ថ្ងៃអាទិត្យ អាទិត្យទី០៣
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤
ពាក្យអធិដ្ឋាននៅពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយឫទ្ធានុភាពយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យស្គាល់ដំណឹងល្អ ស្តីអំពីព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ និងឱ្យធ្វើជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គផង។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិត យើងខ្ញុំឲ្យទទួលព្រះបន្ទូលព្រះអង្គដោយចិត្តស្មោះផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូណា យណ ៣,១-៥.១០
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាសថា៖ «ចូរក្រោកឡើង! ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះឱ្យដឹងអំពីសេចក្តីដែលយើងនឹងប្រាប់អ្នក!»។ លោកយ៉ូណាសធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ គឺលោកក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសម្បើមអស្ចារ្យ។ អ្នកដើរកាត់ក្រុងនេះ ត្រូវចំណាយពេលអស់បីថ្ងៃទើបបាន។ លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត ព្រះអម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។ ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេប្រកាសឱ្យមនុស្សគ្រប់ៗរូប ចាប់ពីនាម៉ឺនមន្ត្រីរហូតដល់ប្រជាជនតូចតាច តមអាហារ និងស្លៀកពាក់កាន់ទុក្ខ។ ពេលព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ព្រះអង្គក៏ប្រែព្រះហឫទ័យមិនដាក់ទោសពួកគេ ដូចព្រះអង្គបានសម្រេចកាលពីមុននោះទេ គឺព្រះអង្គមិនបំផ្លាញពួកគេចោលឡើយ។
ទំនុកតម្កើងលេខ ២៥ (២៤), ៤-៩ បទពាក្យ ៧
| ៤ | ឱព្រះអម្ចាស់ទូលបង្គំ | សូមជួយណែនាំនិងបង្រៀន | |
| ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន | វិសុទ្ធហួសស្មាននៃព្រះអង្គ | ។ |
| ៥ | សូមជួយអប់រំខ្ញុំឱ្យរស់ | តាមក្តីពិតស្មោះព្រះអង្គផង | |
| ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង | សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ | ។ |
| ៦ | ឱព្រះអម្ចាស់សូមកុំភ្លេច | ចាំជាប់ជានិច្ចពេញព្រះទ័យ | |
| ដែលធ្លាប់អាណិតពន់ពេកក្រៃ | ករុណាប្រណីខ្ញុំជានិច្ច | ។ |
| ៧ | សូមបំភ្លេចបាបនិងកំហុស | ដែលខ្ញុំមានទោះច្រើនឬតិច | |
| នៅពីក្មេងខ្ចីសូមបំភ្លេច | ទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា | ។ |
| ៨ | ព្រះអម្ចាស់មានព្រះហឫទ័យ | សប្បុរសពេកក្រៃករុណា | |
| សូមជួយបង្ហាញពីមាគ៌ា | មនុស្សបាបរាល់គ្នាបានស្គាល់ផង | ។ |
| ៩ | ព្រះអង្គនាំមនុស្សដែលមានចិត្ត | សុភាពសុចរិតតាមគន្លង | |
| មាគ៌ាត្រឹមត្រូវល្អផូរផង់ | មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៧,២៩-៣១
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមជម្រាបបងប្អូនថា ពេលកំណត់កាន់តែកៀកណាស់ទៅហើយ។ ពីពេលនេះតទៅមុខ អស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ អស់អ្នកដែលយំសោកដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញទ្រព្យ ដូចជាមិនមែនម្ចាស់ទ្រព្យ ហើយអស់អ្នកដែលប្រើប្រាស់សម្បត្តិលោកីយ៍ក៏ត្រូវកាន់ចិត្តដូចជាមិនប្រើប្រាស់សម្បត្តិលោកីយ៍នោះដែរ ដ្បិតពិភពលោកនេះចេះតែប្រែប្រួលទៅ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយ។ ចូរនាំគ្នាប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,១៤-២០
ក្រោយពេលដែលគេចាប់លោកយ៉ូហានបាទីស្តយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះជាមា្ចស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។ កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញលោកស៊ីម៉ូន និងលោកអន់ដ្រេជាប្អូនរបស់គាត់កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឱ្យនេសាទមនុស្សវិញ»។ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម ដើរតាមព្រះអង្គទៅ។ កាលព្រះយេស៊ូយាងទៅមុខបន្តិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូក អ្នកទាំងពីរជាកូនលោកសេបេដេ។ ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេទុកឪពុកឱ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល ហើយក៏ដើរតាមព្រះយេស៊ូទៅ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតា! យើងខ្ញុំសូមថ្វាយនំ និងស្រានេះ ទុកជានិមិត្តរូបនៃកិច្ចការដែលយើងខ្ញុំបានប្រព្រឹត្តក្នុងអាទិត្យនេះ និងជានិមិត្តរូបនៃកិច្ចការរបស់មនុស្សលោកទាំងមូល សម្រាប់ការចិញ្ចឹមជីវិតផង។ សូមទ្រង់ព្រះមេត្តាប្រោសមនុស្សគ្រប់ជាតិសាសន៍ ឱ្យចូលរួមជាធ្លុងតែមួយ ដោយមានព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំជួយឧបត្ថម្ភផង។ ព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រទានព្រះកាយនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ ព្រះអង្គក៏ផ្ញើដំណឹងល្អអំពីការសង្គ្រោះទុកឱ្យព្រះសហគមន៍ ដើម្បីនាំដំណឹងល្អនេះដល់មនុស្សលោកសព្វថ្ងៃដែរ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណយាងមកបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យបំពេញមុខងាររៀងៗខ្លួនតាមព្រះហឫទ័យរបស់ព្រះអង្គជារៀងរាល់ថ្ងៃផង។
657 Views
Post Views:
665