អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២

អាទិត្យទី០៧ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា

សូមថ្លែងលិខិតគ្រីស្តទូតយ៉ាកុប យក ៥,១៣-២០

បងប្អូនជាទីស្រឡាញ់!
ក្នុងចំណោមបងប្អូន បើមាននរណាម្នាក់កើតទុក្ខលំបាក​ត្រូវឱ្យគាត់អធិដ្ឋាន បើមាននរណាអរសប្បាយ ត្រូវច្រៀងបទលើកតម្កើងព្រះ​ជាម្ចាស់។ ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ព្រះសហគមន៍មក ដើម្បីឱ្យលោកទាំងនោះអធិដ្ឋានឱ្យគាត់ និងលាបប្រេងឱ្យក្នុងព្រះនាមព្រះអម្ចាស់។ ពាក្យអធិដ្ឋានដែលផុសចេញមកពីជំនឿ នឹងសង្រ្គោះអ្នកជំងឺនោះ​ហើយព្រះអម្ចាស់នឹងប្រោសគាត់ឱ្យក្រោកឡើងវិញ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាបព្រះអង្គនឹងលើកលែងទោសឱ្យ។ ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក​ព្រមទាំងអធិដ្ឋានឱ្យគ្នាទៅវិញទៅមកផង ដើម្បីឱ្យបានជាសះស្បើយ។ ពាក្យទូលអង្វរ​របស់មនុស្សសុចរិត មានប្រសិទ្ធិភាពខ្លាំងណាស់។ ព្យាការីអេលីជាមនុស្សដូចយើងដែរលោកបានអធិដ្ឋានអស់ពីចិត្ត សុំកុំឱ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដីអស់រយៈពេលបីឆ្នាំប្រាំមួយខែ។ បន្ទាប់​មក លោកអធិដ្ឋានសាជាថ្មី មេឃក៏បង្អុរភ្លៀង​មក ហើយដីក៏បង្កើតភោគផលដែរ។
បងប្អូនអើយ! ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់បានវង្វេងចេញឆ្ងាយពីសេចក្តីពិត ហើយបើមានម្នាក់ទៀតនាំគាត់ឱ្យវិលត្រឡប់មកវិញតោងដឹងថា អ្នកដែលនាំមនុស្សបាបឱ្យងាកចេញពីមាគ៌ាដែលគេវង្វេងនោះ បានសង្រ្គោះជីវិតគេឱ្យរួចពី​ស្លាប់ ព្រមទាំងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់ផង។

ទំនុកតម្កើងលេខ ១៤១ (១៤០),១-៣.៨ បទកាកគតិ

ឱព្រះអម្ចាស់ខ្ញុំសូមប្រកាសទូលពាក្យអង្វរ
សូមផ្ទៀងព្រះកាណ៌ស្តាប់ស្នូរថ្ងួចថ្ងូរកុំបង្អង់យូរ
យាងមកជួយខ្ញុំ។
សូមឱ្យវាចាអធិដ្ឋានគ្រប់គ្រានៃទូលបង្គំ
បានឡើងទៅដល់ព្រះម្ចាស់ឧត្តមដូចផ្សែងហុយងំ
ពីគ្រឿងក្រអូប។
ទូលបង្គំលើកដៃអធិដ្ឋានរាល់ថ្ងៃដូចតង្វាយគាប់
ថ្វាយនៅពេលល្ងាចក្រអូបឈ្ងុយឈ្ងប់ជះក្លិនសាយសព្វ
ទៅគ្រប់ទិសា។
ឱព្រះអម្ចាស់សូមមេត្តាខ្ទាស់មាត់ខ្ញុំផងណា
កុំឱ្យនិយាយពាក្យដែលមុសាពោលមិនបានការ
ជាពាក្យអាក្រក់។
បពិត្រព្រះម្ចាស់ខ្ញុំខំប្រឹងណាស់សម្លឹងទៅឆ្ងាយ
រកព្រះជានិច្ចផ្ញើជីវិតកាយសូមកុំបណ្តោយ
ឱ្យខ្ញុំបាត់បង់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ
ព្រះអង្គសម្តែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១៣-១៦

មានមនុស្សម្នានាំក្មេងតូចៗមកឱ្យព្រះយេស៊ូដាក់ព្រះហស្តលើវា ប៉ុន្តែ ក្រុមសាវ័ក​ស្តីបន្ទោសអ្នកទាំងនោះ។ កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហប្ញទ័យ​ណាស់ ហើយមានព្រះបន្ទូលថា៖«ទុកឱ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូច​ក្មេងតូចមួយទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គបានឡើយ»។ បន្ទាប់មក​ព្រះអង្គឱបក្មេងទាំងនោះ ហើយប្រទានពរឱ្យពួកវា ដោយដាក់ព្រះហស្តពីលើ​​។

312 Views

Theme: Overlay by Kaira