ថ្ងៃអាទិត្យ អាទិត្យទី០៣
រដូវបុណ្យចម្លង ឆ្នាំ«ក»
ពណ៌ស
ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសព្រះយេស៊ូទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ព្រះអង្គក៏ប្រោសយើងខ្ញុំឱ្យមានកិត្តិយសជាបុត្រធីតារបស់ព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។ សូមប្រោសយើងខ្ញុំអាចឱ្យរស់នៅតាមឋានៈដ៏ថ្លៃថ្នូររបស់ខ្លួនផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២,១៤.២២-៣២
នៅបុណ្យថ្ងៃទីហាសិប លោកសិលាឈរជាមួយគ្រីស្តទូតដប់មួយនាក់ ហើយមានប្រសាសន៍ទៅកាន់បណ្តាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្តាប់ពាក្យរបស់ខ្ញុំ។ ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗនៅកណ្តាលចំណោមបងប្អូនតាមរយៈលោក ដូចបងប្អូនជ្រាបស្រាប់ហើយ។ បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះ ទៅឱ្យពួកជនពាលឥតសាសនាឆ្កាងលោក ដូចព្រះជាម្ចាស់ទ្រង់ញាណ ហើយបានកំណត់ទុក។ ព្រះជាម្ចាស់បានប្រោសលោកក្រោកឈរឡើង ទ្រង់ដោះលែងលោកឱ្យរួចពីទុក្ខលំបាកនៃសេចក្តីស្លាប់ ព្រោះសេចក្តីស្លាប់មិនអាចឃុំលោកទុកបានឡើយ។ ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា “ទូលបង្គំបានឃើញព្រះអម្ចាស់នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ មិនឱ្យទូលបង្គំត្រូវញាប់ញ័រឡើយ។ ហេតុនេះហើយ បានជាចិត្តទូលបង្គំរីករាយ ទូលបង្គំពោលពាក្យដោយអំណរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ទូលបង្គំក៏នឹងសម្រាកដោយសេចក្តីសង្ឃឹមដែរ ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្តោយឱ្យសពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ។ ព្រះអង្គបានបង្ហាញឱ្យទូលបង្គំស្គាល់ផ្លូវឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានឱ្យទូលបង្គំមានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ”។
បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឱ្យបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើងនោះថា ទ្រង់សោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពព្រះអង្គ រីឯផ្នូររបស់ព្រះអង្គ ក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។ ដោយព្រះបាទដាវីឌជាព្យាការី ទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយព្រះអង្គថា នឹងប្រទានឱ្យព្រះរាជវង្សមួយអង្គឡើងស្នងរាជ្យ។ ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនថា ព្រះគ្រីស្តមានព្រះជន្មថ្មីឡើង គឺទ្រង់មានរាជឱង្ការថា ព្រះជាម្ចាស់ពុំទុកព្រះគ្រីស្តចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកឱ្យព្រះសពព្រះអង្គត្រូវរលួយដែរ។ ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះឱ្យមានជីវិតថ្មីឡើង យើងខ្ញុំទាំងអស់គ្នាជាសាក្សី។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើងដោយឫទ្ធិបារមីរបស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតា តាមព្រះបន្ទូលសន្យា ហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញ បានឮស្រាប់»។
ទំនុកតម្កើងលេខ ១៦ (១៥),១.៥.៧-១១ បទពាក្យ ៧
| ១ | ឱ!ព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំសុំឱ្យសុខសាន្ដ | |
| ដ្បិតទូលបង្គំសុំផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ |
| ៥ | បពិត្រព្រះអម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
| មត៌កនៃខ្ញុំឥតក្លែងក្លាយ | ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា | ។ |
| ៧ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
| ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ |
| ៨ | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
| ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ |
| ៩ | ហេតុនេះបានជាខ្ញុំរីករាយ | ត្រេកអរសប្បាយបានល្ហែល្ហើយ | |
| ខ្ញុំបានសម្រាកកាយធូរស្បើយ | ដោយសុខសាន្តហើយផុតកង្វល់ | ។ |
| ១០ | ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ | ឱ្យរងទុក្ខធំស្លាប់សោតសល់ | |
| ព្រះអង្គក៏មិនបណ្តោយដល់ | សពបម្រើផ្ទាល់ស្អុយរលួយ | ។ |
| ១១ | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
| ដោយព្រះអង្គគង់នៅជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ |
| ដោយព្រះអង្គគង់នៅខាងស្តាំ | ជាប់ជាប្រចាំមិនជិនណាយ | |
| ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់សន្ដសិលា ១សល ១,១៧-២១
បងប្អូនជាទីស្រឡាញ់!
ប្រសិនបើបងប្អូនអង្វររកព្រះជាម្ចាស់ក្នុងឋានៈព្រះអង្គជាព្រះបិតា ចូររស់នៅដោយគោរពកោតខ្លាចព្រះអង្គ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតព្រះអង្គនឹងវិនិច្ឆ័យមនុស្សតាមអំពើដែលម្នាក់ៗបានប្រព្រឹត្តឥតរើសមុខនរណាឡើយ។ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនឱ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរសរបស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅដូចជាមាស់ប្រាក់ទេ គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ត ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។ ព្រះជាម្ចាស់បានជ្រើសតាំងព្រះគ្រីស្តមុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះអង្គឱ្យមនុស្សលោកឃើញនៅចុងក្រោយនេះ ព្រោះតែបងប្អូន។ តាមរយៈព្រះគ្រីស្ត បងប្អូនជឿលើព្រះជាម្ចាស់ដែលបានតើនព្រះអង្គឱ្យក្រោកឡើងពីចំណោមមនុស្សស្លាប់ ហើយប្រទានសិរីរុងរឿងមកព្រះអង្គ ដើម្បីឱ្យបងប្អូនមានជំនឿ និងមាន សង្ឃឹមលើព្រះជាម្ចាស់។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២៤,៣២
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! សូមព្រះអង្គបកស្រាយគម្ពីរយើងខ្ញុំផង! សូមឱ្យយើងខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២៤,១៣-៣៥
បីថ្ងៃក្រោយពីព្រះយេស៊ូសោយទិវង្គត មានសាវ័កពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមអេម៉ាអ៊ូស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ គេនិយាយគ្នាអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាន។ នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះយេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។ គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គបានឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្តើរជជែកគ្នាបណ្តើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។ ម្នាក់ឈ្មោះ ក្លេអូប៉ាសទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹមដឹងហេតុការណ៍ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្តេចក៏លោកមិនដឹង?»។ ព្រះអង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូជាអ្នកភូមិណាសារ៉ែត។ ព្រះជាម្ចាស់និងប្រជាជនទាំងមូលទទួលស្គាល់ថា លោកជាព្យាការីម្នាក់មានឫទ្ធានុភាពក្នុងគ្រប់កិច្ចការដែលលោកបានធ្វើ និងគ្រប់ពាក្យសំដីដែលលោកបានថ្លែង។ ពួកនាយកបូជាចារ្យ និងពួកមន្រ្តីរបស់យើងបានបញ្ជូនលោកទៅឱ្យគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។ យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។ មានស្រ្តីខ្លះក្នុងចំណោមពួកយើងបានធ្វើឱ្យយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរតាំងពីព្រលឹម តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញរៀបរាប់ថា នាងបានឃើញទេវទូតដែលប្រាប់ថាលោកមានជីវិត។ មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្រ្តីទាំងនោះនិយាយមែន ប៉ុន្តែ ពុំមាននរណាបានឃើញលោកសោះ»។ ព្រះយេស៊ូមាន ព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មានដែលពួកព្យាការីបានថ្លែងនោះទេ!។ ព្រះគ្រីស្តត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ»។ បន្ទាប់មក ព្រះយេស៊ូបកស្រាយសេចក្តីដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ដោយចាប់ផ្តើមពីគម្ពីរលោកម៉ូសេ រហូតដល់គម្ពីរព្យាការីទាំងអស់។ លុះមកជិតដល់ភូមិដែលសាវ័កទាំងពីរបម្រុងនឹងទៅព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្តទៅមុខទៀត។ គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង»។ ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។ ព្រះអង្គគង់រួមតុជាមួយគេ យកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឱ្យគេ។ ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្តែព្រះអង្គបាត់ពី មុខគេទៅ។ គេនិយាយគ្នាថា៖«កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើង ព្រមទាំង បកស្រាយគម្ពីរឱ្យយើងស្តាប់នៅតាមផ្លូវ យើងមានចិត្តរំភើបយ៉ាងខ្លាំង!»។ គេក៏ក្រោកឡើងវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាម ឃើញក្រុមសាវ័កទាំងដប់មួយនាក់ នៅជុំគ្នាជាមួយពួកគេឯទៀតៗ គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មថ្មីដ៏រុងរឿងពិតប្រាកដមែន! ហើយឱ្យស៊ីម៉ូនឃើញព្រះអង្គបង្ហាញខ្លួន!»។ សាវ័កទាំងពីរនាក់រៀបរាប់ហេតុការណ៍ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គនៅពេលព្រះអង្គកាច់នំប៉័ង។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយពីព្រះសហគមន៍។ ព្រះអង្គបានប្រោសឱ្យយើងខ្ញុំរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលបូជាព្រះជន្ម សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំរួមរស់ជាមួយព្រះអង្គនៅស្ថានបរមសុខអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាចនៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យទទួលជីវិតថ្មីដោយសារជំនឿ និងដោយសារអគ្គសញ្ញានានា។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំជានិច្ច ឱ្យសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូគ្រីស្តគ្រប់ពេលវេលា សូមណែនាំយើងខ្ញុំឱ្យបានសិរីរុងរឿងរួមជាមួយព្រះអង្គផង។
511 Views
Post Views:
523