ថ្ងៃអាទិត្យ អាទិត្យទី០២
សប្តាហ៍នៃព្រះហឫទ័យមេត្តាករុណា
«ឆ្នាំខ»
ពណ៌ស
ថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០២៤
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែងហួសពីការស្មាន! សូមព្រះអង្គទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ កុំឱ្យមានចិត្តសង្ស័យឡើយ។ សូមប្រោសយើងខ្ញុំឱ្យយល់កាន់តែច្បាស់អំពីអត្ថន័យអគ្គសញ្ញាជ្រមុជទឹក ដែលបានជម្រះយើងខ្ញុំអំពីព្រះវិញ្ញាណដែលប្រទានជីវិតថ្មីឱ្យយើងខ្ញុំ និងអំពីព្រះលោហិតដ៏ប្រសើរ ដែលបានរំដោះយើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៤,៣២-៣៥
អ្នកជឿទាំងអម្បាលម៉ានមានចិត្តថ្លើមតែមួយ គ្មានអ្នកណាម្នាក់នឹកគិតថា ទ្រព្យសម្បត្តិដែលខ្លួនមានជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្តិរួមទាំងអស់។ ក្រុមគ្រីស្តទូតបានប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយនាំគ្នាផ្តល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូទទួលព្រះជន្មថ្មី។ ព្រះជាម្ចាស់ទ្រង់សម្តែងព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់ ដល់ពួកគេទាំងអស់គ្នា។ ក្នុងចំណោមពួកគេ គ្មាននរណាខ្វះខាតអ្វីឡើយ។ អស់អ្នកដែលមានដីធ្លីឬផ្ទះសំបែង នាំគ្នាលក់ដីធ្លី និងផ្ទះនោះ យកប្រាក់មកជូនក្រុមគ្រីស្តទូត។ បន្ទាប់មក អ្នកជឿទាំងអស់ទទួលចំណែកតាមសេចក្តីត្រូវការរៀងៗខ្លួន។
ទំនុកតម្កើងលេខ ១១៨ (១១៧),១.៤.៨-៩.២២.២៨-២៩ បទពាក្យ ៧
| ១ | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះទ័យថ្លៃ | |
| សប្បុរសករុណាត្រាប្រណី | ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ | ។ |
| ៤ | អស់អ្នកគោរពកោតខ្លាចព្រះ | ក៏ត្រូវប្រកាសឱ្យក្តែងៗ | |
| ដូចអុីស្រាអែលកុំបីក្រែង | ហឫទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ | ។ |
| ៨ | មានសង្ឃឹមជ្រកនិងពឹងពាក់ | មានជំនឿជាក់និងបំណង | |
| លើព្រះម្ចាស់ប្រសើរកន្លង | ជាងពឹងផ្អែកនឹងមនុស្សក្បាលខ្មៅ | ។ |
| ៩ | មានសង្ឃឹមជ្រកនិងពាក់ពឹង | មានជំនឿរឹងមាំទាំទៅ | |
| លើព្រះអម្ចាស់ទើបត្រឹមត្រូវ | ជាងយើងពឹងទៅលើអ្នកធំ | ។ |
| ២២ | ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ | ប្រែជារឹងមាំបែរជាកល់ | |
| ជើងសសរផ្ទះមាំឥតខ្វល | ល្បីល្បាញឮដល់សព្វជាតិសាសន | ។ |
| ២៨ | ព្រះអង្គជាព្រះទូលបង្គំ | ផ្តល់ក្តីសុខដុមឥតមានអាក់ | |
| ខ្ញុំសូមតម្កើងដោយស្មោះស្ម័គ | ដោយការជឿជាក់អស់ពីចិត្ត | ។ |
| ២៩ | ចូរលើកតម្កើងព្រះអម្ចាស់ | ដ្បិតទ្រង់មានព្រះទ័យអាណិត | |
| សប្បុរសករុណាត្រង់សុចរិត | អស់កល្បស្ថេរស្ថិតរហូតទៅ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៥,១-៦
អ្នកណាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។ ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និងប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្រធីតារបស់ព្រះជាម្ចាស់។ យើងមានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមវិន័យរបស់ព្រះអង្គ។ វិន័យរបស់ព្រះអង្គមិនតឹងតែងទេ ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់ សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយដែលបានឈ្នះលោកីយ៍។ តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះយេស៊ូគ្រីស្តនេះហើយដែលបានយាងមកក្នុងលោកនេះ ដោយទឹក និងលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងលោហិតផង។ ព្រះវិញ្ញាណបានផ្តល់សក្ខីភាពថា សេចក្តីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្តីពិត។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ២០,២៩
អាលេលូយ៉ា! អាលេលូយ៉ា!
លោកថូម៉ាសបានឃើញព្រះអម្ចាស់ ហើយបានជឿ។ អ្នកជឿដោយឥតបានឃើញ ពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,១៩-៣១
នៅល្ងាចថ្ងៃអាទិត្យក្រោយព្រះយេស៊ូសោយទិវង្គត ក្រុមសាវ័កនៅក្នុងផ្ទះ ខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្តាលចំណោមពួកគេ ហើយមានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ត និងនៅត្រង់ឆ្អឹងជំនីរឱ្យគេឃើញផង។ ក្រុមសាវ័កសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖«សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត! ដូចព្រះបិតាបានចាត់ខ្ញុំឱ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅយ៉ាងនោះដែរ»។ បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖«ចូរទទួលព្រះវិញ្ញាណ!។ បើអ្នករាល់គ្នាលើកលែងទោសអ្នកនោះឱ្យរួចពីបាប ព្រះជាម្ចាស់ ក៏នឹងលើកលែងទោសអ្នកនោះឱ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។ កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាសហៅឌីឌីម ជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំងដប់ពីរមិនបាននៅជាមួយពួកគេទេ។ សាវ័កឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្តែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។ ប្រាំបីថ្ងៃក្រោយមក ក្រុមសាវ័កជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ទ្វារផ្ទះខ្ទាស់ជាប់ ព្រះយេស៊ូយាងមកឈរនៅកណ្តាលចំណោមពួកគេទាំងមានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តី សុខសាន្ត!»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ។ លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គលហើយ!»។ ព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើនទៀតឱ្យក្រុមសាវ័កឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។ រីឯសេចក្តីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឱ្យអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយឱ្យអ្នករាល់គ្នាដែលជឿមានជីវិតដោយរួមជាមួយព្រះអង្គ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយពីយើងខ្ញុំទាំងអស់គ្នាជាបុត្រធីតាដែលកើតជាថ្មី ដោយរួមជាមួយព្រះគ្រីស្ត។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមនឹងសក្ការបូជារបស់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាចនៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គប្រោសយើងខ្ញុំឱ្យទទួលជីវិតថ្មី ដោយយើងខ្ញុំជឿលើព្រះបុត្រាដែលសោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណព្រះអង្គយាងមកប្រែចិត្តគំនិតយើងខ្ញុំ ឱ្យអាចរស់នៅតាមឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គផង។
263 Views
Post Views:
266