ថ្ងៃអាទិត្យ អាទិត្យទី០៤
រដូវសែសិបថ្ងៃ ឆ្នាំ«ក»
ពណ៌ផ្កាឈូក
ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦
ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នារិះគិតអំពីប្រវត្តិនៃប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ យើងនាំគ្នានឹករំពឹងអំពីធម៌មេត្តាករុណារបស់ព្រះអង្គដែលណែនាំ ទាំងប្រវត្តិរបស់គេ ទាំងប្រវត្តិរបស់យើង។ ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះអង្គយាងមកបំភ្លឺមនុស្សលោក។ ជំនឿ ពិតជាពន្លឺដែលធ្វើឱ្យអ្នកជឿទទួលស្គាល់ធម៌មេត្តាករុណារបស់ព្រះបិតាគ្រប់ពេលវេលា។
អត្ថបទទី១ សម ១៦,១-១៣
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យានឹងប្រទានព្រះរាជ្យវង្សឱ្យព្រះបាទដាវីឌ។ យើងជាគ្រីស្តបរិស័ទជឿថា ព្រះរាជ្យវង្សនេះ គឺព្រះយេស៊ូពិតជា ”ព្រះគ្រីស្ត” ។
សូមថ្លែងព្រះគម្ពីរលោកសាម៉ូអែលទី១ ១សម ១៦,១ខ.៦-៧.១០-១៣ក
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាម៉ូអែលថា៖ «យើងបោះបង់ស្តេចសាអ៊ូលចោល លែងឱ្យសោយរាជ្យលើជនជាតិអ៊ីស្រាអែលទៀតហើយ!។ ចូរយកស្នែងមកចាក់ប្រេងឱ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឱ្យទៅផ្ទះលោកយេសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងបានជ្រើសរើសយកម្នាក់ឱ្យធ្វើជាស្តេចដែលគាប់ចិត្តយើង»។ កាលលោកសាម៉ូអែលឃើញអេលីយ៉ាបជាកូនម្នាក់របស់លោកយេសាយ គាត់នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយដែលព្រះអម្ចាស់បានជ្រើសរើស»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសម្បកក្រៅ ឬកម្ពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច្ឆ័យដូចមនុស្សលោកដែលមើលតែសម្បកក្រៅប៉ុណ្ណោះទេ គឺព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។ លោកយេសាយឱ្យកូនប្រុសទាំងប្រាំពីរនាក់ដើរនៅមុខលោកសាម៉ូអែល តែលោកមានប្រសាសន៍ទៅកាន់លោកយេសាយថា៖ «ក្នុងចំណោមកូនទាំងនេះ ព្រះអម្ចាស់ពុំបានជ្រើសរើសនរណាម្នាក់ឡើយ។ តើលោកមានកូនតែប៉ុណ្ណោះទេឬ?» ។ លោកយេសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀតដែលកំពុងតែឃ្វាលចៀម»។ លោកសាម៉ូអែលមានប្រសាសន៍ទៅកាន់លោកយេសាយថា៖ «ចូរឱ្យគេទៅហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។ លោកយេសាយចាត់ឱ្យគេទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ ព្រះអម្ចាស់មានបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរចាក់ប្រេងអភិសេកគេចុះ!»។ លោកសាម៉ូអែលយកស្នែងប្រេងមក ហើយចាក់ប្រេងអភិសេកយុវជនដាវីឌនៅចំពោះមុខបងៗ ហើយព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏យាងមកសណ្ឋិតលើយុវជនដាវីឌចាប់តាំងពីពេលនោះមក។
ទំនុកតម្កើងលេខ ២៣(២២),១-៦ បទពាក្យ ៧
| ១ | ឱ! ព្រះអម្ចាស់ជាគង្វាល | មើលឥតរយាលណែនាំខ្ញុំ | |
| ឱ្យដើរតាមផ្លូវដែលសក្តិសម | ភោគផលជិតជុំឥតខ្វះឡើយ | ។ |
| ២ | ព្រះអង្គឱ្យខ្ញុំសម្រាកនៅ | លើវាលមានស្មៅបានធូរស្បើយ | |
| នាំខ្ញុំទៅក្បែរមាត់ទឹកហើយ | ប្រទានឱ្យកាយមានកម្លាំង | ។ |
| ៣ | ទ្រង់នាំខ្ញុំតាមផ្លូវសុចរិត | ល្អល្អះប្រណីតភ្លឺចែងចាំង | |
| ព្រះកិត្តិនាមល្បីក្លាខ្លាំង | គ្មានអ្វីរារាំងព្រះអង្គឡើយ | ។ |
| ៤ | ទោះបីរូបខ្ញុំដើរកាត់ភ្នំ | ជ្រលងតូចធំស្លាប់ក៏ដោយ | |
| ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ | ទ្រង់គង់ជាមួយតាមការពារ | ។ |
| ៥ | ព្រះអង្គរៀបចំឱ្យបរិភោគ | អាហារគរគោមុខបច្ចា | |
| រួចទ្រង់ចាក់ប្រេងលើសិរសា | បំពេញពែងស្រាខ្ញុំហៀរហូរ | ។ |
| ៦ | ព្រះអង្គប្រទានសុភមង្គល | ហប្ញទ័យខ្វាយខ្វល់ដោយអាសូរ | |
| មកទូលបង្គំជាហែហូរ | ឥតមានឈប់ឈរមួយជីវិត | ។ |
| ដរាបណាជីវិតនៅមាន | ខ្ញុំសែនសុខសាន្តឥតមានគិត | |
| ក្នុងព្រះដំណាក់ល្អប្រណីត | ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ៥,៨-១៤
បងប្អូនជាទីស្រឡាញ់!
កាលពីដើម បងប្អូនងងឹតមែន ប៉ុន្តែ ឥឡូវនេះបងប្អូនជាពន្លឺ ដោយបានរួមរស់ជាមួយព្រះអម្ចាស់។ ដូច្នេះ ចូររស់នៅឱ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួន!។ ផលនៃពន្លឺនោះ គឺសេចក្តីសប្បុរស សេចក្តីសុចរិត និងសេចក្តីពិតគ្រប់បែបយ៉ាង។ ត្រូវរិះគិតមើលឱ្យដឹងថា កាលណាគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្តអំពើឥតប្រយោជន៍ដែលមកពីសេចក្តីងងឹតនោះឡើយ ស៊ូបើកមុខអំពើទាំងនោះឱ្យគេឃើញ។ ចំពោះអំពើណាដែលគេប្រព្រឹត្តដោយលួចលាក់ សូម្បីតែយកមកនិយាយក៏គួរឱ្យខ្មាសណាស់ទៅហើយ។ ក៏ប៉ុន្តែ កាលណាអំពើទាំងនោះបានបើកមុខ ហើយវានឹងលេចចេញមកឱ្យគេឃើញច្បាស់នៅក្រោមពន្លឺ ដ្បិតអំពើណាដែលលេចមកឱ្យគេឃើញហើយនោះ បានប្រែទៅជាពន្លឺ។ ហេតុនេះហើយ បានជាមានថ្លែងទុកមកថា “អ្នកដេកលក់អើយ! ចូរភ្ញាក់ឡើង! ចូរក្រោកឡើង! ចេញពីចំណោមមនុស្សស្លាប់ ព្រះគ្រីស្តនឹងភ្លឺចាំងមកលើអ្នក!”។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២
| ប | បពិត្រព្រះយេស៊ូជាអម្ចាស់! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
| គ | បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គពិតជាពន្លឺបំភ្លឺពិភពលោក។ អ្នកណាទៅតាមព្រះអង្គ អ្នកនោះនឹងមិនដើរក្នុងភាពងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត។ |
| ប | បពិត្រព្រះយេស៊ូជាអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ៩,១-៤១(ឬយ៉ាងខ្លី ៩,១.៦-៩.១៣-១៧.៣៤-៣៨)
ព្រះយេស៊ូយាងចេញពីព្រះវិហារទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើតមក។
ប្រសិនបើអានយ៉ាងខ្លីសូមរំលងវគ្គខាងក្រោមនេះ
ក្រុមសាវ័កទូលសួរព្រះអង្គថា៖ «ព្រះគ្រូ! បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្តាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្តាយគាត់?»។ ព្រះយេស៊ូ មានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្តាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះដើម្បីឱ្យព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។ យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។ ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក »។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ
ប្រសិនបើអានយ៉ាងខ្លី សូមអានតទៅទៀត
ព្រះអង្គស្តោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ រួចទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមទៅ!» (ពាក្យ ”ស៊ីឡោម” នេះ មានន័យថា “អ្នកដែលគេចាត់ឱ្យទៅ”)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុននាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។ អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ! អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ!»។
បើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
គេក៏នាំគ្នាសួរគាត់ថា៖ «ម្តេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។ គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូ ធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមទៅ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។ គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។
បើអានយ៉ាងខ្លី សូមអានតទៅទៀត
គេនាំអ្នកដែលខ្វាក់ពីមុននោះទៅជួបពួកខាងគណៈផារីស៊ី។ ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់ឱ្យបានភ្លឺនោះជាថ្ងៃសប្ប័ទ ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្តងទៀតអំពីហេតុការណ៍ដែលធ្វើឱ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។ ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពវិន័យសម្រាប់ថ្ងៃសប្ប័ទ»។ អ្នកខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសម្គាល់ដ៏អស្ចារ្យនេះដូចម្តេចបាន?» ពួកគេក៏បាក់បែកគ្នា។ គេសួរអ្នកដែលខ្វាក់ពីមុននោះម្តងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថាលោកដែលធ្វើឱ្យអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាព្យាការីមែន!»។
បើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
ប៉ុន្តែ ជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវមើលឃើញនោះ ទាល់តែហៅឪពុកម្តាយគាត់មកសួរសិន។ គេសួរទៅឪពុកម្តាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នក ដែលអ្នកថាខ្វាក់ពីកំណើតមែនឬ? ចុះឥឡូវម្តេចក៏ភ្នែកគាត់ភ្លឺ?។ ឪពុកម្តាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថា វាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។ ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះយើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើឱ្យភ្នែកវាភ្លឺនោះក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ! វាធំហើយ វាឆ្លើយខ្លួនឯងបាន!»។ ឪពុកម្តាយគាត់និយាយដូច្នេះ មកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នាបណ្តេញអស់អ្នកដែលទទួលស្គាល់ថា ព្រះយេស៊ូជាព្រះគ្រីស្ត ចេញពីធម្មសាលារបស់គេ។ ហេតុនេះហើយបានជាគាត់ពោលថា “វាធំហើយ! សូមសួរវាទៅ!”។
ពួកខាងគណៈផារីស៊ី បានហៅបុរសដែលខ្វាក់ពីមុននោះមកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់! យើងដឹងថា អ្នកនោះពិតជាមនុស្សបាបមែន!»។ បុរសនោះតបថា៖ «លោកនោះជាមនុស្សបាបឬយ៉ាងណានោះខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាងគឺពីមុនខ្ញុំខ្វាក់ តែឥឡូវនេះខ្ញុំមើលឃើញ»។ ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? គាត់បានធ្វើឱ្យភ្នែកអ្នកភ្លឺដោយវិធីណា?»។ គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជម្រាបអស់លោករួចមកហើយ តែអស់លោកពុំស្តាប់ខ្ញុំទេ។ ហេតុដូចម្តេចបានជាអស់លោកចង់ឱ្យខ្ញុំនិយាយម្តងទៀតដូច្នេះ? ប្រហែលអស់លោកចង់ធ្វើជាសិស្សរបស់លោកនោះដែរហើយមើលទៅ!»។ ពួកខាងគណៈផារីស៊ី ក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់គាត់! រីឯយើងវិញ យើងជាសិស្សរបស់លោកម៉ូសេ!។ យើងដឹងថា ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។ បុរសនោះនិយាយតបទៅគេថា៖ «លោកនោះធ្វើឱ្យភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថាគាត់មកពីណាដូច្នេះគួរឱ្យឆ្ងល់ណាស់!។ យើងដឹងស្រាប់ហើយថា ព្រះជាម្ចាស់មិនស្តាប់ពាក្យរបស់មនុស្សបាបទេ ព្រះអង្គស្តាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ និងប្រព្រឹត្តតាមព្រះហប្ញទ័យព្រះអង្គប៉ុណ្ណោះ។ តាំងពីដើមរៀងមក យើងមិនដែលឮថាមាននរណាធ្វើឱ្យភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺនោះឡើយ។ ប្រសិនបើលោកនោះមិនមកពីព្រះជាម្ចាស់ទេ លោកមិនអាចធ្វើការបានទាល់តែសោះ»។
បើអានយ៉ាងខ្លី សូមអានតទៅទៀត
ពួកគេនាំគ្នាពោលទៅគាត់ថា៖ «ឯងជាមនុស្សជាប់បាបពេញខ្លួនតាំងពីកំណើតមក ហើយឯងហ៊ានប្រដៅយើងទៀត!»។ គេក៏បណ្តេញគាត់ចេញទៅខាងក្រៅ។
ព្រះយេស៊ូជ្រាបថា គេបានបណ្តេញគាត់។ កាលព្រះអង្គជួបគាត់ ទ្រង់មានព្រះបន្ទូលសួរថា៖ «តើអ្នកជឿលើបុត្រមនុស្សឬទេ?»។ គាត់ទូលព្រះអង្គថា៖ «លោកម្ចាស់! តើនរណាជាបុត្រមនុស្ស សូមប្រាប់ខ្ញុំឱ្យដឹងផងដើម្បីឱ្យខ្ញុំជឿលើព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកឃើញលោកស្រាប់ គឺអ្នកដែលកំពុងតែនិយាយជាមួយអ្នកហ្នឹងហើយ ជាបុត្រមនុស្ស»។ គាត់ទូលព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំជឿហើយ»។ គាត់ក៏ក្រាបថ្វាយបង្គំព្រះអង្គ។
បើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្តមនុស្ស គឺឱ្យមនុស្សខ្វាក់នឹងមើលឃើញ ហើយឱ្យមនុស្សមើលឃើញត្រឡប់ទៅជាខ្វាក់វិញ»។ ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះជាមួយព្រះអង្គបានឮដូច្នេះ ក៏ទូលព្រះអង្គថា៖ «ប្រហែលជាលោកចង់ថា យើងខ្ញុំនេះជាមនុស្សខ្វាក់ដែរហើយមើលទៅ!»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ។ ផ្ទុយទៅវិញ មកពីអ្នករាល់គ្នាថាខ្លួនមើលឃើញ ដូច្នេះហើយបានជាអ្នករាល់គ្នានៅតែជាប់បាបរហូត!»
712 Views
Post Views:
724