អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២២
បុណ្យព្រះអម្ចាស់យេស៊ូប្រសូត
ពណ៌ស

បុណ្យព្រះយេស៊ូប្រសូត

ពាក្យ “ណូអែល” ជាពាក្យបារាំង មានន័យថា “កំណើត”។ តាមពិត គ្មាននរណាដឹងច្បាស់ថា ព្រះយេស៊ូប្រសូត្រនៅថ្ងៃណាទេ តែព្រះសហគមន៍បានសន្មតយកថ្ងៃ ២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុណ្យរំឭកថ្ងៃព្រះអង្គប្រសូត ព្រោះចាប់ពីថ្ងៃ ២៥ ធ្នូ តទៅពេលថ្ងៃកាន់តែវែងឡើងបន្តិចម្តងៗ ឯពេលយប់ក៏កាន់តែខ្លីបន្តិចម្តងៗទៅដែរ។ គ្រីស្តបរិស័ទសន្មតយកថ្ងៃ២៥ ធ្នូ ដូច្នេះ ដោយមានបំណងចង់គោរពព្រះយេស៊ូទុកជាពន្លឺដ៏ពិតប្រាកដ ដែលបំភ្លឺមនុស្សលោក។

ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត្រ គ្រីស្តបរិស័ទមិនគ្រាន់តែនាំគ្នាធ្វើបុណ្យរំឭកព្រឹត្តិការណ៍ដែលកើតមានឡើងកាលពីអតីតកាលនោះទេ គឺគេនាំគ្នារិះគិតអំពីអត្ថន័យ កំណើតរបស់ព្រះយេស៊ូនោះវិញ។

ព្រះយេស៊ូពិតជាមនុស្សធម្មតា ដែលស្គាល់សុខ ស្គាល់ទុក្ខ និងទទួលមរណភាពដូចមនុស្សយើងដែរ។ ប៉ុន្តែ ព្រះយេស៊ូក៏ពិតជាព្រះគ្រីស្ត និងពិតជាព្រះបុត្រានៃព្រះជាម្ចាស់ដែរ។ ដោយព្រះគ្រីស្តមានជីវភាពដូចមនុស្សយើងបេះបិទ ជីវភាពរបស់មនុស្សយើងក៏ទទួលអត្ថន័យថ្មី និងទទួលតម្លៃដ៏ថ្លៃថ្នូរបំផុត។ ព្រះអង្គរួមសាមគ្គីជាមួយមនុស្សយើង ទ្រង់បង្ហាញសេចក្តីស្រឡាញ់របស់ព្រះបិតាចំពោះមនុស្សលោក ហើយក៏ស្រឡាញ់ព្រះបិតាក្នុងនាមមនុស្សយើងដែរ។

ព្រះយេស៊ូយាងមកនាំផ្លូវមនុស្សលោក ឆ្ពោះទៅកាន់ព្រះបិតា។ ព្រះយេស៊ូយាងមកសំរុះសំរួលមនុស្សលោក ដែលទាស់ទែងគ្នា។ ព្រះយេស៊ូយាងមកបង្ហាញឱ្យដឹងថា មនុស្សគ្រប់ៗរូបមានកិត្តិយសខ្ពង់ខ្ពស់ ទោះខ្លួនជាអ្នកមានក្តី ជាអ្នកក្រក្តី ឬជាជាតិសាសន៍ណាក្តី ក៏ជីវិតមនុស្សយើងមានតម្លៃដ៏ថ្លៃថ្នូរបំផុតដែរ។ សព្វថ្ងៃនេះ ព្រះអង្គគង់នៅក្នុងពិភពលោកយើងនេះ។

អភិបូជានៅពេលយប់

ព្រះអម្ចាស់ប្រសូតជាមនុស្សដូចយើង! “ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយឱ្យមក“(យហ ៣,១៦)។ នេះជា ”ដំណឹងល្អ” ដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់ៗរូប!។

នៅយប់នេះ យើងជាគ្រីស្តបរិស័ទនាំគ្នាគោរពព្រះគ្រីស្តទុកជាពន្លឺ បំភ្លឺមនុស្សទាំងអស់ក្នុងពិភពលោកទាំងមូល។ ព្រះអង្គប្រទានឱ្យជីវិតយើងទទួលអត្ថន័យថ្មី និងតម្លៃថ្លៃថ្នូរជាទីបំផុត។ “ព្រះជាម្ចាស់ប្រសូតមកជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះជាម្ចាស់”(សន្តអ៊ីរេណេ)។

អត្ថបទទី
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៩,១-៦

ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច ហើយមានពន្លឺមួយលេចឡើង បំភ្លឺអស់អ្នកដែលរស់នៅក្រោមអំណាចនៃសេចក្តីស្លាប់។ បពិត្រព្រះអម្ចាស់! ព្រះអង្គប្រោសប្រទានឱ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងឱ្យគេមានអំណរដ៏លើសលប់។ គេនឹងសប្បាយរីករាយនៅចំពោះព្រះភក្ត្រព្រះអង្គ ដូចជាសប្បាយនៅរដូវចម្រូត។ ព្រះអង្គបំបាក់នឹមដែលខ្មាំងសត្រូវដាក់លើគេ ព្រះអង្គរំដោះគេឱ្យរួចពីការជិះជាន់សង្កត់សង្កិនរបស់ខ្មាំងសត្រូវ។ ដ្បិតមានព្រះរាជ្យបុត្រមួយអង្គប្រសូតមកសម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គមកយើងហើយ។ បុត្រនោះបានទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមព្រះអង្គថា “ព្រះដ៏គួរស្ងើចសរសើរ” “ព្រះដ៏ប្រកបដោយព្រះប្រាជ្ញាញាណ” “ព្រះដ៏មានតេជានុភាពអង់អាច” “ ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច” “ព្រះអម្ចាស់នៃសន្តិភាព”។ ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាចព្រះអង្គ នឹងធ្វើឱ្យរាជបល្ល័ង្ករបស់ព្រះបាទដាវីឌ និងនគររបស់ព្រះអង្គមានសេចក្តីសុខសាន្តរហូតទៅ។ ព្រះអង្គយកសេចក្តីសុចរិត និងយុត្តិធម៌មកពង្រឹងនគររបស់ព្រះអង្គឱ្យបានគង់វង្ស ចាប់ពីពេលនេះរហូតអស់កល្បជាអង្វែងតរៀងទៅ។ ព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់យ៉ាងខ្លាំងចំពោះយើង។

ទំនុកតម្កើងលេខ ៩៦,១-៣.១១-១៣ បទព្រហ្មគីតិ

១.ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភពច្រៀងកុំឈប់ថ្វាយព្រះអង្គ ។
២.ចូរច្រៀងថ្វាយព្រះម្ចាស់តម្កើងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផងពីបំណងដ៏ថ្លៃថ្លា ។
៣.ចូរប្រកាសនៅម្តុំចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរីព្រះហស្តថ្លៃដ៏អស្ចារ្យ ។
១១.សូមឱ្យអស់ផ្ទៃមេឃផែនដីស្រែកកុំសំចៃ
សមុទ្រមានទឹកប្រៃនិងអ្វីៗមានសង្ឃឹម ។
១២.ចូរឱ្យស្រែចម្ការអ្វីសព្វសារអរញញឹម
ឱ្យដើមឈើរេរាំលោតទន្ទ្រាំមុខព្រះម្ចាស់ ។
១៣.ដ្បិតព្រះអង្គយាងមកវិនិច្ឆ័យរកយុត្តិធម៌ណាស់
កាត់ក្តីប្រជាច្បាស់គ្មានក្រឡះដោយទៀងត្រង់ ។

អត្ថបទទី
សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនលោកទីតូស ទត ២,១១-១៤

ព្រះជាម្ចាស់បានសម្តែងព្រះហឫទ័យប្រណីសន្តោសមក ដើម្បីសង្គ្រោះមនុស្ស​ទាំង​អស់។​​ ព្រះហឫទ័យប្រណីសន្តោសនេះ អប់រំយើងឱ្យលះបង់ចិត្តដែលមិនចេះគោរពប្រណិប័តន៍​ព្រះ​ជាម្ចាស់ចោល ឱ្យលះបង់សេចក្តីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីឱ្យយើងរស់នៅក្នុងលោក​នេះដោយមានចិត្តធ្ងន់ សុចរិត និងគោរពប្រណិប័តន៍ព្រះជាម្ចាស់ ទាំងទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន្ទឹងរង់ចាំសុភមង្គល តាមសេចក្តីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រីស្តជាព្រះជាម្ចាស់ដ៏ឧត្តមបំផុត និង​ជា​​​ព្រះសង្គ្រោះនៃយើង យា​​​​​​​​​​​​​​​​​​ងមកប្រកបដោយសិរីរុងរឿង។ ព្រះអង្គបានបូជាព្រះជន្ម​របស់​ព្រះ​អង្គផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឱ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ត្រមួយទុកសម្រាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ត្រដែលខ្នះខ្នែងប្រព្រឹត្តអំពើល្អ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំនាំដំណឹងល្អមួយប្រាប់អ្នករាល់គ្នា។ ដំណឹង​​​នេះនឹងធ្វើឱ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលប់
គឺយប់នេះព្រះសង្គ្រោះ​របស់អ្នករាល់គ្នាបានប្រសូតហើយ ទ្រង់ជាព្រះគ្រីស្ត ជាព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,១-១៤

នៅគ្រានោះ ព្រះចៅអធិរាជរ៉ូមុាំងព្រះនាមអូគូស្ត មានព្រះរាជបញ្ជា​ឱ្យជំរឿន​ចំនួន​ប្រជាជនទាំងអស់ក្នុងចក្រភពរ៉ូមុាំងទាំងមូល។ ការជំរឿនប្រជាជន​លើកដំបូង​នេះ​បាន​ធ្វើឡើងក្នុងអំឡុងពេលដែលលោកគីរីញូស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ អ្នក​​ស្រុក​ទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជីតាមស្រុកកំណើតរៀងៗខ្លួន។ រីឯលោក​យ៉ូសែបក៏ចេញ​​ដំណើរភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដាជាភូមិ​កំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។ លោកទៅចុះ​ឈ្មោះជាមួយនាងម៉ារី ជាភរិយាដែលមានផ្ទៃពោះ។ ពេលអ្នកទាំងពីរនៅឯភូមិ​បេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។ នាងសម្រាលបានបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់​ឱ្យ​ផ្ទុំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះ។

ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ ពេល​នោះ​​ទេវទូតរបស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឱ្យគេភ័យខ្លាចយ៉ាងខ្លាំង។ ទេវទូតពោលទៅគេថា៖«កុំខ្លាចអ្វីឡើយ! ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឱ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលប់ គឺយប់នេះនៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាបានប្រសូតហើយ ទ្រង់ជាព្រះគ្រីស្តជាព្រះអម្ចាស់។ នេះជាសញ្ញាសម្គាល់ឱ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នានឹងឃើញទារកមួយទើបនឹងកើតមក រុំដោយសំពត់ផ្តេកនៅក្នុង​ស្នូកសត្វ»។

រំពេចនោះ មានទេវទូតច្រើនកុះករចុះពីស្ថានបរមសុខមក រួមជាមួយទេវទូតនោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖«សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឱ្យមនុស្សលោក ដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានប្រកបដោយ​សេចក្តី​សុខសាន្តនៅលើផែនដី!»។

515 Views

Theme: Overlay by Kaira