អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២

អាទិត្យទី០៤ រដូវអប់រំពិសេស
ពណ៌ផ្កាឈូក
អប់រំពិសេស

ថ្ងៃអាទិត្យទី ៤ ក្នុងរដូវអប់រំពិសេស

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នារិះគិតអំពីប្រវត្តិនៃប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ យើងនាំគ្នានឹករំពឹងអំពីធម៌មេត្តាករុណារបស់ព្រះអង្គដែលណែនាំទាំងប្រវត្តិរបស់គេ ទាំងប្រវត្តិរបស់យើង។
ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះអង្គយាងមកបំភ្លឺមនុស្សលោក។ ជំនឿ ពិតជាពន្លឺដែលធ្វើឱ្យអ្នកជឿទទួលស្គាល់ធម៌មេត្តាករុណារបស់ព្រះបិតាគ្រប់ពេលវេលា។

អត្ថបទទី១ យស ៥,១០-១២

ព្រះជាម្ចាស់ដែលណែនាំប្រវត្តិនៃប្រជាជនព្រះអង្គ ដោយព្រះហប្ញទ័យមេត្តាករុណាជានិច្ច។

សូមថ្លែងព្រះគម្ពីរលោកយ៉ូស៊ូអា យស ៥,៩ក.១០-១២

ក្រោយពីជនជាតិអ៊ីស្រាអែលឆ្លងទន្លេយ័រដាន់មក ពួកគេបោះជំរំនៅភូមិគីលកាល់ ហើយនាំគ្នាធ្វើពិធីបុណ្យចម្លងនៅល្ងាចថ្ងៃទីដប់បួន ក្នុងតំបន់វាលទំនាបយេរីខូ។ ស្អែកឡើង ពួកគេបរិភោគនំប័ុងឥតមេ និងគ្រាប់ស្រូវលីងដែលជាភោគផលស្រុកនោះ។ តាំងពីពេល នោះមក ពួកគេលែងបានទទួលនំម៉ាណាទៀតហើយ។ ដូច្នេះដោយលែងមាននំម៉ាណា ទៀតតាំងពីឆ្នាំនោះមក ជនជាតិអ៊ីស្រាអែលនាំគ្នាបរិភោគ ភោគផលនៃស្រុកកាណាន។

ទំនុកតម្កើងលេខ ៣៤(៣៣) ,២-៧ បទកាកគតិ​​​

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរុញរា
ឈប់ឈរសោះឡើយ ។
ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាបស្តាប់កុំព្រងើយនឹងបានធូរស្បើយ
អំណរខ្លាំងក្លា ។
សូមមកប្រកាសនឹងខ្ញុំឱ្យច្បាស់ដោយពោលឡើងថា
ព្រះម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃណាយើងនាំគ្នីគ្នា
តម្កើងព្រះអង្គ ។
ខ្ញុំបានស្វែងរកព្រះម្ចាស់តបមកឥតមានបង្អស់
ទ្រង់បានរំដោះខ្ញុំអស់ទុក្ខផងតក់ស្លុតមួរហ្មង
ឆ្លងផុតទាំងអស់ ។
អ្នកដែលសម្លឹងឆ្ពោះទៅព្រះអង្គបានសុខឥតមោះ
ផុតអស់ទុក្ខសោកវិយោគរងគ្រោះពួកគេទាំងនោះ
មិនខកចិត្តឡើយ ។
អស់អ្នកកម្សត់និងមនុស្សទុគ៌តគេស្រែកដង្ហោយ
ហៅរកព្រះម្ចាស់ទ្រង់សណ្តាប់ហើយសង្គ្រោះគេឱ្យ
ផុតពីគ្រោះកាច ។

អត្ថបទទី ២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ៥,១៧-២១

បងប្អូនជាទីស្រឡាញ់!
ប្រសិនបើអ្នកណាម្នាក់រួមជាមួយព្រះគ្រីស្ត អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់ប្រែមកជាថ្មីវិញហើយ!។ ការទាំងនេះកើតមកពីព្រះជាម្ចាស់ ដែលសម្រុះសម្រួលយើងឱ្យជានានឹងព្រះអង្គដោយសារព្រះគ្រីស្ត ហើយដែលទ្រង់ប្រទានឱ្យយើងមានមុខងារសម្រុះសម្រួលមនុស្សម្នាឱ្យជានានឹងព្រះអង្គវិញដែរ។ នៅក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្សលោកឱ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនដោយសារយើង។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រីស្តថា ទុកឱ្យព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនឱ្យជានានឹងព្រះអង្គវិញទៅ!។ ព្រះគ្រីស្តគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើឱ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឱ្យបាបសុ​​ចរិតជាមួយព្រះគ្រីស្ត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៣(១០២),៨.១៣

បពិត្រព្រះយេស៊ូជាអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរប្រណីសន្តោស មិនឆាប់ខ្ញាល់ ពោរពេញដោយមេត្តាករុណាយ៉ាងណានោះដែរ។
បពិត្រព្រះយេស៊ូជាអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៥,១-៣.១១-៣២

មានអ្នកទារពន្ធ និងមនុស្សបាបនាំគ្នាចូលមកជិតព្រះយេស៊ូ ស្តាប់ព្រះបន្ទូលព្រះអង្គ។ ពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យរអ៊ូរទាំថា៖ “មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!”។ ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះថា៖ “មានបុរសម្នាក់មានកូនប្រុសពីរ។ កូនពៅនិយាយទៅឪពុកថា ”លោកឪពុក! សូមចែកកេរមត៌កឱ្យកូនមក”។ ឪពុកក៏ចែកមត៌កឱ្យកូន។ ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់។ ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ ជួនជាកើតទុរិ្ភក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្តើមខ្វះខាត។ គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់ឱ្យ​មើលជ្រូកតាមស្រែចម្ការ។ គាត់ចង់ចម្អែតក្រពះនឹងចំណីដែលគេដាក់ឱ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឱ្យគាត់បរិភោគឡើយ។ ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្តថា អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់ រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។ អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា “លោកឪពុក! កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។ មិនគួរឱ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ! សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។ លុះគិតដូច្នោះហើយ កូនពៅវិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។ កូនពៅជម្រាបឪពុកថា៖ “លោកឪពុក! កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឱ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ!”។ ឪពុកប្រាប់ពួកអ្នកបម្រើថា៖ «ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុតមកពាក់ឱ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើងមកពាក់ឱ្យផង។ ចូរយកកូនគោដែលយើងបានបំប៉នទុកមកកាប់ជប់លៀងឱ្យសប្បាយចុះ ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ»។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។ ពេលនោះកូនប្រុសច្បងនៅឯចម្ការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ត្រី និងចម្រៀងរបាំ គាត់ហៅអ្នកបម្រើម្នាក់មកសួរថា៖ «មានការអ្វីកើតឡើង»។ អ្នកបម្រើឆ្លើយថា៖ «ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុកលោកឱ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត»។ កូនច្បងខឹងណាស់ មិនព្រមចូលផ្ទះទេ ឪពុកចេញមកអង្វរឱ្យចូល។ កូនច្បងនិយាយទៅឪពុកថា៖ «ខ្ញុំនៅបម្រើលោកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលធ្វើខុសនឹងបង្គាប់របស់លោកត្រង់ណាឡើយ តែលោកមិនដែលឱ្យកូនពពែ ដើម្បីឱ្យខ្ញុំកាប់ជប់លៀងជាមួយមិត្តភក្តិទាល់តែសោះ សូម្បីតែមួយក៏មិនដែលឱ្យផង។ ពេលកូនលោកត្រឡប់មកវិញ លោកកាប់កូនគោបំប៉នទទួលវា។ មើល៍! វានេះបានបំផ្លាញទ្រព្យសម្បត្តិលោកទាំងអស់ជាមួយស្រីពេស្យា»។ ឪពុកនិយាយទៅកូនថា៖ «កូនអើយ! ឯងនៅជាមួយឪពុកជានិច្ច រហូតណាកូន! អ្វីៗទាំងអស់ដែលជារបស់ឪពុកក៏ជារបស់កូនដែរ។ យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះរស់ឡើងវិញហើយ!។ វាបានវង្វេងបាត់ តែឥឡូវនេះយើងរកឃើញវិញហើយ!»។

139 Views

Theme: Overlay by Kaira