់របស់លោកីយ៍តែងតែទាស់នឹងព្រះវិញ្ញណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងលោកីយ៍ដែរ។ លោកីយ៍ និងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះ បងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។ ប្រសិនបើព្រះ​វិញ្ញា​ណ​​ណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់ធម្មវិន័យទៀត​ហើយ​។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១សម ៣,៩; យហ ៩,៦៩

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះអម្ចាស់ត្រាស់ហៅយើង! យើងនាំគ្នាដើរតាមមាគ៌ានៃដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥១-៦២

ជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះ​​អង្គសម្រេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម ព្រះអង្គចាត់អ្នកខ្លះឱ្យទៅ​មុន។ អ្នកទាំងនោះ ចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀប​ចំ​កន្លែងថ្វាយព្រះអង្គ។ ប៉ុន្ដែអ្នកស្រុកពុំព្រមទទួលព្រះអង្គឱ្យស្នាក់នៅឡើយ ព្រោះ​​​ព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ សាវ័កយ៉ាកុប និងយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំហៅ​រន្ទះមកបាញ់កម្ទេចអ្នកទាំងនេះ ឬ?»។ ព្រះយេស៊ូបែរទៅរកគេ ហើយ​ស្ដី​បន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀត​ជាមួយសាវ័ក។ កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសាវ័ក មានបុរសម្នាក់ទូលព្រះ​អង្គ​ថា៖ «ខ្ញុំប្របាទសុខចិត្ដទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏​ដោយ»។ ព្រះយេស៊ូ មានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូង​របស់វា បក្សាបក្សីក៏មានសម្បុករបស់វាដែរ ប៉ុន្ដែ បុត្រមនុស្សគ្មានទីជម្រក​សម្រាក​​​សោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមក​តាម​ខ្ញុំ»។ ប៉ុន្ដែ អ្នកនោះទូលព្រះអង្គថា៖«សូមលោកមេត្ដាអនុញ្ញាតឱ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅប្រកាសដំណឹងអំពីព្រះរាជ្យ​របស់ព្រះជាម្ចាស់»។ មានម្នាក់ទៀតទូលព្រះអង្គថា៖«លោកម្ចាស់! ខ្ញុំប្រ​បាទ​សុខចិត្ដទៅតាមលោកដែរ ប៉ុន្ដែសូមអនុញ្ញាតឱ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យរបស់​ព្រះជាម្ចាស់ឡើយ»។

103 Views

Theme: Overlay by Kaira