ថ្ងៃអាទិត្យ អាទិត្យទី១១
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥
ពាក្យអធិដ្ឋាននៅពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គពិតជាកម្លាំងការពារអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាគាំទ្រយើងខ្ញុំជានិច្ចផង! សូមទ្រង់ព្រះមេត្ដាប្រោសប្រទានកម្លាំង និងសេចក្ដីក្លាហានឱ្យយើងខ្ញុំ ដើម្បីប្រព្រឹត្ដកិច្ចការណាដែលគាប់ព្រះហឫទ័យព្រះអង្គផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរសាម៉ូអែលទី ២ ២ សម ១២,៧-១០.១៣
ក្រោយពីពេលព្រះបាទដាវីឌប្រព្រឹត្ដអំពើបាប ព្យាការីណាថានទូលព្រះបាទដាវីឌថា៖ «ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា យើងចាក់ប្រេងអភិសេកអ្នកធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែល ហើយយើងក៏បានរំដោះអ្នកឱ្យរួចពីកណ្ដាប់ដៃរបស់សាអ៊ូលដែរ។ យើងបានប្រគល់រាជ្យសម្បត្ដិ ព្រមទាំងស្រីស្នំទាំងប៉ុន្មានរបស់ម្ចាស់អ្នកមកក្នុងកណ្ដាប់ដៃរបស់អ្នក។ យើងក៏ឱ្យអ្នកគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល និងយូដាដែរ។ បើអ្នកនៅតែមិនស្កប់ទេ យើងអាចបន្ថែមលើសពីនេះទៅទៀត! ចុះហេតុដូចម្ដេច បានជាអ្នកមើលងាយព្រះបន្ទូលរបស់យើង ដោយប្រព្រឹត្ដអំពើដែលមិនគាប់ចិត្តយើង គឺអ្នកបានធ្វើឃាតអ៊ូរីជាជនជាតិហេតនោះ ដោយប្រគល់ទៅឱ្យជនជាតិអាំម៉ូនសម្លាប់ រួចយកប្រពន្ធរបស់អ៊ូរីមកធ្វើជាប្រពន្ធរបស់ខ្លួន»។ ហេតុនេះហើយ បានជាក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ដោយមុខដាវជានិច្ច ព្រោះអ្នកបានមើលងាយយើងដោយយកប្រពន្ធរបស់អ៊ូរីជាជនជាតិហេតមកធ្វើជាប្រពន្ធរបស់ខ្លួន។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងបានប្រព្រឹត្ដអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ហើយ!»។ លោកណាថានទូលទៅវិញថា៖ «ព្រះអម្ចាស់បានលើកលែងទោសព្រះករុណាហើយ! ព្រះករុណាមិនត្រូវចូលទិវង្គតទេ»។
ទំនុកតម្កើងលេខ ៣២ (៣១),១-២.៥.៧.១០-១១ បទព្រហ្មគីតិ
១ | អ្នកដែលព្រះជាម្ចាស់ | អ្នកដែលព្រះជាម្ចាស់ | |
រួចពីបាបទុក្ខភ័យ | មានសេរីសុខមង្គល | ។ | |
២ | អស់អ្នកដែលព្រះម្ចាស់ | មិនចាប់ទោសផុតអំពល់ | |
គ្មានចិត្ដវៀចវិលវល់ | មានមង្គលសុខឥតល្ហែ | ។ | |
៥ | រូបខ្ញុំបានសារភាព | អំពើបាបមុខព្រះម្ចាស់ | |
ខ្ញុំមិនលាក់លៀមសោះ | នូវកំហុសខ្ញុំនោះឡើយ | ។ | |
ទូលបង្គំពោលថា | ខ្ញុំនេះណាសារភាពហើយ | ||
ទោសខ្ញុំធ្ងន់ឥតស្បើយ | ទ្រង់លើកឱ្យរួចពីបាប | ។ | |
៧ | ព្រះអង្គជាជម្រក | ឱ្យខ្ញុំជ្រកមិនឱ្យហ្មង | |
ការពាររូបខ្ញុំផង | កម្ចាត់បង់អាសន្នភ័យ | ។ | |
១០ | មនុស្សពាលត្រូវរងគ្រប់ | ទុក្ខទោសសព្វវេទនា | |
ព្រះម្ចាស់តែងមេត្ដា | ដល់អ្នកណាពឹងព្រះអង្គ | ។ | |
១១ | មនុស្សសុចរិតអើយ | កុំកន្ដើយសប្បាយឡើង | |
អស់អ្នកដែលទៀងត្រង់ | ស្រែកហ៊ោផងដោយអំណរ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កឡ ២,១៦.១៩-២១
បងប្អូនជាទីស្រឡាញ់
យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឱ្យបានសុចរិត ដោយការប្រព្រឹត្ដតាមធម្មវិន័យទេ គឺបានសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រីស្ដវិញ។ ដូច្នេះ យើងក៏បានជឿលើព្រះគ្រីស្ដយេស៊ូដែរ ដើម្បីព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិតតាមរយៈជំនឿទៅលើព្រះគ្រីស្ដ គឺមិនមែនដោយបានប្រព្រឹត្ដតាមធម្មវិន័យនោះទេ ព្រោះគ្មាននរណាម្នាក់បានសុចរិត ដោយប្រព្រឹត្ដតាមធម្មវិន័យឡើយ។ ដោយសារធម្មវិន័យ ខ្ញុំបានរួចពីអំណាចរបស់ធម្មវិន័យ ដើម្បីឱ្យខ្ញុំមានជីវិតរស់សម្រាប់ព្រះជាម្ចាស់។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រីស្ដ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់ គឺព្រះគ្រីស្ដទេតើដែលមានព្រះជន្មរស់នៅក្នុងខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។ ខ្ញុំមិនលុបបំបាត់ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារធម្មវិន័យនោះ បានសេចក្ដីថា ព្រះគ្រីស្ដសោយទិវង្គតឥតបានការអ្វីទេ!។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្ដាករុណា ព្រះអង្គសព្វព្រះហឫទ័យរំដោះអ្នកជានិច្ច!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,៣៦-៨,៣ (ឬយ៉ាងខ្លី ៧,៣៦-៥០)
មានបុរសម្នាក់ខាងគណៈផារីស៊ី បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ នៅក្រុងនោះមានស្រ្ដីម្នាក់មានកេរ្តិ៍ឈ្មោះមិនល្អ។ ពេលឮថា ព្រះយេស៊ូគង់នៅក្នុងផ្ទះអ្នកខាងគណៈផារីស៊ីនោះ នាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។ នាងនៅពីក្រោយព្រះយេស៊ូ ក្រាបទៀបព្រះបាទាព្រះអង្គ នាងយំសម្រក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មក នាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។ ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្ដថា៖ «បើលោកនេះពិតជាព្យាការីមែន ច្បាស់ជាលោកជ្រាបថា ស្រ្ដីដែលពាល់លោកនេះ ជាស្រ្ដីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។ ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖ «លោកស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។ ដោយអ្នកទាំងពីគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះទៅ។ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង»។ លោកស៊ីម៉ូនទូលឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។ បន្ទាប់មក ព្រះអង្គបែរទៅរកស្រ្ដីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «សូមមើលស្រ្ដីនេះចុះ! ខ្ញុំចូលមកក្នុងផ្ទះលោក តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាងវិញនាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។ លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំឥតឈប់ឈរសោះឡើយ។ លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុនេះហើយ ខ្ញុំសុំប្រាប់ឱ្យលោកដឹងថា នាងសម្ដែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ ព្រោះព្រះជាម្ចាស់បានប្រោសឱ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឱ្យតិច ក៏សម្ដែងសេចក្ដីស្រឡាញ់តិចដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅស្រ្ដីនោះថា៖ «ខ្ញុំអត់ទោសឱ្យនាងបានរួចពីបាបហើយ»។ អស់អ្នកដែលអង្គុយរួមតុជាមួយរិះគិតក្នុងចិត្ដរៀងៗខ្លួនថា៖ «តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឱ្យមនុស្សរួចពីបាបដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្ដចុះ»។
ប្រសិនបើអានយ៉ាងខ្លី សូមអានត្រឹមនេះ
បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុង តាមភូមិនានា ទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ ក្រុមសាវ័កទាំងដប់ពីរនាក់ទៅជាមួយព្រះអង្គ ហើយមានស្រ្ដីខ្លះទៀតដែលព្រះអង្គបានប្រោសឱ្យជាពីជំងឺ និងបណ្ដេញខ្មោចចេញ ក៏តាមទៅជាមួយដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡាដែលព្រះអង្គបានដេញខ្មោចប្រាំពីរចេញពីនាង នាងយ៉ូហាណា ភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាណា ព្រមទាំងស្រ្ដីឯទៀតៗជាច្រើនដែលបានចំណាយធនធានរបស់ខ្លួនដើម្បីទំនុកបម្រុងព្រះយេស៊ូ និងសាវ័ករបស់ព្រះអង្គ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យប្រទានអាហារគ្រប់យ៉ាងឱ្យមនុស្សលោកបរិភោគ។ យើងខ្ញុំសូមលើកអាហារខ្លះយកមកថ្វាយព្រះអង្គនៅពេលនេះ។ សូមទ្រង់ព្រះមេត្ដាប្រោសឱ្យអាហារទាំងនេះទៅជា ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ដដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏សប្បុរស! ព្រះអង្គបានប្រោសប្រទានឱ្យយើងខ្ញុំទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ដក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្ដាបំភ្លឺចិត្ដគំនិតយើងខ្ញុំ និងពង្រឹងជំនឿរបស់យើងខ្ញុំឱ្យកាន់តែមាំមួនឡើងៗ។ សូមឱ្យយើងខ្ញុំធ្វើជាសាក្សីបញ្ជាក់ថា ព្រះរាជ្យរបស់ព្រះអង្គមកជិតបង្កើយហើយ។