ថ្ងៃអាទិត្យ អាទិត្យទី០៩
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមផ្ញើជីវិតលើព្រះហប្ញទ័យសប្បុរសរបស់ព្រះអង្គ ដែលចាត់ចែងអ្វីៗទាំងអស់តាមព្រះគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ ដោយមិនដែលភាន់ច្រឡំឡើយ។ សូមទ្រង់ព្រះមេត្តាកម្ចាត់ឧបទ្រពទាំងឡាយចេញពីយើងខ្ញុំ! សូមប្រោសប្រទាននូវអ្វីៗដែលអាចនាំយើងខ្ញុំឱ្យបានប្រកបដោយសេចក្តីសុខសាន្ត ក្នុងការគោរពបម្រើព្រះអង្គ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ១១,១៨.២៦-២៨.៣២
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ត្រូវទុកឱ្យព្រះបន្ទូលដែលខ្ញុំថ្លែងប្រាប់ដក់នៅក្នុងចិត្តក្នុងគំនិតរបស់អ្នករាល់គ្នាជានិច្ច។ ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញាជាប់នឹងដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាជ្រើសរើស។ ប្រសិនបើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជារបស់ព្រះជាម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំប្រគល់ឱ្យអ្នករាល់គ្នានៅថ្ងៃនេះ អ្នករាល់គ្នាមុខជាទទួលព្រះពរ។ ប្រសិនបើអ្នករាល់គ្នាមិនប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាងាកចេញពីមាគ៌ាដែលខ្ញុំបង្ហាញដល់អ្នករាល់គ្នានៅថ្ងៃនេះ ទៅជំពាក់ចិត្តនឹងព្រះដទៃដែលអ្នករាល់គ្នាពុំស្គាល់ នោះអ្នករាល់គ្នាមុខជាទទួលបណ្តាសាមិនខាន។ អ្នករាល់គ្នាត្រូវកាន់ ហើយប្រតិបត្តិតាមវិន័យ និងច្បាប់ទាំងប៉ុន្មានដែលខ្ញុំប្រគល់ឱ្យអ្នករាល់គ្នានៅថ្ងៃនេះ»។
ទំនុកតម្កើងលេខ ៣១ (៣០),៣-៤.១៧.២០.២៤-២៥ បទកាកគតិ
| ៣ | សូមទ្រង់ផ្ទៀងស្តាប់ | ពាក្យខ្ញុំរៀបរាប់ | មិនឱ្យមានឆ្គង |
| សូមរំដោះខ្ញុំ | ឱ្យឆាប់តែម្តង | ជាកំពែងផង |
| | សង្គ្រោះរូបខ្ញុំ | ។ |
| ៤ | ទ្រង់ជាសិលា | កំពែងថ្មដា | ពាំងទូលបង្គំ |
| សូមជួយដឹកនាំ | ឆ្លងផ្លូវតូចធំ | តម្រង់ទិសខ្ញុំ |
| | ដោយយល់ព្រះនាម | ។ |
| ១៧ | សូមបែរព្រះភក្រ្ត | ទតមកមើលអ្នក | បម្រើព្រះអង្គ |
| មេត្តាសង្រ្គោះ | ទូលបង្គំផង | ដោយហប្ញទ័យទ្រង់ |
| | ប្រណីករុណា | ។ |
| ២០ | បពិត្រព្រះម្ចាស់ | ព្រះទ័យសន្តោស | វិសេសថ្កើងថ្កាន |
| ដល់អ្នកគោរព | កោតខ្លាចគ្រប់ប្រាណ | មិនដែលរំខាន |
| | អ្នកជ្រកជាមួយ | ។ |
| ២៤ | សូមឱ្យអស់អ្នក | គោរពស្មោះស្ម័គ្រ | ព្រះម្ចាស់ជាធំ |
| នាំគ្នាស្រឡាញ់ | ព្រះខ្ពស់ឧត្តម | ការពារឧបត្ថម្ភ |
| | រក្សាអ្នកជឿ | ។ |
| តែព្រះអង្គដាក់ | ទោសតឹងដល់ថ្នាក់ | អ្នកគ្មានជំនឿ |
| មនុស្សព្រហើន | កាចកោងមិនជឿ | អ្នកគ្មានជំនឿ |
| | ព្រះអង្គផ្តន្ទា | |
| ២៥ | អស់អ្នកទុកចិត្ត | សង្ឃឹមស្មោះពិត | ព្រះម្ចាស់លោកា |
| ចូរមានកម្លាំង | ទឹកចិត្តហានក្លា | នោះព្រះមុខជា |
| | ការពារសុខសាន្ត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៣,២១-២៥.២៨
បងប្អូនជាទីស្រឡាញ់!
មនុស្សនៅក្រោមអំណាចនៃបាបគ្រប់ៗគ្នា។ ធម្មវិន័យរបស់លោកម៉ូសេមានប្រយោជន៍តែម្យ៉ាង គឺនាំឱ្យមនុស្សស្គាល់អំពើបាបប៉ុណ្ណោះ!។ ប៉ុន្តែ ឥឡូវនេះ ក្រៅពីធម្មវិន័យ ព្រះជាម្ចាស់សម្តែងអំពីរបៀបព្រះអង្គប្រោសមនុស្សឱ្យបានសុចរិត ដូចធម្មវិន័យ និងអស់លោកព្យាការីបញ្ជាក់ទុកស្រាប់ គឺថា ព្រះជាម្ចាស់ប្រោសអស់អ្នកដែលមានជំនឿឱ្យបានសុចរិត ដោយសារជំនឿទៅលើព្រះគ្រីស្ត។ មនុស្សទាំងអស់មិនប្លែកពីគ្នាត្រង់ណាសោះ គឺគេសុទ្ធតែប្រព្រឹត្តអំពើបាប ហើយឃ្លាតចាកពីសិរីរុងរឿងរបស់ព្រះជាម្ចាស់គ្រប់ៗគ្នា។ ប៉ុន្តែ ព្រះជាម្ចាស់ប្រោសគេឱ្យបានសុចរិត ទុកជាព្រះអំណោយទានតាមព្រះហប្ញទ័យប្រណីសន្តោសរបស់ព្រះអង្គ ដោយព្រះយេស៊ូ គ្រីស្តលោះគេ។ ព្រះជាម្ចាស់បានតែងតាំងព្រះគ្រីស្តដែលបានបូជាព្រះលោហិតនៅលើឈើឆ្កាង ដើម្បីរំដោះអស់អ្នកដែលជឿលើព្រះអង្គឱ្យរួចពីបាប។ យើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត មកពីគេមានជំនឿ មិនមែនមកពីគេបានកុសលផលបុណ្យ តាមធម្មវិន័យនោះឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ៩៥,១.៧
អាលេលូយ៉ា! អាលេលូយ៉ា!
សូមអញ្ជើញមក! ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះអម្ចាស់ ដែលជាថ្មដា និងជាព្រះសង្រ្គោះរបស់យើង! ព្រះអង្គពិតជាព្រះរបស់យើងមែន! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៧,២១-២៧
នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «អ្នកដែលចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះហប្ញទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខនោះវិញ។ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនពោលមកខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអង្គ យើងខ្ញុំធ្លាប់ដេញខ្មោចក្នុងព្រះនាមព្រះអង្គ យើងខ្ញុំក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គដែរ”។ ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នករាល់គ្នាថា ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឱ្យឆ្ងាយពីខ្ញុំទៅ! ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!។ អ្នកណាស្តាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ ទោះបីភ្លៀងបង្អុរចុះមក មានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។ រីឯអ្នកដែលស្តាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឥតប្រាជ្ញាម្នាក់ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់។ ពេលភ្លៀងបង្អុរចុះមក មានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់! យើងខ្ញុំយកតង្វាយដែលកើតពីកម្លាំងញើសឈាមមកថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះគ្រីស្ដ សូមជម្រះចិត្ដយើងខ្ញុំឱ្យរួចពីបាបផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រោសប្រទានព្រះកាយ និងព្រះលោហិតនៃព្រះបុត្រាឱ្យយើងខ្ញុំធ្វើជាអាហារដែលផ្ដល់ជីវិត។ សូមទ្រង់ព្រះមេត្ដាចាត់ព្រះវិញ្ញាណព្រះអង្គឱ្យយាងមកណែនាំយើងខ្ញុំ សូមប្រោសឱ្យយើងខ្ញុំអាចផ្ដល់សក្ខីភាពថ្វាយព្រះអង្គដោយមិន គ្រាន់តែពោលពាក្យប៉ុណ្ណោះទេ គឺដោយប្រព្រឹត្ដអំពើល្អផង។
429 Views
Post Views:
430