ថ្ងៃអាទិត្យ​ អាទិត្យទី០២
រដូវអប់រំពិសេស
ពណ៌ស្វាយ

ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥

ថ្ងៃអាទិត្យទី ២ ក្នុងរដូវអប់រំពិសេស

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករឭកពីលោកអប្រាហាំ ជាបុព្វបុរសរបស់យើងខាងជំនឿ ព្រះជាម្ចាស់ត្រាស់ហៅយើងខ្ញុំដូចទ្រង់ត្រាស់ហៅលោកពីដើម។ ដោយព្រះអង្គមានព្រះបន្ទូលសន្យាមកលោកអប្រាហាំ ទ្រង់ក៏មានព្រះបន្ទូលសន្យាមកយើងផ្ទាល់ដែរ។ យើងក៏ត្រូវផ្ញើជីវិតទាំងស្រុងលើព្រះអង្គដែលយើងស្រឡាញ់លើសអ្វីៗទាំងអស់!
ថ្ងៃអាទិត្យនេះ យើងក៏នាំគ្នារំឭកអំពីព្រះយេស៊ូបញ្ចេញរស្មីពណ្ណរាយ មុនពេលព្រះអង្គសោយទិវង្គតយ៉ាងសែនអាម៉ាស់។ ជំនឿធ្វើឱ្យយើងយល់អត្ថន័យអាថ៌កំបាំងនៃជីវិតរបស់ខ្លួន ជាពិសេសឱ្យយល់អំពីទុក្ខវេទនារបស់មនុស្ស។ យើងទទួលស្គាល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់មនុស្សគ្រប់ជាតិសាសន៍ ទាំងអ្នកមាន ទាំងអ្នកក្រ ដែលសុទ្ធតែជារូបតំណាងរបស់ព្រះជាម្ចាស់ក្នុងពិភពលោកនេះ។ យើងក៏យកចិត្តទុកដាក់បំបាត់មូលហេតុទាំងឡាយដែលបង្អាប់កិត្តិយសរបស់មនុស្សដែរ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គ​ចាត់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ឱ្យធ្វើជាព្រះបន្ទូលរបស់ព្រះអង្គក្នុងលោក​នេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ស្តាប់សេចក្តីដែលព្រះអង្គ​មានព្រះបន្ទូលមកយើងខ្ញុំតាមរយៈអ្នកដទៃ និងតាមរយៈព្រឹត្តិការណ៍នានាប្រចាំជីវិត​យើងខ្ញុំ។ សូមពង្រឹងជំនឿយើងខ្ញុំ ឱ្យទទួលស្គាល់សិរីរុងរឿងរបស់ព្រះគ្រីស្តដែលមាន​ព្រះជន្មគង់នៅជាមួយយើងខ្ញុំសព្វថ្ងៃនេះផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយ​រាជ្យអស់កល្បជាអង្វែងតរៀងទៅ។

អត្ថបទទី ១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៥,៥-១២.១៧-១៨

ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំក្នុងសុបិននិម្មិត រួចព្រះអង្គនាំលោកចេញទៅក្រៅជំរំ ហើយមានព្រះបន្ទូលថា៖ «ចូរ​ងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍! តើអ្នកអាចរាប់អស់បានឬទេ? ផ្កាយនៅលើមេឃមានចំនួនច្រើនយ៉ាងណា​ពូជពង្សអ្នកក៏នឹងមានចំនួនច្រើនយ៉ាងនោះដែរ»។ លោកអប្រាហាំជឿលើព្រះអម្ចាស់ ហើយព្រះអង្គប្រោសលោកឱ្យបានសុចរិត ដោយយល់ដល់ជំនឿនេះ។ រួចព្រះអង្គមានព្រះបន្ទូលមកលោកទៀតថា៖ «យើងនេះជាព្រះអម្ចាស់ដែលបាននាំអ្នកចេញពីក្រុងអួរនៅស្រុកកាល់ដេមក ដើម្បីប្រគល់ស្រុកនេះឱ្យអ្នកធ្វើជាកម្មសិទ្ធិ»។ លោកអប្រាហាំឆ្លើយតបថា៖ «បពិត្រព្រះជាម្ចាស់! តើធ្វើម្តេចខ្ញុំដឹងថា ខ្ញុំពិតជានឹងបានស្រុកនេះធ្វើជាកម្មសិទ្ធិមែន?»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ចូរយកគោញីជំទង់មួយអាយុបីខួប ពពែញីមួយអាយុបីខួប ចៀមឈ្មោលមួយអាយុបីខួប លលកមួយ និងកូនព្រាបមួយមកឱ្យយើង»។ លោកអប្រាហាំក៏យកសត្វទាំងនោះមក​ពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែលោកមិនបានពុះសត្វស្លាបទេ។ ពេលនោះ មានត្មាតមកឆក់សាច់សត្វទាំងនោះ តែលោកអប្រាហាំដេញ​វា។ នៅពេលថ្ងៃជិតលិច លោកអប្រាហាំលង់លក់ដូចត្រូវសណ្តំ ហើយព្រឺខ្លាចជាខ្លាំងដោយមានភាពងងឹតមកគ្របដណ្តប់ពីលើគាត់។ លុះដល់ថ្ងៃលិចផុតទៅ មេឃងងឹតសូន្យសុងស្រាប់តែមានគប់ភ្លើងមួយហុយផ្សែងឡើង និងចន្លុះមួយកំពុងឆេះកាត់តាមចន្លោះដុំសាច់សត្វដែលពុះជាពីរនោះ។ នៅថ្ងៃនោះ ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយលោកអប្រាហាំ ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឱ្យពូជពង្សអ្នក»។

ទំនុកតម្កើងលេខ ២៧ (២៦),១.៧-៩.១៣-១៤ បទពាក្យ ៧

ព្រះអម្ចាស់ទ្រង់ជាពន្លឺនាមល្បីរន្ទឺព្រះសង្គ្រោះ
មិនឱ្យខ្ញុំខ្លាចនរណាសោះជាកំពែងខ្ពស់ជួយជីវិត
ឱ! ព្រះម្ចាស់អើយសូមសណ្តាប់ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង
អាណិតឆ្លើយតបកុំឆ្មៃឆ្មើងមកខ្ញុំវិញផងកុំកន្តើយ
៨​ខ្ញុំនឹកទៅដល់ព្រះបន្ទូលព្រះអង្គថ្លែងពោលទុកមកហើយ
ចូរស្វែងរកយើងនឹងបានស្បើយខ្ញុំមិនព្រងើយស្វែងរកភក្ត្រ
សូមទ្រង់អាណិតដល់រូបខ្ញុំកុំពួនសំងំនៅលួចលាក់
កុំព្រះពិរោធកុំអន់អាក់កុំបណ្តេញអ្នកបម្រើចោល
ព្រះអង្គសង្គ្រោះទូលបង្គំកុំទុករូបខ្ញុំនៅតែលតោល
ឱ! ព្រះសង្គ្រោះដូចស្រមោលកុំទុកខ្ញុំចោលដូច្នេះណា
១៣ខ្ញុំជឿជាក់ថាខ្ញុំនឹងបានឃើញសុខក្សេមក្សាន្តមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅក្នុងលោកតទៅជាមិនខាន
១៤ចូរទុកចិត្តលើព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាននោះអ្នកនឹងមានសុខមង្គល

អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ភល ៣,១៧-៤,១

បងប្អូនជាទីស្រឡាញ់!
ចូរយកតម្រាប់តាមខ្ញុំ។ ចូរសម្លឹងមើលអស់អ្នកដែលរស់នៅស្របតាមគំរូដែលយើងបានដាក់ឱ្យបងប្អូនឃើញនោះ។ ខ្ញុំធ្លាប់ជម្រាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជម្រាបបងប្អូនទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រីស្ត។ ដល់ទីបំផុត អ្នកទាំងនោះត្រូវវិនាសអន្តរាយ គេយកក្រពះធ្វើជាព្រះ យកកេរ្តិ៍ខ្មាសធ្វើជាកិតិ្តយស ហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។ រីឯយើងវិញ មាតុភូមិរបស់យើងនៅស្ថានបរមសុខ ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រីស្តដែលយាងមកពីស្ថាននោះ។ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះឱ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិប្ញទ្ធិដែលធ្វើឱ្យព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។
បងប្អូនជាទីស្រឡាញ់! ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់! បងប្អូនជាអំណរសប្បាយ និងជាកិតិ្តយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់! ចូរស្ថិតនៅឱ្យបានខ្ជាប់ខ្ជួនរួមជាមួយព្រះអម្ចាស់ ដូច្នេះតរៀងទៅ!។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៧,៥

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។
មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ “អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ!”។
សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,២៨-៣៦

ព្រះយេស៊ូនាំលោកសិលា លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំដើម្បីអធិដ្ឋាន។ ពេលកំពុងអធិដ្ឋាន ស្រាប់តែព្រះភក្ត្ររបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ត្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌ស ត្រចះត្រចង់។ ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និងព្យាការីអេលីសន្ទនាជាមួយព្រះយេស៊ូ។ លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរដែលព្រះអង្គត្រូវសោយទិវង្គតនៅក្រុងយេរូសាឡឹម។ លោកសិលា និងមិត្តភក្តិរបស់លោកសម្រាន្តលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និងឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។ កាលលោកម៉ូសេ និងព្យាការីអេលីកំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកសិលាទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់! យើងខ្ញុំនឹងសង់ពន្លាបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលី»។ លោកសិលាមានប្រសាសន៍ទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។ កាលលោកសិលាកំពុងតែមានប្រសាសន៍ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា ធ្វើឱ្យសាវ័កភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា ៖«អ្នកនេះជាបុត្រ ដែលយើងបានជ្រើសរើស ចូរស្តាប់ព្រះអង្គចុះ!»។ បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះ សាវ័កឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! កាលពីដើមលោកអប្រាហាំបានយកកូនដ៏ជាទីស្រឡាញ់មកថ្វាយព្រះអង្គ។ យើងខ្ញុំសូមយកកាយ វាចា ចិត្ត រួមជាមួយនំស្រានេះមកថ្វាយ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែល​មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! សូម​អរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ គឺព្រះបុត្រាហ្នឹងហើយ ដែលបញ្ចេញរស្មីពណ្ណរាយនៅលើភ្នំ ទ្រង់បង្ហាញសិរីរុងរឿងដែលទ្រង់នឹងបានទទួល ក្រោយពីបានសោយទិវង្គតយ៉ាងសែនអាម៉ាស់ ឱ្យសាវ័កឃើញ​ជាមុន។ ទ្រង់ប្រព្រឹត្តដូច្នេះ​ ដើម្បីបំភ្លឺយើងខ្ញុំឱ្យជឿថា ទុក្ខលំបាក​របស់យើងខ្ញុំ មុខតែនឹង​ប្រែទៅជាអំណរសប្បាយដ៏ពិតប្រាកដពុំខាន។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! “។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំស្គាល់គម្រោងការដ៏អស្ចារ្យនៃព្រះរាជ្យព្រះអង្គ! ព្រះអង្គក៏បានប្រោសប្រទានព្រះកាយ និងព្រះលោហិតនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ឱ្យយើងខ្ញុំចូលរួមជាមួយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យទទួលស្គាល់ឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គ និងរស់នៅឱ្យបានសមរម្យតាមឋានៈនោះផង។

472 Views

Theme: Overlay by Kaira