ថ្ងៃអាទិត្យ អាទិត្យទី០៣
រដូវបុណ្យចម្លង«ឆ្នាំខ»
ពណ៌ស
ថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសព្រះយេស៊ូទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ព្រះអង្គក៏ប្រោសយើងខ្ញុំឱ្យមានកិត្តិយសជាបុត្រធីតារបស់ព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។ សូមប្រោសយើងខ្ញុំអាចឱ្យរស់នៅតាមឋានៈដ៏ថ្លៃថ្នូររបស់ខ្លួនផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៣,១៣-១៥.១៧-១៩
លោកសិលាមានប្រសាសន៍ទៅកាន់បណ្តាជនថា៖ «សូមជម្រាបមកបងប្អូនអ៊ីស្រាអែលថា ព្រះរបស់លោកអប្រាហាំ របស់លោកអ៊ីសាក និងរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកព្រះយេស៊ូ ជាអ្នកបម្រើព្រះអង្គ។ បងប្អូនបានចាប់បញ្ជូនព្រះយេស៊ូទៅឱ្យគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់ព្រះអង្គនៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងព្រះអង្គទៀតផង។ បងប្អូនបានបដិសេធមិនទទួលស្គាល់អ្នកដ៏វិសុទ្ធ អ្នកដ៏សុចរិត ហើយបែរជាទាមទារសុំឱ្យគេដោះលែងឃាតករទៅវិញ។ បងប្អូនបានឱ្យគេធ្វើគុតម្ចាស់នៃជីវិត ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសឱ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។ បងប្អូនអើយ ខ្ញុំដឹងថា បងប្អូនបានប្រព្រឹត្តដូច្នេះ ទាំងមិនដឹងខ្លួន ដូចពួកនាម៉ឺនរបស់បងប្អូនដែរ។ ប៉ុន្តែ ព្រះជាម្ចាស់បានធ្វើឱ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្តីដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថា ព្រះគ្រីស្តរបស់ព្រះអង្គត្រូវតែរងទុក្ខលំបាក។ ហេតុនេះ សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីឱ្យព្រះអង្គលុបបំបាត់បាបរបស់បងប្អូន»។
ទំនុកតម្កើងលេខ ៤, ២.៧.៩ បទពាក្យ ៧
| ២ | ឱ!ព្រះអម្ចាស់ថ្លៃបវរ | ដែលរកយុត្តិធម៌ឱ្យយើងខ្ញុំ | |
| ពេលទូលបង្គំអង្វរសុំ | សូមតបមកខ្ញុំកុំបង្អង់ | ។ |
| ពេលយើងខ្ញុំមានទុក្ខធុរៈ | ព្រះអង្គថ្នាក់ថ្នមមិនឱ្យឆ្គង | |
| យើងបានធូរស្បើយផុតសៅហ្មង | សូមសណ្តាប់ផងដោយមេត | ។ |
| ៧ | មានមនុស្សជាច្រើនតែងពោលថា | តើមាននរណានាំតម្រង់ | |
| សុភមង្គលដ៏ត្រចង | ឱ្យយើងខ្ញុំផងសូមទតចុះ | ។ |
| ៩ | ពេលទូលបង្គំចូលដំណេក | ទូលបង្គំដេកស្កប់កាយា | |
| ព្រះអង្គឱ្យមនុស្សក្នុងលោកា | បានសុខរមនាតទៅអើយ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតយ៉ូហាន ១យហ ២,១-៥
ម្នាលកូនចៅទាំងឡាយអើយ! ខ្ញុំសរសេរសេចក្តីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឱ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះជួយការពារមួយព្រះអង្គគង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រីស្តដ៏សុចរិត។ ព្រះអង្គបានបូជាព្រះជន្មដើម្បីលោះយើងឱ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។ ប្រសិនបើយើងកាន់តាមវិន័យរបស់ព្រះអង្គនោះ ទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។ អ្នកណាពោលថា៖ “ខ្ញុំស្គាល់ព្រះអង្គហើយ” តែមិនកាន់តាមវិន័យរបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្តីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។ រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះគ្រប់លក្ខណៈមែន។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ បង្ហាញព្រះអង្គឱ្យក្រុមគ្រីស្តទូតឃើញ ហើយទ្រង់ប្រទានសេចក្តីសុខឱ្យអស់លោកផង។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២៤,៣៥-៤៨
សាវ័កទាំងពីរនាក់ដែលត្រឡប់ពីភូមិអេម៉ាអ៊ូស រៀបរាប់ហេតុការណ៍ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គនៅពេលព្រះអង្គកាច់នំប៉័ង។ នៅពេលសាវ័កទាំងពីរនាក់កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្តាលចំណោមសាវ័កទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្ត»។ គេភ័យតក់ស្លុតញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្តដូច្នេះ? ម្តេចក៏អ្នករាល់គ្នានៅសង្ស័យ? ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន! ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់ គ្មានឆ្អឹងដូចខ្ញុំទេ»។ ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះហស្ត និងព្រះ បាទាគេឱ្យឃើញ។ សាវ័កពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផងហើយងឿងឆ្ងល់ផង។ ដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។ គេយកត្រីអាំងមួយដុំមកថ្វាយព្រះអង្គ ព្រះអង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្តីទាំងអស់ដែលមានចែងទុកអំពីខ្ញុំក្នុងគម្ពីរធម្មវិន័យរបស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី និងក្នុងគម្ពីរទំនុកតម្កើង ត្រូវតែកើតមាន»។ ព្រះអង្គក៏បំភ្លឺចិត្តគំនិតគេឱ្យយល់អត្ថន័យគម្ពីរ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះត្រូវតែកើតឡើង ស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរ គឺព្រះគ្រីស្តត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទីបី ត្រូវតើនឱ្យក្រោកពីចំណោមមនុស្សស្លាប់។ អ្នករាល់គ្នាត្រូវប្រកាសក្នុងព្រះនាមព្រះអង្គឱ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្តគំនិត ដើម្បីឱ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុង យេរូសាឡឹមតទៅ។ អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយពីព្រះសហគមន៍។ ព្រះអង្គបានប្រោសឱ្យយើងខ្ញុំរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលបូជាព្រះជន្ម សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំរួមរស់ជាមួយព្រះអង្គនៅស្ថានបរមសុខអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាចនៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យទទួលជីវិតថ្មីដោយសារជំនឿ និងដោយសារអគ្គសញ្ញានានា។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំជានិច្ច ឱ្យសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូគ្រីស្តគ្រប់ពេលវេលា សូមណែនាំយើងខ្ញុំឱ្យបានសិរីរុងរឿងរួមជាមួយព្រះអង្គផង។
417 Views
Post Views:
430