ថ្ងៃអាទិត្យ អាទិត្យទី១០
រដូវធម្មតា«ឆ្នាំគ»

ពណ៌បៃតង

បពិត្រព្រះអម្ចាស់! ព្រះអង្គជាដើមកំណើតនៃអំពើល្អគ្រប់យ៉ាង! ព្រះអង្គក៏តែងតែព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ ដោយមិននឿយណាយឡើយ!។ សូមទ្រង់ព្រះមេត្ដាបំភ្លឺចិត្ដគំនិតយើងខ្ញុំឱ្យស្គាល់អ្វីៗដ៏សុចរិត សូមជួយយើងខ្ញុំឱ្យប្រព្រឹត្ដអំពើសុចរិតទាំង នោះផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី១ ១ ពង្ស ១៧,១៧-២៤

ព្យាការីអេលីអាស្រ័យនៅផ្ទះស្រ្ដីមេម៉ាយម្នាក់។ កូនប្រុសរបស់ស្រ្ដីមេម៉ាយជាម្ចាស់ផ្ទះធ្លាក់ខ្លួនឈឺ ហើយជំងឺកាន់តែធ្ងន់ទៅៗ រហូតដល់ផុតដង្ហើម។ ស្រ្ដីជា​ម្ដាយពោលទៅកាន់លោកអេលីថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! តើនាង​ខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាង​ខ្ញុំ ដើ​ម្បីរំឭកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើឱ្យកូននាងខ្ញុំស្លាប់ដូច្នេះ​?»។ លោក​ឆ្លើយទៅនាងវិញថា៖ «សូមប្រគល់កូននាងឱ្យមកខ្ញុំ»។ លោកទទួលយក​កូន​នោះ​ពីដៃរបស់នាង ហើយបីឡើងទៅបន្ទប់ខាងលើ ជាបន្ទប់ដែលលោកស្នាក់នៅ រួច​ផ្ដេកវាលើគ្រែរបស់លោក។ បន្ទាប់មក លោកទូលអង្វរព្រះអម្ចាស់ថា៖ «បពិត្រ​​​​ព្រះ​អម្ចាស់ ជាព្រះនៃទូលបង្គំ! ស្រី្ដមេម៉ាយនេះបានទទួលទូលបង្គំឱ្យស្នាក់នៅផ្ទះ​​​របស់នាង តើព្រះអង្គពិតជាចង់ឱ្យនាងកើតទុក្ខព្រួយឬ បានជាបណ្តោយឱ្យកូនរបស់​នាងស្លាប់ដូច្នេះ»?។ លោកទ្រាបលើក្មេងនោះបីដង ទាំងអង្វរព្រះអម្ចាស់​ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! សូមប្រោសប្រទានឱ្យក្មេងនេះមានដង្ហើមឡើងវិញផង!»។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោកអេលី។ ក្មេង​នោះក៏មានដង្ហើម ឡើងវិញ ហើយដឹងខ្លួន។ លោកអេលីបីក្មេងនោះចុះពីបន្ទប់​ខាងលើ មក​ប្រគល់ឱ្យម្ដាយវិញទាំងពោលថា៖ «មើល៍! កូនរបស់នាងមាន​ជីវិត​ហើយ»។ ស្រី្ដនោះពោលទៅកាន់លោកអេលីថា៖ «ឥឡូវនេះ នាងខ្ញុំដឹងថា លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន ហើយសេចក្ដីដែលលោកថ្លែង ពិតជា​ព្រះ​បន្ទូលរបស់ព្រះអម្ចាស់»។

ទំនុកតម្កើងលេខ ៣០ (២៩), ២-៦.១២-១៣ បទពាក្យ ៧

បពិត្រព្រះម្ចាស់ដ៏ឧត្ដមទូលបង្គំសូមលើកតម្កើង
ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើងមិនឱ្យពួកខ្មាំងលេងសើចបាន
ឱព្រះអម្ចាស់ដែលជាព្រះប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន
ខ្ញុំអង្វរសុំក្ដីសុខសាន្ដហើយទ្រង់ប្រោសប្រាណឱ្យបានជា
បពិត្រព្រះម្ចាស់ដ៏ឧត្ដមស្រង់ទូលបង្គមផុតវេទនា
ចេញពីរណ្ដៅជនមរណាប្រទានជីវ៉ារស់ជាថ្មី
ឱ!អ្នករាល់គ្នាដែលជារាស្រ្ដរបស់ព្រះម្ចាស់ដ៏ប្រពៃ
ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃវិសុទ្ធពេកក្រៃនៃព្រះអង្គ
ព្រះអង្គខ្ញាល់តែមួយភ្លែតសោះប្រណីសន្ដោសមនុស្សទាំងពួង
ពេលល្ងាចគេយំចិត្ដមួរហ្មងព្រលឹមស្រាងឡើងអរសប្បាយ
១២ព្រះអង្គធ្វើឱ្យផុតអស់ទុក្ខអាប់អួរសព្វមុខមិនមានហ្មង
ឥតមានកាន់ទុក្ខរីករាយម្ដងខោអាវល្អផងពាក់សប្បាយ
១៣ខ្ញុំមិននៅស្ងៀមធ្វើឆ្មៃឆ្មើងស្មូត្របទតម្កើងមិនជិនណាយ
ឱ!ព្រះអម្ចាស់អើយខ្ញុំឱនកាយបង្គំថ្វាត់ថ្វាយតម្កើងផង

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កឡ ១,១១-១៩

បងប្អូនជាទីស្រឡាញ់
ខ្ញុំសូមជម្រាបបងប្អូនថា ដំណឹងល្អដែលខ្ញុំបាននាំមកជូន​បងប្អូន មិនមែនមានប្រភពចេញមកពីមនុស្សលោកទេ រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំ​បាន​ទទួល ឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះយេស៊ូគ្រីស្ដឯណោះដែលបានសម្ដែងឱ្យខ្ញុំស្គាល់។
បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺ​​ពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនព្រះសហគមន៍របស់ព្រះជាម្ចាស់យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កម្ទេចព្រះសហគមន៍នេះទៀត​ផង។ ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរ ជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាងជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្ដខ្នះខ្នែងកាន់តាមប្រពៃណី​​​​​​បុព្វ​​បុរសរបស់ខ្ញុំហួសប្រមាណ។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់បានញែកខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម្លេះ ហើយព្រះអង្គបានត្រាស់​ហៅខ្ញុំដោយព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ។ នៅពេលព្រះអង្គសព្វព្រះហឫទ័យសម្ដែងឱ្យខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បី​​​​ឱ្យខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពី​មនុស្ស​ណាម្នាក់ឡើយ។ ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹមដើម្បីជួបអស់លោកដែល​​ជាគ្រីស្ដទូតមុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប៊ី រួចក៏ត្រឡប់មក​ក្រុង​ដា​ម៉ា​ស់វិញ។
បីឆ្នាំក្រោយមក ខ្ញុំឡើងទៅក្រុងយេរូសាឡឹម ដើម្បីឱ្យបានស្គាល់លោក​កេផាស ហើយខ្ញុំស្នាក់នៅជាមួយលោកអស់រយៈពេលដប់ប្រាំថ្ងៃ។ ប៉ុន្ដែ ខ្ញុំពុំបានជួបនឹងគ្រីស្ដទូតណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកុប ជាបងប្អូន​របស់ព្រះអម្ចាស់ប៉ុណ្ណោះ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
មានព្យាការីដ៏ប្រសើរឧត្ដមម្នាក់បានមករស់នៅក្នុងចំណោមយើង ហើយព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដ​​​របស់ព្រះអង្គ។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,១១-១៧

ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយ ឈ្មោះណាអ៊ីន។ សាវ័ករបស់ព្រះអង្គ និង​បណ្ដាជនជាច្រើនក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ ពេលព្រះអង្គយាងមក​ជិត​ដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះជាកូនប្រុសតែមួយរបស់ស្រ្ដីមេម៉ាយម្នាក់។ ប្រជាជនជាច្រើនក្នុងក្រុងមកជួយ​ដង្ហែសពជាមួយគាត់។ កាលព្រះអម្ចាស់ឃើញស្រ្ដីមេម៉ាយនោះ ព្រះអង្គមានព្រះ​ហឫទ័យអាណិតអាសូរគាត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះ​បន្ទូលទៅគាត់ថា៖ «សូម​​​កុំយំអី!»។ ព្រះអង្គយាងចូលទៅជិតទ្រង់ពាល់មឈូស ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ចូរក្រោកឡើង»។ រំពេចនោះ បុគ្គលដែលស្លាប់ក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំលោះទៅម្ដាយវិញ។ គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿរបស់ព្រះជាម្ចាស់ដោយពោលថា៖ «មានព្យាការីដ៏ប្រសើរឧត្ដមម្នាក់បានមករស់នៅក្នុងចំណោមយើងហើយ ព្រះជាម្ចាស់យាង​មករំដោះប្រជារាស្រ្តរបស់​ព្រះ​អង្គ»។ ពាក្យដែលគេនិយាយអំពីព្រះយេស៊ូបានលេចឮពាសពេញ​ក្នុង​ស្រុ​ក​យូ​ដា និងតំបន់ជិតខាងទាំងមូល។

បពិត្រព្រះអម្ចាស់ជាព្រះបិតា សូមទ្រង់ព្រះមេត្ដាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ សូមឱ្យសក្ការបូជានេះបានគាប់ព្រះហឫទ័យព្រះអង្គ និងផ្ដល់ឱ្យយើងខ្ញុំមានសេចក្ដីស្រឡាញ់ចំពោះព្រះអង្គ និងចំពោះអ្នកដទៃកាន់តែខ្លាំងឡើងៗផង។

បពិត្រព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង ព្រះអង្គសព្វព្រះហឫទ័យប្រោសឱ្យយើងខ្ញុំបានជាសះស្បើយ។ ដោយអភិបូជានេះ សូមព្រះអង្គរំដោះយើងខ្ញុំចេញពីកិលេសតណ្ហា និងតម្រង់ជីវិតយើងខ្ញុំឱ្យធ្វើតែអំពើល្អផង។

165 Views

Theme: Overlay by Kaira