ថ្ងៃអាទិត្យ អាទិត្យទី០១
រដូវសែសិបថ្ងៃ ឆ្នាំ«ក»
ពណ៌ស្វាយ
ថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦
អាទិត្យទី០១ រដូវសែសិបថ្ងៃ
ក្នុងរដូវសែសិបថ្ងៃ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករំពឹងអំពីគម្រោងការដ៏អសា្ចរ្យរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហប្ញទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យមនុស្សលោក។ មនុស្សយើងមានតណ្ហាដែលជាកម្លាំងម៉្យាងធ្វើឱ្យជីវិតចម្រើនឡើងបាន។ តែតណ្ហានេះ ចេះតែដឹកនាំមនុស្សយើងឱ្យភ្លេចម្ចាស់របស់ខ្លួន ហើយបែរជាចង់ធ្វើម្ចាស់លើអ្វីៗទាំងអស់ (លោភៈ) មិនយល់អំពីអត្ថន័យជីវិតរបស់ខ្លួន និងជីវិតអ្នកដទៃ (មោហៈ) ហើយក៏មានបំណងជិះជាន់សង្កត់សង្កិនអ្នកដទៃដែរ (ទោសៈ)។ តាំងពីដើមរៀងមក មនុស្សលោកមានប្រជាជនអ៊ីស្រាអែលជាតំណាង បានបណ្តោយខ្លួនតាមតណ្ហានេះ។ ព្រះយេស៊ូពិតជាមនុស្សដូចយើង ព្រះអង្គក៏ជាតំណាងរបស់យើងដែរ។ ព្រះអង្គមិនបណ្តោយខ្លួនឱ្យទៅតាមតណ្ហាលោកីយ៍ទេ គឺបែរចិត្តគំនិតទៅព្រះបិតាក្នុងគ្រប់ការដែលព្រះអង្គបានប្រព្រឹត្ត។ ទ្រង់សព្វព្រះហប្ញទ័យទទួលស្គាល់ព្រះជាម្ចាស់ទុកជាម្ចាស់ជីវិត មិនសព្វព្រះហប្ញទ័យប្រើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ដើម្បីប្រយោជន៍ផ្ទាល់ព្រះអង្គទេ ហើយក៏មិនចង់បានអំណាចលើមនុស្សដែរ។ អ្នកនិពន្ធព្រះគម្ពីរ ពន្យល់សេចក្តីនេះដោយតំណាលអត្ថបទស្តីអំពីព្រះយេស៊ូផ្ចាញ់មារ។ ព្រះអង្គមានជ័យជម្នះលើតណ្ហា ហើយទ្រង់ក៏ប្រោសប្រទានឱ្យគ្រីស្តបរិស័ទមានជ័យជម្នះដូចព្រះអង្គដែរ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើតពិភពលោក កណ ២,៧-៩.៣,១-៧
ពេលព្រះជាអម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី ព្រះអង្គយកធូលីដីមកសូនធ្វើជារូបមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះ ស្រាប់តែមនុស្សមានជីវិតឡើយ។ ព្រះជាអម្ចាស់ដាំដំណាំធ្វើជាសួនឧទ្យានមួយនៅខាងកើតស្រុកអេដែន រួចព្រះអង្គយកមនុស្សដែលទ្រង់បានសូនទៅដាក់នៅទីនោះ។ ព្រះជាអម្ចាស់ធ្វើឱ្យដើមឈើគ្រប់មុខដុះចេញពីដីមកមានសម្រស់គួឱ្យទាក់ចិត្ត និងមានផ្លែឆ្ងាញ់ពិសាផង។ នៅកណ្តាលសួនឧទ្យានក៏មានដើមឈើដែលផ្តល់ជីវិត និងដើមឈើដែលនាំឱ្យស្គាល់ល្អ ស្គាល់អាក្រក់ដែរ។
ពស់ជាសត្វមួយមានកលល្បិចជាងគេក្នុងចំណោមសត្វព្រៃទាំងអស់ដែលព្រះជាអម្ចាស់បានបង្កើតមក។ វាពោលទៅកាន់ស្រ្តីថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនឧទ្យានមែនឬ?»។ ស្រ្តីឆ្លើយតបទៅពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន តែដើមឈើដែលសិ្ថតនៅកណ្តាលសួនឧទ្យានវិញ ព្រះជាម្ចាស់បានហាមថា កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ ពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន»។ ពស់ប្រាប់ស្រ្តីថា៖ «ទេ! អ្នកទាំងពីរមិនត្រូវស្លាប់ឡើយ! តែព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងភ្លឺ ហើយអ្នកនឹងបានដូចព្រះដែលស្គាល់ល្អ ស្គាល់អាក្រក់ជាមិនខាន»។ ស្រ្តីមើលទៅដើមឈើឃើញថា មានរសជាតិឆ្ងាញ់ពិសា ល្អគយគន់ ហើយអាចផ្តល់ឱ្យមានប្រាជ្ញាវាងវៃទៀតផង។ នាងក៏បេះផ្លែមួយមកបរិភោគ ព្រមទាំងចែកឱ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។ ពេលនោះស្រាប់តែភ្នែកអ្នកទាំងពីរភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ»។
ទំនុកតម្កើងលេខ ៥១ (៥០),៣-៦.១២-១៤,១៦ បទពាក្យ ៧
| ៣ | ឱ!ព្រះជាម្ចាស់ទូលបង្គំ | សូមលើកទោសខ្ញុំហើយមេត្តា | |
| តាមព្រះហប្ញទ័យករុណា | លើសលប់អស្ចារ្យព្រះអង្គផង | ។ |
| សូមលើកទោសឱ្យទូលបង្គំ | ផុតទុក្ខក្រៀមក្រំគ្រានេះម្តង | |
| ព្រះទ័យអាណិតអាសូរផង | ព្រោះតែព្រះអង្គឥតមានខ្ចោះ | ។ |
| ៤ | សូមជួយលុបលាងខ្ញុំឱ្យជ្រះ | ឱ្យស្អាតស្រឡះពីកំហុស | |
| ជួយជម្រះខ្ញុំស្អាតផងចុះ | ឱ្យបរិសុទ្ធអស់អំពើបាប | ។ |
| ៥ | ខ្ញុំដាក់ខ្លួនប្រាណសុំទទួល | ឥតមានប្រែប្រួលសុំសារភាព | |
| រូបទូលបង្គំបានសាងបាប | ដិតដក់នៅជាប់ក្នុងអារម្មណ៍ | ។ |
| ៦ | ខ្ញុំបានប្រព្រឹត្តអំពើទាស់ | ព្រះហប្ញទ័យស្មោះព្រះនៃខ្ញុំ | |
| ហើយប្រព្រឹត្តរឿងមិនសក្តិសម | ក្បត់ព្រះឧត្តមធ្វើពាលា | ។ |
| ទោះជាព្រះអង្គដាក់ទុក្ខទោស | ទៅតាមកំហុសខ្ញុំយ៉ាងណា | |
| ទ្រង់នៅសុចរិតបរិសុទ្ធថ្លា | ទោះជាម្តេចម្តាទ្រង់គ្មានខុស | ។ |
| ១២ | ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយប្រោសឱ្យបរិសុទ្ធ | |
| បង្កើតចិត្តថ្មីមាំមោះមុត | រឹងប៉ឹងបំផុតដល់ខ្ញុំផង | ។ |
| ១៣ | សូមកុំបោះបង់រូបខ្ញុំចោល | ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ | |
| កុំដកវិញ្ញាណដ៏ត្រចង់ | វិសុទ្ធព្រះអង្គពីខ្ញុំឡើយ | ។ |
| ១៤ | សូមប្រោសឱ្យខ្ញុំអរសប្បាយ | ព្រោះព្រះម្ចាស់ថ្លៃសង្រ្គោះហើយ | |
| សូមគាំទ្រខ្ញុំកុំកន្តើយ | ដោយប្រទានឱ្យធ្វើតាមផង | ។ |
| ១៦ | ឱ! ព្រះជាម្ចាស់ព្រះសង្រ្គោះ | សូមជួយរំដោះខ្ញុំពីស្លាប់ | |
| ខ្ញុំនឹងទន្ទេញប្រកាសប្រាប់ | សុចរិតគួរគាប់នៃព្រះអង្គ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៥,១២-១៩ (ឬយ៉ាងខ្លី ៥,១២.១៧-១៩)
បងប្អូនជាទីស្រលាញ់!
ដោយសារមនុស្សតែម្នាក់ គឺដោយសារលោកអាដាំ បាបបានចូលមកក្នុងពិភពលោក ហើយដោយសារបាប សេចក្តីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយ បានជាសេចក្តីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
មុនពេលមានធម្មវិន័យ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែព្រះជាម្ចាស់ពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានធម្មវិន័យនៅឡើយ។ ក៏ប៉ុន្តែ តាំងពីសម័យលោកអាដាំមកទល់នឹងសម័យលោកម៉ូសេ មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ ទោះបីគេពុំបានប្រព្រឹត្តបទល្មើសដូចលោកអាដាំក៏ដោយ។ លោកអាដាំជានិមិត្តរូបនៃព្រះគ្រីស្តដែលត្រូវយាងមកនោះ។ ប៉ុន្តែ កំហុសរបស់លោកអាដាំ និងព្រះអំណោយទានរបស់ព្រះជាម្ចាស់មានលទ្ធផលខុសគ្នាទាំងស្រុង គឺមនុស្សទូទៅត្រូវស្លាប់ ព្រោះកំហុសរបស់មនុស្សតែម្នាក់យ៉ាងណា ព្រះហប្ញទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់បានហូរមកលើមនុស្សទាំងអស់រិតតែបរិបូរណ៏យ៉ាងនោះដែរ។ ព្រះអង្គក៏ប្រទានព្រះអំណោយទាននៃការប្រណីសន្តោសនោះតាមរយៈមនុស្សម្នាក់ គឺដោយសារព្រះយេស៊ូគ្រីស្ត។ រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងអំពើបាបរបស់មនុស្សតែម្នាក់វិញ ក៏មានលទ្ធផលខុសគ្នាទាំងស្រុងដែរ គឺដោយសារកំហុសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោស រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់វិញ ធ្វើឱ្យមនុស្សបាន សុចរិត ទោះបីគេប្រព្រឹត្តខុសជាច្រើនយ៉ាងណាក៏ដោយ។
បើអានយ៉ាងខ្លី សូមអានពីនេះតទៅ
ព្រោះតែមនុស្សម្នាក់បានប្រព្រឹត្តខុស ហើយដោយសារមនុស្សតែម្នាក់នេះ មច្ចុរាជបានសោយរាជ្យ ចំណង់បើតាមរយៈព្រះយេស៊ូគ្រីស្តតែមួយព្រះអង្គវិញ អស់អ្នកដែលបានទទួលការប្រណីសន្តោសដ៏បរិបូណ៌លើសលប់ដែលប្រោសឱ្យគេបានសុចរិតនោះ និងរឹតតែសោយរាជ្យនៅក្នុងជីវិតថែមទៀតជាពុំខាន។ សរុបមក ដោយសារកំហុសរបស់មនុស្សតែម្នាក់ (គឺលោកអាដាំ) មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ក៏ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់ (គឺព្រះគ្រីស្ត) មនុស្សទាំងអស់បានសុចរិត និងទទួលជីវិតយ៉ាងនោះដែរ។ មនុស្សទាំងអស់ជាប់បាបដោយសារមនុស្សតែម្នាក់មិនបានស្តាប់បង្គាប់យ៉ាងណា ព្រះជាម្ចាស់ក៏នឹងប្រោសមនុស្សទាំងអស់ឱ្យបានសុចរិត ដោយសារមនុស្សតែម្នាក់បានស្តាប់បង្គាប់យ៉ាងនោះដែរ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
| ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត! ហើយធម្មវិន័យរបស់ព្រះអង្គរំដោះមនុស្សលោកដែរ។ |
| គ | មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់!។ |
| ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត! ហើយធម្មវិន័យរបស់ព្រះអង្គរំដោះមនុស្សលោកដែរ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៤,១-១១
ក្រោយពីព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថានឱ្យមារសាតាំងល្បួង។ បន្ទាប់ពីបានតមអាហារអស់រយៈពេលសែសិបថ្ងៃសែសិបយប់មក ព្រះអង្គឃ្លាន មេល្បួងចូលមកជិតព្រះអង្គ ហើយពោលថា៖ «ដោយលោកជាព្រះបុត្រា របស់ព្រះជាម្ចាស់ដូច្នេះ សូមធ្វើឱ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងព្រះគម្ពីរមានចែងថា មនុស្សមិនរស់ដោយសារអាហារតែប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់»។ ពេលនោះ មារនាំព្រះអង្គទៅក្រុងយេរ៉ូសាឡឹមជាក្រុងដ៏វិសុទ្ធ ដាក់ព្រះអង្គលើកំពូលព្រះវិហារ ហើយពោលថា៖ «ដោយលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ដូច្នេះ សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតក្នុងគម្ពីរមានចែងថា ព្រះជាម្ចាស់នឹងបញ្ជាឱ្យទេវទូតលាតដៃចាំទ្រលោក មិនឱ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «ក្នុងគម្ពីរមានចែងទៀតថា កុំល្បងលព្រះជាម្ចាស់ជាព្រះរបស់អ្នកឡើយ»។ មារក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយបង្ហាញនគរទាំងប៉ុន្មានក្នុងពិភពលោក ឱ្យព្រះអង្គឃើញភោគទ្រព្យរបស់នគរទាំងនោះផង។ មារទូលព្រះអង្គថា៖ «ប្រសិនបើលោកក្រោបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងប្រគល់អ្វីៗទាំងអស់នេះឱ្យ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «សាតាំង! ចូរថយចេញទៅ ដ្បិតក្នុងគម្ពីរមានចែងថា អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គប៉ុណ្ណោះ»។ ពេលនោះ មារចាកចេញពីព្រះអង្គទៅ ហើយមានពួកទេវទូតនាំគ្នាមកបម្រើព្រះអង្គ។
858 Views
Post Views:
898