អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២២
បុណ្យព្រះអម្ចាស់យេស៊ូប្រសូត
ពណ៌ស

បុណ្យព្រះយេស៊ូប្រសូត

ពាក្យ “ណូអែល” ជាពាក្យបារាំង មានន័យថា “កំណើត”។ តាមពិត គ្មាននរណាដឹងច្បាស់ថា ព្រះយេស៊ូប្រសូត្រនៅថ្ងៃណាទេ តែព្រះសហគមន៍បានសន្មតយកថ្ងៃ ២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុណ្យរំឭកថ្ងៃព្រះអង្គប្រសូត ព្រោះចាប់ពីថ្ងៃ ២៥ ធ្នូ តទៅពេលថ្ងៃកាន់តែវែងឡើងបន្តិចម្តងៗ ឯពេលយប់ក៏កាន់តែខ្លីបន្តិចម្តងៗទៅដែរ។ គ្រីស្តបរិស័ទសន្មតយកថ្ងៃ២៥ ធ្នូ ដូច្នេះ ដោយមានបំណងចង់គោរពព្រះយេស៊ូទុកជាពន្លឺដ៏ពិតប្រាកដ ដែលបំភ្លឺមនុស្សលោក។

ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត្រ គ្រីស្តបរិស័ទមិនគ្រាន់តែនាំគ្នាធ្វើបុណ្យរំឭកព្រឹត្តិការណ៍ដែលកើតមានឡើងកាលពីអតីតកាលនោះទេ គឺគេនាំគ្នារិះគិតអំពីអត្ថន័យ កំណើតរបស់ព្រះយេស៊ូនោះវិញ។

ព្រះយេស៊ូពិតជាមនុស្សធម្មតា ដែលស្គាល់សុខ ស្គាល់ទុក្ខ និងទទួលមរណភាពដូចមនុស្សយើងដែរ។ ប៉ុន្តែ ព្រះយេស៊ូក៏ពិតជាព្រះគ្រីស្ត និងពិតជាព្រះបុត្រានៃព្រះជាម្ចាស់ដែរ។ ដោយព្រះគ្រីស្តមានជីវភាពដូចមនុស្សយើងបេះបិទ ជីវភាពរបស់មនុស្សយើងក៏ទទួលអត្ថន័យថ្មី និងទទួលតម្លៃដ៏ថ្លៃថ្នូរបំផុត។ ព្រះអង្គរួមសាមគ្គីជាមួយមនុស្សយើង ទ្រង់បង្ហាញសេចក្តីស្រឡាញ់របស់ព្រះបិតាចំពោះមនុស្សលោក ហើយក៏ស្រឡាញ់ព្រះបិតាក្នុងនាមមនុស្សយើងដែរ។

ព្រះយេស៊ូយាងមកនាំផ្លូវមនុស្សលោក ឆ្ពោះទៅកាន់ព្រះបិតា។ ព្រះយេស៊ូយាងមកសំរុះសំរួលមនុស្សលោក ដែលទាស់ទែងគ្នា។ ព្រះយេស៊ូយាងមកបង្ហាញឱ្យដឹងថា មនុស្សគ្រប់ៗរូបមានកិត្តិយសខ្ពង់ខ្ពស់ ទោះខ្លួនជាអ្នកមានក្តី ជាអ្នកក្រក្តី ឬជាជាតិសាសន៍ណាក្តី ក៏ជីវិតមនុស្សយើងមានតម្លៃដ៏ថ្លៃថ្នូរបំផុតដែរ។ សព្វថ្ងៃនេះ ព្រះអង្គគង់នៅក្នុងពិភពលោកយើងនេះ។

អភិបូជានៅពេលព្រឹកព្រហាម

អត្ថបទទី
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦២,១១-១២

ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែលរស់នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅនេះ៖«ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើលហ្ន៎៎! ព្រះសង្គ្រោះរបស់អ្នកទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នកដែលព្រះអង្គបានលោះមកជាមួយផង!។ ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។ គេនឹងហៅអ្នកទាំងនោះថា”ប្រជារាស្ត្រដ៏វិសុទ្ធ”“ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះមកវិញ”។ រីឯអ្នកវិញ មនុស្សម្នានឹងហៅអ្នកថា “ទីក្រុងបណ្តូលចិត្ត” “ក្រុងដែលគេមិនបោះបង់ចោលទៀតឡើយ”។

ទំនុកតម្កើងលេខ ៩៧, ១.៦.១១-១២ បទពាក្យ ៧

១.ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទាំងឡាយផងអសប្បាយ ។
៦.ផ្ទៃមេឃក៏បានស្រែកប្រកាសពីក្តីសប្បុរសល្អថ្កើងថ្កាន
ឱ្យប្រជារាស្ត្រទាំងប៉ុន្មាននៅគ្រប់ទីស្ថានបានដឹងយល់ ។
១១.មានទាំងពន្លឺបំភ្លឺមនុស្សមានចិត្តសប្បុរសសុចរិតថ្លា
ជនដែលទៀងត្រង់គ្រប់អាត្មាអរឥតឧបមាសប្បាយក្រៃ ។
១២.ឱ! ពួកអ្នកសុចរិតទាំងឡាយចូរអ្នករីករាយកុំគិតអ្វី
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃប្រព្រឹត្តរាល់ថ្ងៃកន្លងមក ។

អត្ថបទទី
សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនលោកទីតូស ទត ៣,៤-៧

នៅពេលដែលព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំ បានសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក ព្រះអង្គបានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើង ដោយលាងជម្រះយើងឱ្យបានកើតជាថ្មី និងប្រទានឱ្យយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ ដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ និងឱ្យយើងបានទទួលជីវិតអស់កល្បជានិច្ច ទុកជាមត៌កតាមសេចក្តីសង្ឃឹមរបស់យើង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២,១៤

អលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពស់បំផុត
ហើយសូមឱ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គបានប្រកបដោយសេចក្តីសុខសាន្តនៅលើផែនដី។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,១៥-២០

ពួកទេវទូតត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគង្វាលបបួលគ្នាថា៖«ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្តែងឱ្យយើងដឹងនោះមើល៍»។ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅឃើញនាងម៉ារី លោកយ៉ូសែបព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀងរាប់អំពីសេចក្តីដែលទេវទូតបានប្រាប់អំពីព្រះឱរសនេះ។ អស់អ្នកដែលបានឮ ពួកគង្វាលនិយាយនឹកឆ្ងល់យ៉ាងខ្លាំង។ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញ បានឮ ស្របតាមសេចក្តីដែលទេវទូតបានប្រាប់គេឥតមានខ្វះត្រង់ណាឡើយ។

440 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged
Theme: Overlay by Kaira